(ភ្នំពេញ)៖ គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត គ.ជ.ប នៅថ្ងៃទី០៨ ខែមករា ឆ្នាំ២០២១នេះ បានចេញសេចក្ដីថ្លែងការណ៍ ឆ្លើយតបនឹងគណបក្សសសម្ព័ន្ធដើម្បីប្រជាធិបតេយ្យ LDP ជុំវិញការបដិសេធមិនស្គាល់លទ្ធផល នៃការចុះឈ្មោះបោះឆ្នោត ឆ្នាំ២០២០។ នេះតាមសេចក្តីថ្លែងការណ៍របស់ គ.ជ.ប ដែលអង្គភាពព័ត៌មាន Fresh News ទទួលបាននៅព្រលប់ថ្ងៃទី០៨ ខែមករានេះ។
ក្នុងសេចក្តីថ្លែងការណ៍បានឱ្យដឹងថា ក្នុងមួយអាណត្តិកន្លងមកគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) ពុំដែលយកភាគីពាក់ព័ន្ធទាំង១១ ណាមួយពាក់ព័ន្ធនឹងការបោះឆ្នោតជាសត្រូវនោះទេ ទាំងអតីតគណបក្ស សង្គ្រោះជាតិ (CNRP) នៅក្នុង គ.ជ.ប ទាំង អង្គការមិនមែនរដ្ឋាភិបាល (NGO) ក្នុងស្រុកដែលស្ថិតនៅក្នុងគ្រប់ទម្រង់ ទាំងអង្គការអន្តរជាតិនានាដែលមកចូលរួម ទាំងប្រទេសជាមិត្តមួយចំនួន ដែលចូលមកជួយដោយស្មោះ ក្នុងការរៀបចំការបោះឆ្នោតទាំងថ្នាក់មូលដ្ឋាន ទាំងថ្នាក់ជាតិ ដោយជួយទាំងមធ្យោបាយ សម្ភារបោះឆ្នោត ជាពិសេស គឺអ្នកជំនាញការបោះឆ្នោតពូកែៗមកនៅជាមួយ គ.ជ.ប តាំងពីដើមរហូតដល់ចប់ ដោយយើងតែងធ្វើការជាមួយគ្នា ប្រកបដោយភាពសុខដុមរមនា ស្ដាប់មតិគ្នាទៅវិញទៅមក សំដៅរៀបចំ ការបោះឆ្នោតឱ្យបានយុត្តិធម៌ល្អបំផុត ដែលគ្មានភាគីពាក់ព័ន្ធណាមួយ គេអាចបដិសេធបាននោះទេ។
លទ្ធផលដែលកើតចេញពីការបោះឆ្នោតដោយសេរី ត្រឹមត្រូវ និងយុត្តិធម៌ គឺនាំឱ្យកើតស្ថិរភាពស្រុកទេស មានការរីកចម្រើន និងការអភិវឌ្ឍ។ ក្នុងន័យនេះ គ.ជ.ប ពិតជាមិនចង់បាននៅក្រោយការបោះឆ្នោត កើតឡើងនូវអស្ថិរភាពសង្គម និងវិបត្តិនានា ដែលនឹងនាំឱ្យអសកម្មដល់ដំណើរការប្រកបរបរចិញ្ចឹមជីវិតជាប្រក្រតីប្រចាំថ្ងៃរបស់ម្ចាស់ឆ្នោតនោះទេ។
ការពិនិត្យបញ្ជីឈ្មោះ និងការចុះឈ្មោះបោះឆ្នោត ឆ្នាំ២០២០ បានប្រព្រឹត្តទៅដោយរលូន និងជោគជ័យ។ គ.ជ.ប ត្រេកអរយ៉ាងខ្លាំងចំពោះភាគីពាក់ព័ន្ធដែលបានសាទរចំពោះលទ្ធផលដ៏ល្អប្រសើរនេះ។ ប៉ុន្តែ គ.ជ.ប សោកស្ដាយដោយសារគណបក្សសម្ព័ន្ធដើម្បីប្រជាធិបតេយ្យ (LDP) បានបដិសេធមិនទទួលស្គាល់លទ្ធផលនៃការចុះឈ្មោះបោះឆ្នោត ថែមទាំង មានការតិះដៀល ស្អប់ខ្ពើមស្ថាប័នជាតិសាសន៍ខ្លួនឯង រួមមាន គ.ជ.ប ដែលជាអាជ្ញាកណ្ដាល ហើយបដិសេធដល់ក្រុមប្រឹក្សា ធម្មនុញ្ញ ដែល ជាស្ថាប័នកំពូលសម្រេចលើបណ្ដឹងចុងក្រោយបិទផ្លូវតវ៉ាថែមទៀត។
គ.ជ.ប សង្កេតឃើញថា ចាប់តាំងពីការចាប់ផ្ដើមការដាក់ភ្នាក់ងារគណបក្សនយោបាយ គណបក្សសម្ព័ន្ធដើម្បីប្រជាធិបតេយ្យ បានព្យាយាមបង្កើតជាបញ្ហាផ្សេងៗមិនឈប់ឈរ ដូចជាបង្កើត ទម្រង់ប្រើប្រាស់សម្រាប់ភ្នាក់ងារគណបក្សនយោបាយ ដើម្បីសង្កេត មើលការចុះឈ្មោះបោះឆ្នោត ដែលទម្រង់នេះខុស ពីនីតិវិធីរបស់ គ.ជ.ប គឺទម្រង់បែបបទពាក្យសុំចុះឈ្មោះភ្នាក់ងារគណបក្សនយោបាយ (ទ.១០០៧) ដែលទម្រង់នេះគេអាចទាញយកបានយ៉ាងស្រួលពីគេហទំព័ររបស់ គ.ជ.ប។
ស្ទើរតែគ្រប់ការិយាល័យចុះឈ្មោះបោះឆ្នោតទូទាំងប្រទេស នៅពេលសង្កេតការណ៍ក្នុងការិយាល័យចុះឈ្មោះបោះឆ្នោត ភ្នាក់ងារគណបក្សនេះបានបង្កការអុកឡុកនៅក្នុងការិយាល័យចុះឈ្មោះ ដោយមានការឈ្លោះប្រកែកគ្នាជាមួយមន្ត្រីចុះឈ្មោះបោះឆ្នោត រួចធ្វើសកម្មភាពលួចថតរូបភាព ថតសំឡេង និងទាញកញ្ឆក់យកឯកសាររបស់សាមីខ្លួនអ្នកចុះឈ្មោះ បោះឆ្នោត ដោយ ពុំបានសុំការអនុញ្ញាត៕
ខាងក្រោមនេះជាសេចក្តីថ្លែងការណ៍របស់ គ.ជ.ប៖