(ក្រចេះ)៖ លោកស្រី ស៊ុន សាភឿន តំណាងរាស្ត្រមណ្ឌលខេត្តក្រចេះ អនុប្រធានក្រុមការងារគណបក្សចុះមូលដ្ឋានខេត្តក្រចេះ ប្រធានក្រុមការងារគណបក្ស ចុះជួយឃុំហាន់ជ័យ និងជាប្រធានក្រុមការងារសមាគមនារីកម្ពុជា ដើម្បីសន្តិភាព និងអភិវឌ្ឍន៍ «ន.ក.ស.អ» ថ្នាក់កណ្ដាលចុះជួយខេត្តក្រចេះ បានអញ្ជើញជួបសំណេះសំណាលជាមួយក្រុមការងារសមាគមនារីកម្ពុជា ដើម្បីសន្តិភាព និងអភិវឌ្ឍន៍ «ន.ក.ស.អ» ចំនួនប្រមាណជាង៤០នាក់ ដែលមកពីឃុំទាំង៨ នៃស្រុកឆ្លូង។
ពិធីនៅរសៀលថ្ងៃទី០៨ ខែមករា ឆ្នាំ២០២១ ធ្វើឡើងដើម្បីពង្រឹងស្មារតីសតិអារម្មណ៍ និងគោលជំហរនយោបាយ សម្រាប់ត្រៀមជួយគណបក្សប្រជាជនកម្ពុជា ដណ្ដើមយកជ័យជំនះ ក្នុងការបោះឆ្នោតក្រុមប្រឹក្សា ឃុំ-សង្កាត់ នាឆ្នាំ២០២២ និងបោះឆ្នោតជ្រើសតាំងតំណាងរាស្ដ្រ នៅឆ្នាំ២០២៣ខាងមុខ ដើម្បីបានសម្ដេចតេជោ ហ៊ុន សែន ជានាយករដ្ឋមន្ត្រី ដឹកនាំប្រទេសជាតិតទៅទៀត ក្នុងសុខសន្តិភាព និងការអភិឌ្ឍ។
លោកស្រី ក៏បានលើកផងដែរ អំពីការអភិវឌ្ឍឥតឈប់ឈរលើគ្រប់វិស័យ និងសមិទ្ធផលធំៗ ដែលរាជរដ្ឋាភិបាលសម្រេច បានជាពិសេស ភាពជោគជ័យជាប្រវត្តិសាស្ត្រ នៃការរកឃើញដំណក់ប្រេងដំបូង ក្រោមការខិតខំប្រឹងប្រែងរបស់សម្ដេចតេជោ ហ៊ុន សែន ប្រតិបត្តិករ នៃនយោបាយឈ្នះឈ្នះ ដែលបានរំដោះប្រទេសជាតិ និងប្រជាជនកម្ពុជា ចេញពីរបបប្រល័យពូជសាសន៍ ហើយបានកសាងអភិវឌ្ឍប្រទេសតាំងពីបាតដៃទទេរហូតមានអ្វីៗ គ្រប់យ៉ាងដូចសព្វថ្ងៃ។
មុននឹងបញ្ចប់ លោកស្រី ស៊ុន សាភឿន បានណែនាំដល់បងប្អូនឲ្យបន្តប្រុងប្រយ័ត្នការពារខ្លួនឲ្យបានខ្ជាប់ខ្ជួន តាមប្រសាសន៍ណែនាំរបស់សម្ដេចតេជោ និងការណែនាំរបស់ក្រសួងសុខាភិបាល ដើម្បីចូលរួមទប់ស្កាត់ និងចៀសផុតពីជំងឺកូវីដ១៩ ដែលកំពុងតែរាតត្បាតពាសពេញសកលលោក។ នាឱកាសនោះ លោកស្រី បានជូនអ្នកចូលរួមម្នាក់ៗនូវ ក្រម៉ា សាប៊ូ ម៉ាស់ ព្រមទាំងថវិកាមួយចំនួនផងដែរ៕