(ភ្នំពេញ)៖ លោក កើត រិទ្ធ រដ្ឋមន្ត្រីក្រសួងយុត្តិធម៌ នៅថ្ងៃទី០៨ ខែមករា ឆ្នាំ២០២១នេះ បានអញ្ជើញបំពេញទស្សនកិច្ចនៅទីស្នាក់ការកណ្តាលថ្មីរបស់អង្គភាពព័ត៌មាន Fresh News ស្ថិតនៅតាមបណ្តោយផ្លូវ៥៩៨ សង្កាត់ច្រាំងចម្រេះ២ ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ។ ក្នុងដំណើរទស្សនកិច្ចនៅថ្ងៃនេះ ក៏មានការអញ្ជើញចូលរួមពីលោក នេត្រ ភក្ត្រា ផងដែរ។
វត្តមានរបស់លោក កើត រិទ្ធ និងលោក នេត្រ ភក្ត្រា រដ្ឋលេខាធិការក្រសួងបរិស្ថាន ត្រូវបានស្វាគមន៍យ៉ាងកក់ក្តៅពីលោក លឹម ជាវុត្ថា ស្ថាបនិក និងជានាយកប្រតិបត្តិអង្គភាពព័ត៌មាន Fresh News និងថ្នាក់ដឹកនាំ ព្រមទាំងបុគ្គលិកនៅទីស្នាក់ការកណ្តាលរបស់អង្គភាពព័ត៌មាន Fresh News និងអញ្ជើញទស្សនាក្នុងការិយាល័យ និងបង្ហាញពីការងារនៅក្នុងអង្គភាព។ បន្ទាប់ពីការអញ្ជើញទស្សនកិច្ច និងស្វែងយល់ពីដំណើរការផលិតព័ត៌មានរបស់អង្គភាពហើយនោះ លោក កើត រិទ្ធ, លោក នេត្រ ភក្ត្រា និងលោក លឹម ជាវុត្ថា ក៏បានអញ្ជើញសំណេះសំណាលលើការងារមួយចំនួន។
ជាកិច្ចស្វាគមន៍លោក លឹម ជាវុត្ថា បានគោរពថ្លែងអំណរគុណដល់លោករដ្ឋមន្ត្រីក្រសួងយុត្តិធម៌ និងលោករដ្ឋលេខាធិការក្រសួងបរិស្ថាន ដែលបានចំណាយពេលវេលា ដ៏មានតម្លៃអញ្ជើញទស្សនកិច្ចការិយាល័យអង្គភាពព័ត៌មាន Fresh News និងបានផ្តល់នូវកិច្ចសហការផ្តល់នូវព័ត៌មានពាក់ព័ន្ធប្រព័ន្ធយុត្តិធម៌ និងដំណើរការច្បាប់ ក៏ដូចជាការងារពាក់ព័ន្ធបរិស្ថាននៅកម្ពុជា ដើម្បីផ្សព្វផ្សាយជាការយល់ដឹងដល់សាធារណជន។
លោក កើត រិទ្ធ បានវាយតម្លៃ និងកោតសរសើរខ្ពស់ចំពោះភាពប៉ិនប្រសប់របស់ថ្នាក់ដឹកនាំអង្គភាព ក្នុងការរៀបចំការិយាល័យផ្តល់នូវបរិយាកាសល្អ សម្រាប់ការបម្រើការងាររបស់បុគ្គលិក។ នៅក្នុងឱកាសនេះលោករដ្ឋមន្រ្តី ក៏បានឆ្លៀតសរសើរអង្គភាពព័ត៌មាន Fresh News ថា បានរួមចំណែកជួយរក្សាដល់ស្ថេរភាព និងសណ្តាប់ធ្នាប់សង្គម តាមរយៈការផ្សព្វផ្សាយព័ត៌មានពិតច្បាស់លាស់ ឆ្លើយតបព័ត៌មានទុច្ចរិតមួយចំនួនដែលប៉ុនប៉ងបំផ្លាញសុខសន្តិភាពរបស់កម្ពុជា។
លោក កើត រិទ្ធ បានលើកឡើងថា «ព័ត៌មានមានអំណាចធំធេងក្នុងការជួយរក្សាសន្តិសុខសណ្តាប់ធ្នាប់ និងស្ថេរភាពសង្គម។ Fresh News បានចូលរួមចំណែកក្នុងកិច្ចការនេះ ដោយបានផ្សព្វផ្សាយនូវព័ត៌មានពិតច្បាស់លាស់ជូនសាធារណជន ទប់ស្កាត់ព័ត៌មានញុះញង់ និងបំបែកបំបាក់មួយចំនួន»។
លោក នេត្រ ភក្ត្រា ក៏បានថ្លែងកោតសរសើរអង្គភាពព័ត៌មាន Fresh News ថា បានទទួលជោគជ័យធំ ដោយបានកសាងនូវទំនុកចិត្ត និងទាក់ទាញបានមិត្តអ្នកអានច្រើន។ លោក នេត្រ ភក្ត្រា បានលើកឡើងយ៉ាងដូច្នេះ «សម្រាប់ Fresh News ទាំងអ្នកមាននិន្នាការគាំទ្រ ឬមិនគាំទ្ររាជរដ្ឋាភិបាល សុទ្ធតែបានដក់អារម្មណ៍ជាមួយ Fresh News។ នៅពេល Fresh News ចេញរឿងធំៗមួយទៅទោះរវល់អីក៏ត្រូវមើល Fresh News សិនដែរ»។
សូមបញ្ជាក់ថា ទីស្នាក់ការកណ្តាលថ្មីផ្ទាល់ខ្លួនជាលើកដំបូងរបស់អង្គភាពព័ត៌មាន Fresh News ត្រូវបានសម្ពោធជាផ្លូវការកាលពីថ្ងៃ១២ ខែធ្នូ ឆ្នាំ២០២០។ អគារការិយាល័យថ្មីផ្ទាល់ខ្លួនដំបូងក្រោយអង្គភាពព័ត៌មាន Fresh News បដិសន្ធិឡើងជិត៦ឆ្នាំនេះ មានកម្ពស់ ៤ជាន់ ចែកចេញជាបន្ទប់សម្រាប់ផលិតព័ត៌មានវីដេអូ, បន្ទប់ថតកម្មវិធីសិល្បៈ, កន្លែងផលិតព័ត៌មាន, បន្ទប់ផ្ទុកទិន្នន័យ (Data Center), បន្ទប់ប្រជុំ, កន្លែងអានសៀវភៅ, កន្លែងហាត់ប្រាណ, កន្លែងពិសារកាហ្វេ, អាហារដ្ឋាន និងមានកន្លែងសម្រាប់រៀបចំពិធីជប់លៀងផងដែរ។
ផ្តើមចេញពីការយកចិត្តទុកដាក់ខ្ពស់ចំពោះសុខភាព និងអារម្មណ៍របស់បុគ្គលិកនោះ លោក លឹម ជាវុត្ថា និងលោក គឹម ម៉េង ជាសហស្ថាបនិក បានផ្ទិតផ្ចង់ជាខ្លាំងលើការរចនាអគារទាំងផ្ទៃខាងក្នុង និងខាងក្រៅឱ្យមានសោភ័ណភាព និងការទាក់ទាញ។ បរិវេណអគារត្រូវបានរៀបចំដោយរំលេចដោយរុក្ខជាតិមួយចំនួន ហើយក៏មានកន្លែងសម្រាប់បុគ្គលិកលំហែអារម្មណ៍ផងដែរ ដើម្បីកាត់បន្ថយភាពតានតឹងជាមួយការងារ៕