(កំពត)៖ លោក ជាវ តាយ អភិបាលខេត្តកំពត ព្រមទាំងជួរថ្នាក់ដឹកនាំ មន្ត្រីរាជការពាក់ព័ន្ធ នៅថ្ងៃទី៩ ខែមករា ឆ្នាំ២០២១នេះ បាននាំយកនូវឧបករណ៍វាស់កំដៅ និងបាញ់ទឹកអាកុលស្វ័យប្រវត្តិ ចំនួន៩៩គ្រឿង សម្រាប់ប្រើក្នុងគោលដៅ បង្ការទប់ស្កាត់ជំងឺកូវីដ១៩ ដែលជាអំណោយសប្បុរសធម៌ផ្ដល់ដោយក្រុមហ៊ុន (Prudential) ព្រូដិនសល (ខេមបូឌា) ឡាយហ៍ អឹសូរិនស៍ ទៅធ្វើការប្រគល់បែងចែកបន្ត ជូនដល់លោកគ្រូ អ្នកគ្រូ មកពីសាលាបឋមសិក្សា និងមត្តេយ្យសិក្សា ចំនួន៩៩ ក្នុងស្រុក ក្រុងទាំងប្រាំបី ក្នុងខេត្តកំពត។
លោក តាក ហាប់ ប្រធានមន្ទីរអប់រំ យុវជន និងកីឡាខេត្ត បានឲ្យដឹងថា អំណោយឧបករណ៍វាស់កំដៅ និងបាញ់អាកុលស្វ័យប្រវត្តិទាំងអស់នេះ ក្រោយពីទទួលបានហើយ ត្រូវបានធ្វើការបែងចែកជូនដល់ សាលាបឋមសិក្សា មត្តេយ្យសិក្សា នៅតាមបណ្ដាក្រុង ស្រុក ចំនួន៩៩សាលា ក្នុងនោះ ក្រុងកំពត ចំនួន១៣សាលា ស្រុកទឹកឈូ ១៣សាលា ស្រុកកំពង់ត្រាច១២សាលា ស្រុកបន្ទាយមាស១២សាលា ស្រុកអង្គរជ័យ១២សាលា ស្រុកដងទង់១២សាលា ស្រុកឈូក១៣សាលា និងស្រុកជុំគិរី ចំនួន១២សាលា។ ឧបករណ៍ទាំងនេះ គឺចែកទៅដល់សាលាគោលដៅ ក្នុងក្រុងកំពត ជូនដល់គ្រប់សាលាមតេយ្យសិក្សា និងស្រុកទាំង៧ ក្នុងខេត្ត ជូនដល់សាលានៅទីប្រជុំជន។
ក្នុងឱកាសនោះ លោក ជាវ តាយ បានលើកឡើងថា បញ្ហាជំងឺកូវីដ-១៩ គឺបានរាតត្បាតជាសកលក្នុងពិភពលោក ហើយក្នុងនោះ កម្ពុជាយើងក៏បានរងនូវសម្ពាធ ដ៏អាក្រក់នៃជំងឺនេះផងដែរ។ ជុំវិញបញ្ហានេះ ត្រូវបានប្រមុខរាជរដ្ឋាភិបាល សម្ដេចតេជោ ហ៊ុន សែន តែងបានយកចិត្តទុកដាក់យ៉ាងខ្លាំង ពិសេសទៅទៀតនោះ បានដាក់ចេញនូវវិធាការណ៍មុតស្រួចជាបន្តបន្ទាប់នានា ដូចជាការបើក ឬបិទសាលា សម្រាប់សិស្សចូលរៀន នារយៈពេលកន្លងមក គឺដោយសារ រាជរដ្ឋាភិបាល ក៏ដូចជាក្រសួងសុខាភិបាល តែងមានការយកចិត្តទុកដាក់ ព្រួយបារម្ភ ចំពោះសិស្ស ពិសេសសិស្សដែលជាក្មេងតូចនៅមិនទាន់មានការយល់ដឹង ចំពោះបញ្ហាការបង្ការទប់ស្កាត់ជំងឺកូវីដ១៩នេះ។
លោកអភិបាលខេត្ត ក៏បានចាត់ទុកឧបករណ៍ សម្រាប់វាស់កំដៅ និងបាញ់ទឹកអាកុល ដែលមានលក្ខណៈទំនើបស្វ័យប្រវត្តិ ដែលត្រូវបានចែកជូនដល់សាលាទាំងនោះ គឺពិតជាមានសារៈសំខាន់ សម្រាប់សិស្សដែលជាកុមារតូចៗ ដូច្នេះសូមលោកគ្រូអ្នកគ្រូ ត្រូវយកឧបករណ៍នេះ ទៅប្រើប្រាស់ឲ្យបានចំគោលដៅ ដើម្បីប្រយោជន៍រួមគ្នា បង្ការទប់ស្កាត់ជំងឺកូវីដ-១៩ ពិសេសគឺការទប់ស្កាត់ឲ្យបានដាច់ខាត នៃការរីករាលដាលឆ្លងចូលដល់ ក្នុងសហគមន៍ក្នុងខេត្តកំពត ឲ្យបានកាន់តែល្អប្រសើរឡើងថែមទៀត៕