(ភ្នំពេញ)៖ លោក ហែម ដារិទ្ធ ត្រូវបានប្រកាសតែងតាំងជា ប្រធានយុវជនគណបក្សប្រជាជនកម្ពុជា ខណ្ឌពោធិ៍សែនជ័យ និងលោក ព្រាប ម៉ាណែល ជាអនុប្រធាន រួមជាមួយ ប្រធាន អនុប្រធានយុវជនបក្សសង្កាត់, ប្រធាន អនុប្រធានយុវជនបក្ស ភូមិ និងសហគមន៍ និងសមាជិក សមាជិកការយុវជនបក្ស សរុបចំនួន៧៦២រូបថែមទៀត។
ពិធីប្រកាសកែសម្រួល និងបំពេញបន្ថែមសមាសភាពយុវជនគណបក្សមូលដ្ឋានខណ្ឌពោធិ៍សែនជ័យ ធ្វើឡើងនាព្រឹកថ្ងៃទី០៩ ខែមករា ឆ្នាំ២០២១នេះ នៅភូមិចំការឪឡឹក១ សង្កាត់កាកាបទី១ ខណ្ឌពោធិ៍សែនជ័យ ក្រោមអធិបតីភាព លោកទេសរដ្ឋមន្រ្តី ឃុន ហាំង ប្រធានក្រុមការងារថ្នាក់ជាតិ ចុះជួយខណ្ឌពោធិ៍សែនជ័យ, លោក ម៉ប សារិន ប្រធានក្រុមការងារថ្នាក់កណ្តាល ចុះជួយខណ្ឌពោធិ៍សែនជ័យ និងលោក នួន ផារ័ត្ន ប្រធានក្រុមការងារយុវជនគណបក្សប្រជាជនកម្ពុជា រាជធានីភ្នំពេញ។
គោលបំណងសំខាន់ នៃការកែសម្រួល និងបំពេញបន្ថែមសមាសភាពយុវជនគណបក្សមូលដ្ឋាន នាឱកាសនេះ ដើម្បីឈានឆ្ពោះទៅរកភាពជោគជ័យ ក្នុងការបោះឆ្នោតក្រុមប្រឹក្សា ឃុំ សង្កាត់ ឆ្នាំ២០២២ និងបោះឆ្នោតតំណាងរាស្រ្ត ឆ្នាំ២០២៣។
សម្រេចបានគោលដៅនេះ គណៈកម្មាធិការបក្សប្រជាជនខណ្ឌពោធិ៍សែនជ័យ បន្តយកចិត្តទុកដាក់លើចលនាមហាជន និងការចិញ្ចឹមចលនាមនហាជននៅមូលដ្ឋាន ដោយប្រើនូវមធ្យោបាយសរុប កម្លាំងសរុប និងធនធានដែលមានស្រាប់បន្តអនុវត្តន៍តាមគោលការណ៍ (រក្សាចាស់ពង្រីកថ្មី) ពិសេសក្នុងស្រទាប់យុវជនជំនាន់ក្រោយ ដែលជាអ្នកបន្តវេន ព្រោះយុវជន គឺជាកម្លាំងស្នូលរបស់គណបក្ស ដែលគ្រប់កាលៈទេសៈ មិនអាចខ្វះយុវជនបានឡើយ។
ថ្លែងក្នុងឱកាសនោះ លោក នួន ផារ័ត្ន បានលើកឡើងថា យុវជនបក្ស មានភារកិច្ចសំខាន់៥ជាចំបង៖ ទី១៖ បើជាសកម្មជនបក្ស ត្រូវមានឈ្មោះក្នុងបក្ស ក្នុងបញ្ជីឈ្មោះបោះឆ្នោត ជាសកម្មជនដោយស្ម័គ្រចិត្ត និងជាមនុស្សសំខាន់ក្នុងចលនាពង្រីកសមាជិកបក្សបន្តវេន, ទី២៖ ត្រូវក្តាប់ឲ្យបានពីប្រវត្តិបក្ស គោលនយោបាយបក្ស ឯកសារគោលផ្សេងៗ និទិសដៅរបស់បក្ស, ទី៣៖ ត្រូវហ៊ានចេញមុខការពារបក្ស ការពារយុត្តិធ៌ម ភាពស្មោះត្រង់របស់បក្ស និងវាយបកចំពោះទង្វើរបស់បក្សប្រឆាំង តស៊ូមតិគ្រប់កាលៈទេសៈ ដែលបក្សប្រឆាំងរំលោភបំពានមកលើយើង, ទី៤៖ ត្រូវធ្វើជាគំរូល្អ ទាំងក្នុងបរិបទការងារ និងក្នុងការរស់នៅក្នុងសង្គម និងទី៥៖ ជួយកសាងកម្លាំងបក្ស លើការឃោសនា លើកកម្ពស់បក្ស ពង្រឹងបក្សឆ្ពោះទៅរកជ័យជំនះ ក្នុងការបោះឆ្នោត ឆ្នាំ២០២២ -២០២៣ នាពេលខាងមុខ។
ក្នុងឱកាសនោះ ក្នុងនាមគណបក្សប្រជាជនកម្ពុជា រាជធានីភ្នំពេញ លោកបាននាំយកថវិកា ឧបត្តម្ភដល់គណបក្សខណ្ឌ ចំនួន ២លានរៀល, បក្សសង្កាត់ទាំង៧ មួយសង្កាត់១លានរៀល និងសមាជិក សមាជិកបក្ស ដែលបានចូលរួមម្នាក់ៗ ៣ម៉ឺនរៀល និងនាឡិកាបក្ស ម្នាក់១គ្រឿងផងដែរ៕