(ភ្នំពេញ)៖ លោក វង្សី វិស្សុត រដ្ឋមន្រ្តីប្រតិភូអមនាយករដ្ឋមន្រ្តី និងជារដ្ឋលេខាធិការប្រចាំការក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ ដែលជាប្រធានក្រុមការងារទទួលបន្ទុកការចរចា និងការពិគ្រោះយោបល់ទិញវ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ នៅព្រឹកថ្ងៃទី០៨ ខែមករា ឆ្នាំ២០២១ នៅទីស្តីការក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុនេះ បានដឹកនាំកិច្ចប្រជុំលើកទី១ នៃក្រុមការងារអន្តរក្រសួងទទួលបន្ទុកការចរចា និងការពិគ្រោះយោបល់ទិញវ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ ដោយមានការអញ្ជើញចូលរួម ពីសំណាក់តំណាងក្រសួងស្ថាប័នពាក់ព័ន្ធ ដែលជាសមាជិកសមាជិកាក្រុមការងារ។
លោក វង្សី វិស្សុត ថ្លែងថា យោងតាមសេចក្តីសម្រេចលេខ ១០៩ សសរ ចុះថ្ងៃទី៣០ ខែធ្នូ ឆ្នាំ២០២០ របស់រាជរដ្ឋាភិបាល, ក្រុមការងារអន្តរក្រសួងមានភារកិច្ចចរចា និងពិគ្រោះយោបល់ជាមួយនឹងដៃគូអភិវឌ្ឍ ទាំងទ្វេភាគីនិងពហុភាគី ក្នុងការទិញវ៉ាក់សាំង ក្នុងទំហំសមល្មមទៅនឹងតម្រូវការជាក់ស្តែងរបស់កម្ពុជា ក្រោមទម្រង់ជំនួយឥតសំណង ឬក្រោមឥណទានសម្បទាន ឬក្រោមថវិកាសប្បុរសជន ឬថវិកាជាតិ ក្នុងតម្លៃសមរម្យ ព្រមទាំងកំណត់មុខសញ្ញាក្រុមហ៊ុនផលិតវ៉ាក់សាំង ដែលមានភាពសមស្របបំផុតទៅនឹងតម្រូវការ និងស្ថានភាពជាក់ស្តែងរបស់កម្ពុជា និងត្រូវបានទទួលស្គាល់លើសុវត្ថិភាព, ប្រសិទ្ធភាព និងគុណភាពជាផ្លូវការពីអង្គការសុខភាពពិភពលោក (WHO)។ ទន្ទឹមនឹងនេះ ក្រុមការងារក៏ត្រូវគិតគូរទៅលើទិដ្ឋភាពភូមិសាស្រ្តនយោបាយអន្តរជាតិ និងឈរលើផលប្រយោជន៍ជាតិជាធំ ក្នុងភាពជាម្ចាស់ប្រទេស និងធានាឱ្យបាននូវការដឹកជញ្ជូនវ៉ាក់សាំងនេះ មកកាន់ប្រទេសកម្ពុជា ប្រកបដោយសុវត្ថិភាព និងប្រសិទ្ធភាពផងដែរ។
លោក វង្សី វិស្សុត បន្តថា ស្ថានភាពនៃការរីករាលដាលនៃជំងឺកូវីដ-១៩ រហូតមកទល់នឹងនេះ មិនទាន់ចប់នៅឡើយទេ និងហានិភ័យនៅតែមានខ្ពស់។ គិតមកទល់នឹងពេលនេះ ចំនួនអ្នកឆ្លងរហូតដល់ជាង៨៨លាននាក់ និងអ្នកស្លាប់ដោយសារជំងឺនេះដល់ជាង ១,៩ លាននាក់ហើយ ហើយរលកថ្មីនៃការរីករាលដាលនៃជំងឺនេះ បាន និងកំពុងបង្កើតឱ្យមានក្តីបារម្ភថែមទៀត ពិសេសការរំពឹងទុកអំពីការស្រាកស្រាន្តនៃជំងឺកូវីដ-១៩ ដែលអាចនឹងធ្វើឱ្យសេដ្ឋកិច្ចពិភពលោកអាចងើបខ្ពស់ឡើងវិញ។ ជាងនេះទៅទៀត ការងើបឡើងវិញ និងការរីករាលដាលនៃជំងឺកូវីដប្រភេទថ្មី ក៏កាន់តែនឹងបន្ថែមក្តីបារម្ភថែមទៀត។
