(បន្ទាយមានជ័យ)៖ ជនជាតិចិន២នាក់ បានឈ្លោះគ្នាយ៉ាងខ្លាំងឈានទៅដល់យកកាំបិតចុងស្រួចចាក់បំពងក បណ្តាលឱ្យស្លាប់ភ្លាមៗ នៅចំណុចកាស៊ីណូហ្គេនទីងជាន់ទី១១ បន្ទប់លេខ១១១១ ក្រុងប៉ោយប៉ែត ស្ថិតក្នុងភូមិក្បាលស្ពាន១ សង្កាត់ប៉ោយប៉ែត ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ នាវេលាម៉ោង៥ទៀប ភ្លឺថ្ងៃទី៧ ខែមករា ឆ្នាំ២០២១។
បើតាមសមត្ថកិច្ចចុះដល់កន្លែងកើតហេតុ បានឱ្យដឹងថា ករណីឃាតកម្មខាងលើបង្កដោយជនសង្ស័យឈ្មោះ សាយ សឺសាន អាយុ២៨ឆ្នាំ ជាជនជាតិចិន រស់នៅបន្ទប់ជួលបានឈ្លោះប្រកែកគ្នា និងប្រើកាំបិតចុងស្រួចដងជ័រ ពណ៌ខ្មៅប្រវែង៤០សង់ទីម៉ែត្រ ចាក់ទៅលើជនរងគ្រោះឈ្មោះ លីវ យីហ្វុង អាយុ២៧ឆ្នាំ ជនជាតិចិន រស់នៅបន្ទប់ជួលជាមួយជនសង្ស័យ បណ្ដាលឱ្យរងរបួសធ្លាយបំពង់កផ្នែកខាងស្ដាំ ស្លាប់ភ្លាមៗនៅនឹងកន្លែងកើតហេតុ។
ចំណែកជនសង្ស័យខាងលើក្រោយកើតហេតុភ្លាមៗ ត្រូវបានកម្លាំងនគរបាលក្រុងប៉ោយប៉ែត ឃាត់ខ្លួនសួរនាំនៅអធិការ ដើម្បីកសាងសំណុំរឿងទៅតាមនីតិវិធីច្បាប់។
សមត្ថកិច្ចបានបញ្ជាក់ថា នៅក្រុងប៉ោយប៉ែតមួយរយៈនេះ មានករណីជនជាតិចិន កើតឡើងជាញឹកញាប់កើតចេញពីបន្ទប់ស្នាក់នៅក្នុងកាស៊ីណូ ដែលជាប់លំនៅដ្ឋានពលរដ្ឋក្រៅពីតំបន់កាស៊ីណូជាប់ព្រំដែន។ កាស៊ីណូដែលនៅខាងក្រៅជាប់លំនៅដ្ឋានពលរដ្ឋខាងលើ សុទ្ធតែបើកឱ្យខ្មែរចូលលេងយ៉ាងគគ្រឹកគគ្រេងពេលដែលច្រកព្រំដែនអន្តរជាតិ ត្រូវបានបិទមិនឱ្យទេសចរណ៍បរទេសចេញចូលនោះ៕