(ភ្នំពេញ)៖ នៅព្រឹកថ្ងៃ០៩ ខែមករា ឆ្នាំ២០២១នេះ អនុសាខាកាកបាទក្រហមកម្ពុជាខណ្ឌចំការមន បានចុះនាំយកអំណោយមនុស្សធម៌របស់សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា ចែកជូនដល់គ្រួសារក្រីក្រចំនួន៩៩គ្រួសារ តាមខ្នងផ្ទះដែលរស់នៅក្នុងសហគមន៍រុងរឿង សង្កាត់ផ្សារដើមថ្កូវ។

ពិធីនេះធ្វើឡើង ក្រោមអធិបតីភាពលោក ថេង សុថុល ប្រធានអនុសាខាកាកបាទក្រហមកម្ពុជាខណ្ឌចំការមន និងលោក ព្រុំ សំខាន់ ប្រធានកិត្តិយសអនុសាខាកាកបាទក្រហមកម្ពុជាខណ្ឌចំការមន ដោយមានការចូលរួមពីលោកចៅសង្កាត់ផ្សារដើមថ្កូវ និងមន្ត្រីខណ្ឌ-សង្កាត់ផងដែរ។

ក្នុងឱកាសនោះ លោក ថេង សុថុល បាននាំនូវការផ្តាំផ្ញើសាកសួរសុខទុក្ខ និងក្ដីនឹករលឹកពីសំណាក់ លោក ឃួង ស្រេង ប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជារាជធានីភ្នំពេញ ជាពិសេសសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប្រធានកាកបាទក្រហមកម្ពុជា ដែលជានិច្ចកាល សម្ដេចតែងតែគិតគូរយកចិត្តទុកដាក់ចំពោះសុខទុក្ខរបស់បងប្អូនប្រជាពលរដ្ឋក្រីក្រ ដែលមានទុក្ខលំបាកជនងាយរងគ្រោះ និងជនរងគ្រោះដោយគ្រោះមហន្តរាយផ្សេងៗ ដោយមិនប្រកាន់ រើសអើងវណ្ណៈ ជាតិសាសន៍ ពណ៌សម្បុរ ឬនិន្នាការនយោបាយអ្វីឡើយ។

ជាមួយគ្នានេះដែរ លោកប្រធានអនុសាខា ក៏បានអំពាវនាវបន្ថែមទៅកាន់ប្រជាពលរដ្ឋទាំងអស់ ឲ្យខិតខំយកចិត្ត ទុកដាក់ថែរក្សាសុខភាពឲ្យបានល្អ ដោយប្រកាន់ខ្ជាប់នូវការហូបស្អាត ផឹកស្អាត និងរស់នៅស្អាត ត្រូវសម្អាតបរិស្ថាន នៅជុំវិញផ្ទះជាដើម។

លើសពីនេះទៅទៀត លោក ថេង សុថុល សូមឲ្យប្រជាពលរដ្ឋ មេត្តាយកចិត្តទុកដាក់ទៅ លើបញ្ហាអនាម័យជាប្រចាំ ដើម្បីចៀសវាងជំងឺឆ្លងផ្សេងៗ ជាពិសេសជំងឺកូវីដ-១៩ ដែលជាជំងឺឆ្លងរាតត្បាតដ៏កាច សាហាវនេះធ្វើឲ្យប្រជាជននៅលើសកលលោក ក៏ដូចជាប្រទេសកម្ពុជា មានការព្រួយបារម្ភផងដែរ ដោយអនុវត្តតាមវិធីងាយៗទៅតាមការណែនាំរបស់ក្រសួងសុខាភិបាល។

ដោយសង្កេតឃើញថា រដូវនេះ ជារដូវរំហើយ លោកអភិបាលខណ្ឌ បានអំពាវនាវដល់ប្រជាពលរដ្ឋប្រុងប្រយ័ត្ន ចំពោះបញ្ហាអគ្គីភ័យ ដោយនៅមុនពេលចេញពីផ្ទះសូមពិនិត្យមើលភ្លើងចង្ក្រាន ទាន ធូប បញ្ហាចរន្តអគ្គិសនី សូមចៀស វាងកុំដាក់ដាំបាយ ដាំទឹក ទុកចោលជាដើម។ លោក ថេង សុថុល ក៏បានប្រាប់ពលរដ្ឋដែរថា បើមានបញ្ហាអ្វីកើតឡើងនៅក្នុងមូលដ្ឋាន សូមទំនាក់ទំនងមករដ្ឋបាលសង្កាត់ ឬមករដ្ឋបាលខណ្ឌដោយផ្ទាល់ ដើម្បីឲ្យក្រុមការងារសង្កាត់-ខណ្ឌ ធ្វើការដោះស្រាយជូនបងប្អូនឲ្យបានទាន់ពេលវេលា។

ក្រោយពីសំណេះសំណាលសួរសុខទុក្ខរួច លោកប្រធាន និងសមាជិក-សមាជិកា អនុសាខាកាកបាទក្រហមកម្ពុជាខណ្ឌ ចំការមន បានផ្ដល់ជូននូវសម្ភារមួយចំនួនដូចជា៖ អង្ករ ចំនួន១បាវ, ទឹកត្រី, ទឹកស៉ីអ៉ីវ, ត្រីខ, មី, សាប៊ូ, ម៉ាស និងបន្តចុះចែកអំណោយដោយផ្ទាល់ដល់ប្រជាពលរដ្ឋដែលរស់នៅក្នុងសហគមន៍រុងរឿង នៅតាមខ្នងផ្ទះផងដែរ៕