(ភ្នំពេញ)៖ នៅឆ្នាំ២០២១នេះ សម្រាប់ការប្រឡងជ្រើសរើសមន្ត្រីគយ ត្រូវបានក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ សម្រេចជ្រើសចេញពីមន្ត្រីរាជការស្រាប់ ដើម្បីជួយបន្ថយការចំណាយថវិកា។
អគ្គលេខាធិការដ្ឋានក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បាន Comment ឆ្លើយតបនឹងចម្ងល់របស់សាធារណជន លើក Facebook ផ្លូវការរបស់ខ្លួនថា «ក្នុងគោលដៅកាត់បន្ថយចំណាយ ក្នុងឆ្នាំ២០២១ នេះ ក្រសួងជ្រើសរើសមន្ត្រីគយ ចេញពីមន្ត្រីរាជការស្រាប់ ដោយសារកត្តាចំណាយបន្ទុកបុគ្គលិក ពីព្រោះបេក្ខភាពដែលដាក់ពាក្យប្រឡង ជាមន្ត្រីមានក្របខណ្ឌ និងប្រាក់បៀវត្សស្រាប់ ហើយមន្ត្រីដែលប្រឡងជាប់ នឹងមិននាំឱ្យប៉ះពាល់ទៅលើការកើនឡើងនៃទំហំកញ្ចប់ថវិកាជាតិ ជាពិសេសបញ្ហាប្រឈមដែលកើតមានក្នុងស្ថានភាពនៃការរីករាលដាលកូវីដ១៩។ ទន្ទឹមនេះ ការជ្រើសរើសលើកនេះ ក៏ផ្តល់ឱកាសដល់មន្ត្រីដែលមានសមត្ថភាព និងចំជំនាញពិតប្រាកដ មានឱកាសផ្លាស់ប្តូរអង្គភាពផងដែរ ហើយការជ្រើសរើសវគ្គនេះ ក៏មានចំនួនមិនច្រើនដែរ។ ដោយឡែកនៅពេលបន្ទាប់ ក្រសួងនឹងធ្វើការប្រឡងជ្រើសរើស ចេញពីសិស្សនិស្សិត និងសាធារណជន នៅពេលមានប្រក្រតីភាពនៃការចំណាយថវិកាជាតិឡើងវិញ»។
សូមជម្រាបថា កាលពីថ្ងៃទី០៥ ខែមករា ឆ្នាំ២០២១ បណ្ឌិតសភាចារ្យ ហ៊ាន សាហ៊ីប រដ្ឋលេខាធិការក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បានដឹកនាំកិច្ចប្រជុំ ស្តីពីការប្រឡងប្រជែងជ្រើសរើសបេក្ខជន ជាមន្ត្រីរាជការឱ្យចូលបម្រើការងារ នៅអគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា
កិច្ចប្រជុំនេះ មានគោលបំណងពិនិត្យពិភាក្សា អំពីការរៀបចំនីតិវិធី និងយន្តការនានា ក្នុងការប្រឡងប្រជែងជ្រើសរើសបេក្ខជនជាមន្ត្រីរាជការ ឱ្យចូលបម្រើការងារនៅអគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា ក្នុងឆ្នាំ២០២១ ដើម្បីធានាបាននូវការប្រកួតប្រជែងប្រកបដោយតម្លាភាព និងយុត្តិធម៌៕