(បាត់ដំបង)៖ នៅល្ងាចថ្ងៃទី៨ ខែមករា ឆ្នាំ២០២១ ពលករខ្មែរ ប្រុស ស្រី សរុបចំនួន៤៨នាក់ ត្រូវបានយោធាថៃបញ្ជូនត្រឡប់មកវិញតាមច្រករបៀងចក្រី ស្ថិតក្នុងភូមិទឹកផុស ឃុំអង្គបាន ស្រុកសំពៅលូន ខេត្តបាត់ដំបង។
សកម្មភាពនៃការបញ្ជូនពលករខ្មែរ តាមច្រករបៀងខាងលើ បានសហការជាមួយកម្លាំងនគរបាលការពារព្រំដែនគោក លេខ៨១៧ និងកម្លាំងយោធាកងពលតូចលេខ៥០១ រង់ចាំទទួលពលករទាំងអស់នោះយកទៅធ្វើចត្តាឡីស័កដើម្បីការពារ និងទប់ស្កាត់ជំងឺកូវីដ-១៩។
ប្រភពព័ត៌មានពីសមត្ថកិច្ចមូលដ្ឋាន បានឲ្យដឹងថា ការបញ្ជូនពលករខ្មែរ មកកាន់ទឹកដីកម្ពុជាវិញមានចំនួន២លើក ក្នុងថ្ងៃដដែលលើកទី១៖ នៅវេលាម៉ោង៣និង១៥នាទី មានមនុស្សចំនួន២៤នាក់ និងលើកទី២៖ ចំនួន២៤នាក់ទៀត នៅវេលាម៉ោង៦និង២០នាទីល្ងាចមិញ។
បច្ចុប្បន្ននេះ ពលករទាំង៤៨នាក់ ត្រូវបានសមត្ថកិច្ចប្រមូលយកទៅស្នាក់នៅក្នុងអនុវិទ្យាល័យកូនភ្នំ៣២ ស្ថិតក្នុងស្រុកសំពៅលូន ខេត្តបាត់ដំបង ចំនួន១៤ថ្ងៃសិន ដើម្បីឲ្យក្រុមគ្រូពេទ្យជំនាញយកសំណាកពិនិត្យក្រែងមានផ្ទុកជំងឺកូវីដ-១៩។
ដោយឡែកប្រសិនបើការធ្វើចត្តាឡីស័កចំពោះពលករទាំងអស់នោះហេីយ គ្មានជំងឺកូវីដ-១៩ទេ សមត្ថកិច្ចក៏ដូចជាគ្រូពេទ្យនឹងអនុញ្ញាតឱ្យវិលត្រឡប់ទៅស្រុកកំណើតវិញ៕