(បន្ទាយមានជ័យ)៖ ស្នងការនគរបាល ខេត្តបន្ទាយមានជ័យ លោកឧត្តមសេនីយ៍ទោ អាត់ ខែម បានបន្តដាក់ផែនការដល់កងកម្លាំង នគរបាលរបស់ខ្លួន ទាំងអស់ត្រូវពង្រឹង និងបង្កើនសកម្មភាពរក្សាសន្តិសុខ ទប់ស្កាត់បទល្មើសនានា កាន់តែខ្លាំងជូនប្រជាពលរដ្ឋ ជាពិសេសនោះ គឺការសម្រួលផ្តល់សេវាសាធារណៈ ជូនពួកគាត់កាន់តែប្រសើរឡើងថែមទៀត។
ការដាក់ផែនការរបស់ លោកឧត្តមសេនីយ៍ស្នងការខាងលើនេះ បានធ្វើឡើងនាព្រឹកថ្ងៃទី១៩ ខែកុម្ភៈ ឆ្នាំ២០១៦ ក្នុងកិច្ចប្រជុំប្រចាំខែ ដោយមានការអញ្ជើញចូលរួមពីស្នងការរង នាយ-នាយរង ការិយាល័យ អធិការ-អធិការរងក្រុង-ស្រុក មេបញ្ជាការវរៈទាំង៤ នាយប៉ុស្តិ៍រដ្ឋបាល នាយប៉ុស្តិ៍វរៈ និងមន្រ្តីនគរបាលមួយចំនួនទៀត។
នៅចំពោះមុខកងកម្លាំងរបស់ខ្លួន លោកឧត្តមសេនីយ៍ អាត់ ខែម បានបញ្ជាក់ថា «យើងត្រូវបង្កើនរក្សាសន្តិសុខ ទប់ស្កាត់អំពើលួច ឆក់ ប្លន់ តាមមូលដ្ឋានតាមរយៈការបង្កើនការយាមល្បាត ទាំងយប់ទាំងថ្ងៃ ជាពិសេសពង្រឹងកម្លាំងនៅតាមគោលដៅដែលងាយរងគ្រោះដូចជាកន្លែងដូរលុយ លក់មាស ផ្ទេរប្រាក់ និងទីប្រជុំជនជាដើម»។
ជាមួយគ្នានេះ សម្រាប់បទល្មើសគ្រឿងញៀនវិញ លោកឧត្តមសេនីយ៍ បានជំរុញបន្តចុះស្រាវជ្រាវ និងបង្ក្រាបកាន់តែខ្លាំងឡើង នៅតាមភូមិ-ឃុំ ហើយតាមចាប់មុខសញ្ញាដែលនៅសេសសល់ឲ្យខាងតែម្តង។ ងាកទៅស្ថានភាពតាមតំបន់ព្រំដែនវិញ លោកស្នងការ ក៏ប្រាប់ទៅកងកម្លាំងពាក់ព័ន្ធត្រូវចុះល្បាត និងធ្វើការទប់ស្កាត់បទល្មើសមួយចំនួនដូចជា ពលករលួចឆ្លងដែន ខុសច្បាប់ ការលួចនាំចូលទំនិញនាំចេញទំនិញ រថយន្តចង្កូតស្តាំ និងអំពើមួយចំនួនទៀតដែលអាចកើតមានឡើងនៅតាម តំបន់នោះ។ សម្រាប់សេវាសាធារណៈដែលត្រូវធ្វើជូនប្រជាពលរដ្ឋ ស្នងការនគរបាលខេត្តបន្ទាយមានជ័យ បានបង្កើនធ្វើ អត្តសញ្ញាប័ណ្ណ តាមរយៈការបន្ថែមម៉ាស៊ីនចល័តដល់ឃុំនៅតំបន់ដាច់ស្រយាលនានា។
ដោយឡែក សម្រាប់ឃាតកនៅលើដងផ្លូវវិញលោកស្នងការ ក៏ណែនាំដល់កងកម្លាំងនគរបាលចរាចរណ៍ចុះអប់រំនិងធ្វើការ ផ្សព្វផ្សាយ ជូនប្រជាពលរដ្ឋជាប្រចាំ ឲ្យពួកគាត់ស្វែងយល់នូវច្បាប់ចរាចរណ៍ផ្លូវគោកថ្មី។ ចុងបញ្ចប់នៃកិច្ចែប្រជុំលោកឧត្តមសេនីយ៍ អាត់ ខែម បានចែកមួកសុវត្ថិភាពប្រមាណ៣០០មួកជូនដល់ មន្រ្តីនគរបាលរបស់ខ្លួនផងដែរ៕