(ភ្នំពេញ)៖ រាជរដ្ឋាភិបាលកម្ពុជា តាមរយៈទីស្តីការគណៈរដ្ឋមន្ត្រី បានសម្រេចជាថ្មី ដោយប្រគល់អគារទីស្តីការក្រសួងរ៉ែ និងថាមពល ជូនទៅគណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយតែមួយប៉ុណ្ណោះ។ ដោយឡែកអាជ្ញាធរកម្ពុជាគ្រប់គ្រងសកម្មភាពកម្ចាត់មីន និងសង្គ្រោះជនពិការដោយសារមីន និងគណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា រក្សានៅអគារចាស់ដដែល។
យោងតាមលិខិតណែនាំរបស់ទីស្តីការគណៈរដ្ឋមន្ត្រី ដែលអង្គភាពព័ត៌មាន Fresh News ទទួលបាននៅថ្ងៃទី០៨ ខែមករា ឆ្នាំ២០២១ បានគូសបញ្ជាក់ថា ការសម្រេចនេះធ្វើឡើងដោយយោងតាមលិខិតរបស់របស់ខុទ្ធកាល័យសម្តេចតេជោ ហ៊ុន សែន និងការណែនាំដោយផ្ទាល់របស់សម្តេចតេជោ តាមសារអេឡិចត្រូនិច។
សូមបញ្ជាក់ថា កាលពីថ្ងៃទី០៤ ខែមករា ឆ្នាំ២០២១ ទីស្តីការគណៈរដ្ឋមន្ត្រី បានចេញលិខិតមួយដោយផ្តល់ទីតាំងអគារទីស្តីការក្រសួងរ៉ែ និងថាមពល ឱ្យទៅគណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ, អាជ្ញាធរកម្ពុជាគ្រប់គ្រងសកម្មភាពកម្ចាត់មីន និងសង្គ្រោះជនពិការដោយសារមីន និងគណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា។
តែពេលនេះ បានសម្រេចប្រគល់អគារទីស្តីការក្រសួងនេះ ជូនតែគណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយតែមួយប៉ុណ្ណោះ៕