(កណ្ដាល)៖ បុរសម្នាក់ជាប់ចោទពីបទ លួចរថយន្តត្រូវបានលោក ផូង វណ្ណ ចៅក្រមស៊ើបសួរ សាលាដំបូងខេត្តកណ្ដាល សម្រេចឃុំខ្លួន ដាក់ពន្ធនាគារ ដើម្បីរង់ចាំការស៊ើបអង្កេត បន្តទៀតនៅថ្ងៃទី១៩ ខែកុម្ភៈ ឆ្នាំ២០១៦។
បុរសរូបនេះឈ្មោះ ហេង សុជាតិ ហៅម៉ៅ អាយុ៣៤ឆ្នាំ រស់នៅភូមិថ្មី ឃុំខ្សាម ស្រុករលាប្អៀរ ខេត្តកំពង់ឆ្នាំង ត្រូវបានចោទប្រកាន់ ពីបទលួច តាមមាត្រា៣៥៣ និង៣៥៦ នៃក្រមព្រហ្មទណ្ឌ។

បទល្មើសនេះកំណត់ការផ្តន្ទាទោសពី៦ខែទៅ៣ឆ្នាំ និងពិន័យជាប្រាក់ពី ១លានរៀលទៅ៦លានរៀល។ ជនសង្ស័យត្រូវបាន នគរបាលស្រុកកៀនស្វាយ ឃាត់ខ្លួនកាលពីថ្ងៃទី១៧ ខែកុម្ភៈ ឆ្នាំ២០១៦។

ចំណែកបក្ខពួកម្នាក់ទៀតឈ្មោះ ចក់ បានរត់គេចខ្លួន។ ពាក់ព័ន្ធករណីនេះ ប្រភពព័ត៌មានបានឲ្យដឹងថា មុនពេលកើតហេតុ ជនរងគ្រោះបានទុករថយន្តរបស់ខ្លួន ម៉ាក ហ៊ីយ៉ាន់ដាយ ផត ធឺ ពណ៌ស ស្ថិតនៅ ចំណុចបណ្ណាគារសេនសឺ ផ្ទះ៦៧០BC ផ្លូវ២៧១ សង្កាត់ផ្សារដើមថ្កូវ ខណ្ឌចំការមន ។ ស្រាប់តែជនល្មើសទាំង២នាក់ ជិះរថយន្ត មួយគ្រឿងម៉ាក Camry Hybrid ពណ៌ស្ករ ពាក់ស្លាកលេខភ្នំពេញ 2V-0220 មកធ្វើ សកម្មភាពលួចរថយន្ត ។ ប៉ុន្តែជនរងគ្រោះ ចាប់តាមកាមេរ៉ា ក៏ដឹងថាក្រុមជនល្មើស ទាំងពីរនាក់ បើកសំដៅទៅកៀនស្វាយ ក៏ប្តឹងទៅសមត្ថកិច្ច តាមចាប់ខ្លួនតែម្តង ៕