(ភ្នំពេញ)៖ ក្រសួងអប់រំ យុវជន និងកីឡា នៅថ្ងៃទី០៨ ខែមករា ឆ្នាំ២០២១នេះ បានចេញសេចក្ដីជូនដំណឹង ស្ដីពីការចាប់ផ្តើមអនុវត្តបវេសនកាលឆ្នាំសិក្សា ២០២០-២០២១ នៅថ្ងៃទី១១ ខែមករា ឆ្នាំ២០២១ សម្រាប់គ្រឹះស្ថានសិក្សាសាធារណៈ ដោយស្របតាមខ្លឹមសារលិខិតលេខ១១០៩.សជណ ចុះថ្ងៃទី២៩ ខែធ្នូ ឆ្នាំ២០២០ របស់ទីស្តីការគណៈរដ្ឋមន្ត្រី។ នេះបើតាមសេចក្ដីជូនដំណឹងដែលបណ្ដាញព័ត៌មាន Fresh News ទទួលបាន។
ក្នុងក្រសួងអប់រំ បានបញ្ជាក់ទៀតថា ក្នុងដំណើរការឆ្នាំសិក្សាថ្មីនេះ ក្រសួងបានជំរុញឲ្យគ្រឹះស្ថានសិក្សាសាធារណៈទាំងអស់ ឲ្យបន្តយកចិត្តទុកដាក់ លើការអនុវត្តវិធានការសុវត្ថិភាពសុខភាពសិក្សា តាមរយៈការអនុវត្តគោលការណ៍ប្រតិបត្តិស្តង់ដា (SOP) សម្រាប់ដំណើរការសាលារៀនឡើងវិញ ក្នុងបរិបទកូវីដ-១៩ និងគោលការណ៍ប្រតិបត្តិស្តង់ដា (SOP) ស្តីពីសេវារថយន្តដឹកសិស្ស សេវាបណ្ណាល័យ សកម្មភាពអប់រំកាយ និងកីឡា សកម្មភាពសិល្បៈ និងសេវាអាហារដ្ឋាននៅតាមគ្រឹះស្ថានសិក្សាសាធារណៈ និងឯកជន ក្នុងបរិបទជំងឺកូវីដ-១៩។
ជាមួយគ្នានេះ ក្រសួងបានចេញសេចក្តីណែនាំស្តីពី ការអនុវត្តកម្មវិធីសិក្សាបង្រួញ និងកាលវិភាគសិក្សាសម្រាប់គ្រឹះស្ថានមត្តេយ្យសិក្សា មត្តេយ្យសិក្សាសហគមន៍ គ្រឹះស្ថានបឋមសិក្សា និងគ្រឹះស្ថានមធ្យមសិក្សាសាធារណៈ សម្រាប់ឆ្នាំសិក្សា ២០២០-២០២១ ដោយផ្តោតលើការរៀបចំសិស្សក្នុងថ្នាក់ ការបែងចែកកម្មវិធីសិក្សា និងមេរៀនសិក្សា និងការអនុវត្តកម្មវិធីសិក្សាបង្រួញ។
ម៉្យាងវិញទៀត ដើម្បីធានាដំណើរការគ្រឹះស្ថានសិក្សាសាធារណៈ ប្រកបដោយប្រសិទ្ធភាព និងសុវត្ថិភាពក្នុងបរិបទកូវីដ-១៩ ព្រមទាំងចូលរួមបង្ការ និងទប់ស្កាត់ការរីករាលដាល នៃជំងឺកូវីដ១៩ ក្នុងអំឡុងពេល នៃការបើកបវេសនកាល និងដំណើរការឆ្នាំសិក្សា២០២០-២០២១ ក្រសួងបានចេញ សេចក្តីណែនាំស្តីពីការអនុវត្តវិធានការសុវត្ថិភាពសិក្សា ក្នុងបវេសនកាលឆ្នាំសិក្សា២០២០-២០២១ សម្រាប់គ្រឹះស្ថានសិក្សាចំណេះទូទៅសាធារណៈ៕