(ក្រចេះ)៖ លោកស្រី ស៊ុន សាភឿន តំណាងរាស្ត្រមណ្ឌលខេត្តក្រចេះ អនុប្រធានក្រុមការងារគណបក្ស ចុះមូលដ្ឋានខេត្តក្រចេះ ប្រធានក្រុមការងារគណបក្ស ចុះជួយឃុំហាន់ជ័យ និងជាប្រធានក្រុមការងារសមាគមនារីកម្ពុជា ដើម្បីសន្តិភាព និងអភិវឌ្ឍន៍ «ន.ក.ស.អ» ថ្នាក់កណ្ដាលចុះជួយខេត្តក្រចេះ បានអញ្ជើញជួបសំណេះសំណាលជាមួយក្រុមការងារសមាគម «ន.ក.ស.អ» ចំនួនប្រមាណជាង ៤០នាក់ ដែលមកពីឃុំទាំង៨ នៃស្រុកឆ្លូង ដើម្បីពង្រឹងគោលជំហរនយោបាយ ត្រៀមការបោះឆ្នោតក្រុមប្រឹក្សាឃុំ-សង្កាត់ នាឆ្នាំ២០២២។
ការអញ្ជើញជួបសំណេះសំណាលនាសៀលថ្ងៃទី០៨ ខែមករា ឆ្នាំ២០២១ ម្សិលមិញ ក្នុងគោលបំណងដើម្បីពង្រឹង ស្មារតីសតិអារម្មណ៍ និងគោលជំហរនយោបាយ សម្រាប់ត្រៀមជួយគណបក្សប្រជាជនកម្ពុជា ដណ្ដើមយកជ័យជម្នះក្នុងការបោះឆ្នោតក្រុមប្រឹក្សាឃុំ-សង្កាត់ នាឆ្នាំ២០២២ និងបោះឆ្នោតជ្រើសតាំងតំណាងរាស្ដ្រនៅឆ្នាំ២០២៣ខាងមុខ ដើម្បីឱ្យសម្ដេចតេជោ ហ៊ុន សែន ដឹកនាំប្រទេសជាកម្ពុជា ឱ្យបន្តទៅរកការរីកចម្រើន សុខសន្តិភាព ស្ថិរភាពនយោបាយ និងអភិវឌ្ឍន៍លើគ្រប់វិស័យ។
ជាមួយគ្នានេះដែរ លោកស្រី ស៊ុន សាភឿន ក៏បានលើកឡើងអំពីការអភិវឌ្ឍឥតឈប់ឈរលើគ្រប់វិស័យ និងសមិទ្ធិផលធំៗដែលរាជរដ្ឋាភិបាលសម្រេចបាន ជាពិសេសភាពជោគជ័យជាប្រវត្តិសាស្ត្រនៃការរកឃើញដំណក់ប្រេងដំបូង ក្រោមការខិតខំប្រឹងប្រែង របស់សម្ដេចតេជោ ហ៊ុន សែន ដែលជាប្របតិបត្តិករនៃនយោបាយឈ្នះឈ្នះ ដែលបានរំដោះប្រទេសជាតិ និងប្រជាជនកម្ពុជា ចេញពីរបបប្រល័យពូជសាសន៍ និងបានកសាងអភិវឌ្ឍប្រទេសតាំងពីបាតដៃទទេ រហូតមានអ្វីៗគ្រប់យ៉ាងដូចសព្វថ្ងៃ។
លោកស្រី បានណែនាំប្រជាពលរដ្ឋឱ្យបន្តប្រុងប្រយ័ត្នការពារខ្លួនឱ្យបានខ្ជាប់ខ្ជួន តាមប្រសាសន៍ណែនាំរបស់សម្ដេចតេជោ ហ៊ុន សែន និងការណែនាំរបស់ក្រសួងសុខាភិបាល ដើម្បីចូលរួមទប់ស្កាត់ និងជៀសផុតពីជំងឺកូវីដ-១៩ ដែលកំពុងតែរាតត្បាតពាសពេញសកលលោក។
នាឱកាសនោះដែរ លោកស្រី ក៏បានចែកអំណោយជូនប្រជាពលរដ្ឋដែលបានចូលរួមដោយម្នាក់ៗទទួលបានក្រម៉ា សាប៊ូ ម៉ាស ព្រមទាំងថវិកាមួយចំនួនផងដែរ៕