(ព្រះវិហារ)៖ សម្ភារជាច្រើនប្រភេទ និងកូនឈើប្រណិត កូនឈើហូបផ្លែជាច្រើនប្រភេទផ្សេងទៀត ត្រូវបានផ្តល់ជូនសហគមន៍ចំនួន៨ ក្នុងស្រុកឆែប ខេត្តព្រះវិហារ សម្រាប់បម្រើឱ្យការងារចុះល្បាតការពារព្រៃឈើ នៅតាមសហគមន៍នីមួយៗ។
ពិធីនេះស្ថិតក្រោមវត្តមានលោក ពឹង ទ្រីដា ប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តព្រះវិហារ ដោយមានការចូលរួមពីមន្រ្តីរដ្ឋបាលព្រៃឈើ អាជ្ញាធរស្រុកឆែប ប្រធាន និងសមាជិកសហគមន៍ជាច្រើនរូបទៀត ស្ថិតនៅទីស្នាក់ការសហគមន៍ព្រៃឈើឆែបលិច ស្ថិតក្នុងស្រុកឆែប នៅថ្ងៃទី៨ ខែមករា ឆ្នាំ២០២១នេះ។
ក្នុងនាមលោក វេង សាខុន រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងលោក ប្រាក់ សុវណ្ណ អភិបាលខេត្តព្រះវិហារ និងក្នុងនាមមន្ទីរកសិកម្មខេត្ត លោក ពឹង ទ្រីដា សូមសំដែងនូវការអរគុណដល់សហគមន៍ព្រៃឈើក៏ដូចជា សមាជិកសហគមន៍ទាំងអស់ ដែលបានចូលរួមចំណែកក្នុងការ ការពារធនធានព្រៃឈើ សត្វព្រៃឱ្យនៅគង់វង្សយូរអង្វែង សម្រាប់ជាប្រយោជន៍ដល់សមាជិកសហគមន៍ក្នុងមូលដ្ឋាន ក៏ដូចជាសម្រាប់ទុកជាកេរ្តិ៍តំណែលកូនចៅជំនាន់ក្រោយៗ។
លោក ពឹង ទ្រីដា បានឱ្យដឹងថា សហគមន៍ព្រៃឈើដែលទទួលបានសម្ភារបម្រើឱ្យការងារល្បាតព្រៃនៅពេលមាននេះមាន៖ សហគមន៍ព្រៃឈើត្រពាំងក្បាលដំរី សហគមន៍ព្រៃឈើឆែបលិច សហគមន៍ព្រៃឈើសង្កែ សហគមន៍ព្រៃឈើខ្លុងត្រពាំងស្អាង សហគមន៍ព្រៃឈើក្រសាំង សហគមន៍ព្រៃឈើសាអែម សហគមន៍ព្រៃឈើភ្នំដំបូក និងសហគមន៍ភ្នំព្រះឥន្ទទ្រង់។ ដោយសាហគមន៍នីមួយៗទទួលបានអង្រឹង ក្រម៉ា អាវភ្លៀង សាក់កាដូ តង់កៅស៊ូ ពិលឆ្លុះ ខ្សែចំណង និងសម្ភារការិយាល័យមួយចំនួន ក៏ដូចជាកូនឈើប្រណិតគ្រញូង និងកូនឈើហីបផ្លែសម្រាប់យកទៅដាំដុះផងដែរ។
ប្រធានមន្ទីរ ក៏បានថ្លែងនូវការណែនាំដល់សហគមន៍ទាំងអស់ ពេលទទួលបានសម្ភារទាំងអស់នេះ ត្រូវថែរក្សាឱ្យបានគង់វង្ស ដើម្បីជាប្រយោជន៍ឱ្យការប្រើប្រាស់បានយូរអង្វែង។ ពិសេសសូមចូលរួមជាមួយរាជរដ្ឋាភិបាល ក្រសួងសុខាភិបាលក្នុងការទប់ស្កាត់ការរីករាលដាលមេរោគកូវីដ-១៩ កុំឱ្យកើតលើយើង ក្រុមគ្រួសារ និងសហគមន៍របស់យើង៕