(កំពង់ធំ)៖ លោក ងួន ញ៉ិល សមាជិកគណៈអចិន្ត្រៃយ៍នៃគណៈកម្មាធិការកណ្តាល និងជាប្រធានក្រុមការងារគណបក្សចុះជួយខេត្តកំពង់ធំ នាថ្ងៃទី០៩ ខែមករា ឆ្នាំ២០២១នេះ បានបើកកិច្ចប្រជុំត្រួតពិនិត្យការងារគណបក្សស្រុកបារាយណ៍ និងស្រុកតាំងគោក ព្រមទាំងបានផ្ដល់អនុសាសន៍ជាច្រើនដល់ថ្នាក់ដឹកនាំ និងសមាជិកបក្សថ្នាក់ស្រុក ដើម្បីបន្តវឌ្ឍនភាពការងារតទៅទៀត។
ក្នុងរបាយការណ៍របស់លោក ថោង ខុន ប្រធានក្រុមការងាររាជរដ្ឋាភុិបាល ចុះ ខេត្តកំពង់ធំនិងប្រធានក្រុមការងារបក្សចុះជួយស្រុកបារាយណ៍ និងស្រុកតាំងគោក បានបង្ហាញអំពីលទ្ធផលការងារសំខាន់ៗដែលរដ្ឋបាលស្រុក និងគណបក្សស្រុកទាំងពីរសម្រេចបាន ដូចជា៖
* ការងារសន្តិសុខ សុវត្ថិភាព សណ្តាប់ធ្នាប់សាធារណៈ៖ កម្លាំងសមត្ថកិច្ចនៃរដ្ឋបាលស្រុកទាំងពីរបានធ្វើការគ្រប់គ្រងសន្តិសុខ សុវត្ថិភាព សណ្តាប់ធ្នាប់សាធារណៈបានល្អប្រសើរ និងពុំមានអ្វីកើតឡើងគួរឲ្យកត់សម្គាល់ទេ។ បានចុះផ្សព្វផ្សាយជាប្រចាំនៅតាមបណ្តាភូមិ ឃុំ ស្តីពីគោលនយោបាយភូមិ-ឃុំមានសុវត្ថិភាព។ បានអនុវត្តតាមលក្ខណៈសម្បត្តិរបស់ភូមិ ឃុំ-សង្កាត់មានសុវត្ថិភាពមាន ៨ យ៉ាង (តាមសេចក្តីព្រាងឯកសារក្រសួងមហាផ្ទៃ)។
* ការងារធ្វើអត្តសញ្ញាណបណ្ណ៖ ស្រុកបារាយណ៍មានប្រជាពលរដ្ឋរួម ១១៩,៥៧២ នាក់ ក្នុងនោះពលរដ្ឋមានអាយុ ១៥ ឆ្នាំឡើងមានចំនួន ៨៧,២០២នាក់ ប្រជាពលរដ្ឋបានធ្វើអត្តសញ្ញាណបណ្ណ ៨៤,៥៧៦ នាក់ (ស្មើនឹង ៩៧%) ប្រជាពលរដ្ឋបានទទួលអត្តសញ្ញាណបណ្ណ ៨៣,៦៨៧ នាក់។ ស្រុកតាំងគោកមានប្រជាជនសរុប ៨០,១៩៨ នាក់ ក្នុងនោះប្រជាពលរដ្ឋមានអាយុ ១៥ ឆ្នាំឡើងត្រូវធ្វើអត្តសញ្ញាណបណ្ណ ៦៣,៦៧៤ នាក់ ក្នុងនោះធ្វើអត្តសញ្ញាណបណ្ណបានចំនួន ៦១,២១៩ នាក់ (ស្មើនឹង ៩៦.១៤%)។
* លទ្ធផលនៃការងារឆ្វៀលដីនៅតំបន់៣៖ ការខិតខំអនុវត្តលើការងារបង្កបង្កើនផល ការងារផ្តល់សេវាសាធារណៈ ការងារអន្តរាគមន៍បូមទឹកសង្គ្រោះស្រូវប្រជាពលរដ្ឋ ការងារជួយសង្គ្រោះប្រជាពលរដ្ឋរងគ្រោះដោយជំនន់ទឹកភ្លៀង ការងារប្រយុទ្ធប្រឆាំងការរីករាលដាលនៃជំងឺកូវីដ១៩ ការងារឧបត្ថម្ភសាច់ប្រាក់ដល់គ្រួសារក្រីក្រ (ក្រ១ និងក្រ២) ដែលរងគ្រោះដោយវិបត្តិជំងឺកូវីដ១៩ ព្រមទាំងការងារបណ្តុះបណ្តាលធនធានមនុស្សផងដែរ។
ក្រោយស្ដាប់នូវរបាយការណ៍ខាងលើ លោក ងួន ញ៉ិល បានលើកឡើងអំពីប្រវត្តិនៃការតស៊ូរបស់គណបក្សប្រជាជនកម្ពុជា ទម្រាំឈានថ្ងៃរំដោះ ៧ មករា ដែលជាថ្ងៃរំដោះប្រជាពលរដ្ឋកម្ពុជាពីរបបប្រល័យពូជសាសន៍ និងការកសាងប្រទេសពីបាតដៃទទេ រហូតដល់មានការអភិវឌ្ឍលើគ្រប់វិស័យដូចពេលបច្ចុប្បន្ន ក្រោមការដឹកនាំរបស់សម្ដេចតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា។
ជាមួយគ្នានោះ លោក ងួន ញ៉ិល ក៏បានផ្ដល់អនុសាសន៍មួយចំនួនដល់រដ្ឋបាលស្រុក និងគណបក្សស្រុកទាំងពីរ ដើម្បីបន្តវឌ្ឍនភាពការងារតទៅមុខ ទាំងផ្នែកសេវាសាធារណៈ និងការងារគណបក្ស ដូចជាត្រូវបន្តខិតខំពង្រឹង និងពង្រីកសមាជិកបក្សតាមសន្ទស្សន៍ដែលប្រធាគណបក្សខេត្តបានដាក់ចុះ ឱ្យបាន ៨០%។ បន្តចុះបំពាក់បំប៉នពង្រឹងគណៈកម្មាធិការគណបក្សឃុំ សាខាភូមិ និងក្រុមបក្សក្នុងការគ្រប់គ្រងមន្រ្តីបក្ស និងសមាជិកបក្ស។ បន្តពង្រឹងការីកំព្យូទ័រស្រុក ឃុំ ឲ្យមានសមត្ថភាពគ្រប់គ្រងសមាជិកបក្សច្បាស់លាស់តាមប្រព័ន្ធព័ត៌មានវិទ្យា និងត្រូវបន្តចុះជាប់នៅមូលដ្ឋាន ដោយចុះសួរសុខទុក្ខប្រជាពលរដ្ឋ គ្រួសារបក្ស សមាជិកបក្ស និងតាមខ្នងផ្ទះ៕