(ភ្នំពេញ)៖ ក្រុមកីឡាករវាយសីចំនួន ៦ក្រុម បានមកជួបជុំគ្នាប្រកួតកីឡាវាយសីជាមិត្តភាព ដើម្បីចូលរួមអបអរសាទរខួបលើកទី៤២ ទិវាជ័យជម្នះ ៧មករា (៧ មករា ១៩៧៩-៧ មករា ២០២១)។
ការប្រកួតកីឡាវាយសីនេះបានធ្វើឡើងនៅទីលានវាយសីកៀនស្វាយ កាលពីរសៀលថ្ងៃទី៧ ខែមករា ឆ្នាំ២០២១ ដោយមានកីឡាករវាយសី៦ ក្រុមចូលរួមប្រកួតស្មើ១២គូរ ដែលបានអញ្ជើញមកពី៖ ក្រុមកីឡាករវាយសី ក្រសួងការពារជាតិ ក្រុមកីឡាករវាយសី ការិយាល័យអនុព័ន្ធយោធាវៀតណាមប្រចាំកម្ពុជា ក្រុមកីឡាករជម្រើសជាតិខេត្តស្វាយរៀង ក្រុមកីឡាករវាយសីមកពីនាយកដ្ឋានទាក់ទងអន្តរជាតិក្រសួងការពារជាតិ ក្រុមកីឡាការិនី ជម្រើសជាតិ និងក្រុមកីឡាករវាយសីប្រចាំទីលានវាយសីផងដែរ។
ក្នុងឱកាសនោះ បន្ទាប់ពីបានបញ្ចប់ការប្រកួតកីឡាវាយសី ជាលក្ខណៈមិត្តភាព អបអរទិវាជ័យជម្នះ ៧ មករា រួចមក ក្រុមកីឡាករដែលបានចំណាត់ថ្នាក់លេខ១ ត្រូវបានទៅលើក្រុមកីឡាវាយសី មកពីនាយកដ្ឋានទាក់ទងអន្តរជាតិ ក្រសួងការពារជាតិ ហើយត្រូវបានលោក ម៉ឹង សំផន រដ្ឋលេខាធិការក្រសួងការពារជាតិ ប្រគល់រង្វាន់លើកទឹកចិត្តជូនមាន៖ មូតូ១គ្រឿង, មី៥កេស, រ៉ូកែតវាយសី២ និងថវិកាចំនួន ២លានរៀល។
ក្រៅពីនេះ លោកក៏បានប្រគល់រង្វាន់លើកទឹកចិត្តដល់ក្រុមកីឡាវាយសីដ៏ទៃទៀត រួមមាន៖ រ៉ូកែត វាយសី មី និងថវិកាផងដែរ។
នាយឧត្តមសេនីយ៍ ម៉ឹង សំផន បានបញ្ជាក់ថា គោលបំណង ប្រកួតកីឡាវាយសី មិត្តភាពនាពេលនេះ គឺដើម្បីអបអរខួបអនុស្សាវរីយ៍លើកទី៤២ ទិវាជ័យជម្នះ ៧មករា ឆ្នាំ២០២១ ដែលជាថ្ងៃបានធ្វើឲ្យប្រជាជនកម្ពុជាទូទាំងប្រទេស បានរស់រានមានជីវិតឡើងវិញ និងមានអ្វីៗគ្រប់បែបយ៉ាងមកដល់សព្វថ្ងៃនេះ៕