(ឧត្តរមានជ័យ)៖ ប័ណ្ណកម្មសិទ្ធដីធ្លីចំនួន ៣២៦ប័ណ្ណ ត្រូវបានប្រគល់ជូនដល់ដៃប្រជាពលរដ្ឋ ២៦៧គ្រួសារ រស់នៅភូមិទួលគ្រួស ឃុំថ្លាត ស្រុកអន្លង់វែង បន្ទាប់ពីដោះស្រាយបញ្ចប់វិវាទជាមួយក្រុមហ៊ុន «ទុំរីងរ៉ាប់ប៊័រ» កាលពីថ្ងៃទី១២ ខែកុម្ភៈ ឆ្នាំ២០១៦ ដែលបានអូសបន្លាយអស់រយៈពេលជាច្រើនឆ្នាំមកនោះ។ ប័ណ្ណដីធ្លីត្រូវបានប្រគល់ជូនប្រជាពលរដ្ឋនាព្រឹកថ្ងៃទី១៩ ខែកុម្ភៈ ឆ្នាំ២០១៦ ដោយលោក ស ថាវី អភិបាលខេត្តឧត្តរមានជ័យ។
សូមបញ្ជាក់ថា ប្រជាពលរដ្ឋ ៣៧២គ្រួសារ និងក្រុមហ៊ុនវិនិយោគលើដីសម្បទានសេដ្ឋកិច្ច «ទុំរីងរ៉ាប់ប៊រ័» បានកើតមានតាំងពីឆ្នាំ២០១១ មកម្ល៉េះ ។ ទំនាស់នេះកើតឡើងដោយសារខាងក្រុមហ៊ុនជំទាស់មិនឲ្យចេញប័ណ្ណកម្មសិទ្ធិជូនប្រជាពលរដ្ឋ ទោះបីប្រជាពលរដ្ឋមានចុងសន្លឹកចេញដោយ ក្រុមយុវនិស្សិតវាស់វែងដីធ្លីរបស់សម្តេចតេជោ ហ៊ុន សែន ក៏ដោយនោះ។
បញ្ហានេះធ្វើឲ្យប្រជាពលរដ្ឋដាក់ពាក្យប្តឹងទៅគ្រប់ស្ថាប័ន រួមទាំងអង្គការសង្គមស៊ីវិលផងដែរ តែទីបំផុតនៅតែមិនអាចដោះស្រាយចេញ។ លុះថ្ងៃទី១២ ខែកុម្ភៈ ឆ្នាំ២០១៦កន្លងទៅនេះ លោក ស ថាវី បានចេញមុខដោះស្រាយបញ្ចប់បញ្ហាទាំងនេះ ដោយបានស្នើឲ្យមន្ទីររៀបចំដែនដីនគរូបនីយកម្ម និងសំណង់ ត្រូវចេញប័ណ្ណកម្មសិទ្ធិជូនប្រជាពលរដ្ឋ និងបញ្ចប់បញ្ហាទាំងស្រុងផងដែរ។ ប័ណ្ណដីធ្លីត្រូវបានធ្វើរួចរាល់ និងប្រគល់ជូនប្រជាពលរដ្ឋត្រឹមតែ ៧ថ្ងៃប៉ុណ្ណោះ ក្រោយដោះស្រាយបញ្ចប់ជម្លោះជាមួយក្រុមហ៊ុន។
លោក ស ថាវី បានថ្លែងក្នុងឱកាសប្រគល់ប័ណ្ណជូនប្រជាពលរដ្ឋថា ក្នុងនាមអជ្ញាធរខេត្ត លោកតែងគិតគូរចំពោះកង្វល់ប្រជាពលរដ្ឋ ពិសេសទាក់ទងបញ្ហាសន្តិសុខសណ្តាប់ធ្នាប់ និង ជម្លោះដីធ្លី។ ករណីនេះលោកតែងតែដាស់តឿនឲ្យអជ្ញាធរ និងសមត្ថកិច្ចតាមមូលដ្ឋាន យកចិត្តទុកដាក់ដោយមិនមានការធ្វេសប្រហែសនោះឡើយ។
លោក ស ថាវី បានបន្តថា រាជរដ្ឋាភិបាលកម្ពុជា ក្រោមការដឹកនាំរបស់សម្តេចតេជោ ហ៊ុន សែន តែងគិតគូរជានិច្ចអំពីសុខទុក្ខរបស់ប្រជាពលរដ្ឋ ពិសេសទាក់ទងបញ្ហាដីធ្លី។
លោក ស ថាវី បានគូសថា «រាល់ទំនាស់កើតឡើង សូមបងប្អូនកុំជឿតាមការញុះញង់របស់គេ អ្នកដោះស្រាយមានតែសមត្ថកិច្ច អាជ្ញាធររបស់រាជរដ្ឋាភិបាលតែប៉ុណ្ណោះ ហើយបើមានបញ្ហាសូមទាក់ទងមកខ្ញុំតាមរយៈទូរស័ព្ទដោយផ្ទាល់»។ បន្ទាប់ពីថ្លែងដូច្នេះ លោកអភិបាលខេត្ត ក៏បានប្រកាសប្រាប់លេខទូរស័ព្ទរបស់លោកជូនប្រជាពលរដ្ឋផងដែរ។
បន្ទាប់ពីទទួលបានប័ណ្ណកម្មសិទ្ធិដីធ្លី ប្រជាពលរដ្ឋបានសម្តែងទឹកមុខញញឹមញញែមរីករាយគ្រប់ៗគ្នា។ តំណាងប្រជាពលរដ្ឋបានសំដែងក្តីត្រេកអរ និងថ្លែងថា «ថ្ងៃនេះពួកខ្ញុំបានប័ណ្ណកម្មសិទ្ធិដីធ្លីកាន់ជាប់នឹងដៃ ពួកខ្ញុំមិនខ្លាចនរណាមករំលោភបំពានទៀតឡើយ។ ពួកខ្ញុំសូមថ្លែងអំណរគុណ លោកអភិបាលខេត្ត លោក គន់ គីម ប្រធានក្រុមការងារថ្នាក់ជាតិចុះជួយខេត្ត ក៏ដូចជាសម្តេចក្រឡាហោម ស ខេង ជាពិសេសសម្តេចតេជោ ហ៊ុន សែន ដែលតែងតែគិតគូរជានិច្ចអំពីសុខទុក្ខរបស់ពួកខ្ញុំ»៕