(ភ្នំពេញ)៖ ស្ថានទូតខ្មែរប្រចាំប្រទេសជប៉ុន បានចេញសេចក្តីជូនដំណឹងបន្ទាន់មួយស្តីពីការដាក់ចេញលក្ខខណ្ឌចាំបាច់មួយចំនួនរបស់រដ្ឋាភិបាលជប៉ុន សម្រាប់ពលរដ្ឋខ្មែរចេញចូល និងរស់នៅក្នុងប្រទេសជប៉ុន បន្ទាប់ពីការប្រកាសដាក់ទីក្រុងតូក្យូ ខេត្ត Kanagawa, Saitama, និង Chiba ក្នុងភាពអាសន្នជាលើកទីពីរ ព្រោះតែការរីករាតត្បាតនៃជំងឺកូវីដ១៩នោះ។
យោងតាមសេចក្តីជូនដំណឹងបានបញ្ជាក់ថា យោងតាមវិធានការរបស់រដ្ឋាភិបាលជប៉ុន ដែលចូលជាធរមាននៅយប់ថ្ងៃទី៨ ខែមករា សម្រាប់ប្រទេសកម្ពុជានេះរួមមាន៖
១៖ ប្រជាពលរដ្ឋខ្មែរដែលចូលជប៉ុនតាមរយៈច្រកចូលសម្រាប់ការស្នាក់នៅ (Residence Track) ធានាដោយក្រុមហ៊ុន ឬអង្គភាពនានា ត្រូវមានលិខិតបញ្ជាក់អវិជ្ជមានកូវីដ១៩ ក្នុងរង្វង់ ៧២ម៉ោងមុនចេញដំណើរ ហើយត្រូវធ្វើតេស្តម្ដងទៀតពេលមកដល់ជប៉ុន។ ក្រុមហ៊ុនឬអង្គភាពធានា ត្រូវបំពេញ «កិច្ចសន្យា»ថា ត្រូវអនុវត្តវិធានការទាំងនេះ។ ចំណាយលើការធ្វើតេស្តរកកូវីដ១៩ ពេលមក ដល់ជប៉ុន ជា បន្ទុករបស់រដ្ឋាភិបាលជប៉ុន។
២៖ ប្រជាពលរដ្ឋខ្មែរដែលមានសិទ្ធិស្នាក់នៅ ត្រូវមានលិខិតបញ្ជាក់អវិជ្ជមានកូវីដ១៩ ក្នុងរង្វង់ ៧២ម៉ោង មុនចេញដំណើរ ហើយត្រូវធ្វើតេស្តម្ដងទៀតពេលមកដល់ជប៉ុន។ ក្នុងករណីមិនមានលិខិតបញ្ជាក់អវិជ្ជមានកូវីដ១៩នេះទេ អ្នកដំណើរត្រូវស្នាក់នៅទីតាំងកំណត់ដោយប្រធានស្ថានីយចត្តាឡីស័កជប៉ុន។
អ្នកដំណើរត្រូវធ្វើតេស្តម្ដងទៀតនៅថ្ងៃទី៣។ បើអវិជ្ជមាន ត្រូវទៅធ្វើចត្តាឡីស័កដោយខ្លួនឯងនៅផ្ទះបន្ថែម ឱ្យគ្រប់ ១៤ថ្ងៃ ហើយត្រូវទាញយកកម្មវិធីទូរសព្ទ «Covid-19 Contact-Confirming Application-COCOA» ដើម្បីតាមដានការបំលាស់ទីរបស់អ្នកដំណើរ។
៣៖ វិធានការខាងលើត្រូវអនុវត្តតាមកាលបរិច្ឆេទដូចខាងក្រោម៖
- ធ្វើតេស្តសម្រាប់អ្នកដំណើរទាំងអស់ ដែលមកដល់ជប៉ុន ពីម៉ោង ០០:០០ ថ្ងៃទី០៩ ខែមករា ឆ្នាំ២០២១
- ត្រូវមានលិខិតបញ្ជាក់អវិជ្ជមានកូវីដ១៩ ក្នុងរង្វង់ ៧២ម៉ោងមុនចេញដំណើរ សម្រាប់អ្នកដំណើរ ដែលមកដល់ជប៉ុនពីម៉ោង ០០:០០ ថ្ងៃទី១៣ ខែមករា ឆ្នាំ២០២១
- វិធានការទាំងនេះនឹងត្រូវអនុវត្តរហូតដល់មានការលើកលែងស្ថានភាពអាសន្ន (តាមគម្រោងការប្រកាសភាពអាសន្ននៅត្រូវលើកលែងនៅថ្ងៃទី៧ ខែកុម្ភៈ ឆ្នាំ២០២១)។
ក្នុងករណីបងប្អូនចង់ប្រឹក្សាយោបល់ សូមទាក់ទង៖ ហ្វេសប៊ុកស្ថានទូត Royal Embassy of Cambodia in Japan ឬ ០៨០ ៤៦៨៩ ៩៣៧៤៕