លោករដ្ឋមន្រ្តីប្រតិភូបន្តថា ទោះពីការអភិវឌ្ឍន៍វ៉ាក់សាំងមកទល់នឹងពេលនេះ កាន់តែរីកចម្រើនទៅមុខ ហើយមានប្រទេសខ្លះ បានចាប់ផ្តើមការចាក់វ៉ាក់សាំងជាបណ្តើរៗក្តី តែចំណោទអំពីប្រសិទ្ធភាពនៃវ៉ាក់សាំងទាំងនោះ នៅតែមិនទាន់មានភាពច្បាស់លាស់ទាំងស្រុងនៅឡើយ ព្រោះពិភពលោកនៅមិនទាន់អាចផ្តើមការចាក់វ៉ាក់សាំងជាទូទៅ ( general vaccine roll out) នៅឡើយទេ ហើយអង្គការសុខភាពពិភពលោក (WHO) ទើបតែផ្តល់ការអនុញ្ញាតឱ្យប្រើប្រាស់វ៉ាក់សាំង Pfizer/BioNTech សម្រាប់តែករណីបន្ទាន់ (emergency use) ប៉ុណ្ណោះ។
តែទោះបីយ៉ាងណាក៏ដោយ លោកបានបន្តថា ពិតណាស់ថា ទោះបីវ៉ាក់សាំងមិនមែនជាដំណោះស្រាយមាសតែមួយគត់ សម្រាប់លុបបំបាត់ជំងឺកូវីដ-១៩ ក្តី, តែវត្តមាននៃវ៉ាក់សាំងក៏មានភាពចាំបាច់ណាស់ សម្រាប់ការយកឈ្នះលើជំងឺកូវីដ-១៩ ទាំងស្រុងដែរ។
លោករដ្ឋមន្រ្តីប្រតិភូបានបន្តថា ជំងឺកូវីដ-១៩ មានភាពពាក់ព័ន្ធយ៉ាងជិតស្និទទៅនឹងសេដ្ឋកិច្ច ពោល គឺប្រសិនបើមិនបានគ្រប់គ្រងស្ថានភាពនៃជំងឺនេះបានល្អនោះទេ នឹងធ្វើឱ្យមានការប៉ះពាល់ដល់សេដ្ឋកិច្ចខ្លាំង។
លោកបានបន្តថា ក្រោមការដឹកនាំដ៏ប៉ិនប្រសព្វ វ័យឆ្លាត និងម៉ឺងម៉ាត់របស់ សម្តេចតេជោ ហ៊ុន សែន ដែលជាប្រមុខនៃរាជរដ្ឋាភិបាល ធ្វើឱ្យកម្ពុជាយើងមានសមត្ថភាព និងលទ្ធភាពអាចគ្រប់គ្រងសភាពការណ៍វិបត្តិនៃជំងឺកូវីដ-១៩ បានល្អប្រសើរ ទោះបីកម្ពុជាជាប្រទេសតូច ហើយធនធានមានកម្រិតក្តី។ ទន្ទឹមនឹងនេះ សេដ្ឋកិច្ចកម្ពុជានៅតែមានភាពរឹងមាំ ទោះបីកំណើនមានសន្ទុះថមថយខ្លះក្តី។ ហើយរាជរដ្ឋាភិបាលកំពុងតែគិតគូររៀបចំយុទ្ធសាស្រ្តស្តារ សេដ្ឋកិច្ចឡើងវិញ ដើម្បីធ្វើឱ្យសេដ្ឋកិច្ចកម្ពុជាអាចងើបឡើងវិញបានឆាប់រហ័ស និងឱ្យកាន់តែខ្ពស់ជាងមុនពេលមានវិបត្តិជំងឺកូវីដ-១៩។
អង្គប្រជុំអន្តរក្រសួងបានធ្វើបានពិភាក្សា និងពិគ្រោះយោបល់អំពីយុទ្ធសាស្រ្ត និងផែនការធ្វើលទ្ធកម្មទិញវ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ ដើម្បីផ្តល់ជូនប្រជាជនកម្ពុជាឱ្យបានលឿន និងឆាប់រហ័ស សមល្មមនឹងតម្រូវការកម្ពុជា ដោយធានាបាននូវសុវត្ថិភាព, គុណភាព និងប្រសិទ្ធភាព ព្រមទាំងឱ្យមានភាពឆ្លើយឆ្លងគ្នាទៅនឹងផែនការចាក់វ៉ាក់សាំងផងដែរ ព្រោះវ៉ាក់សាំងដែលទិញមកហើយ មិនអាចទុកយូរពេកបាននោះទេ។
អង្គប្រជុំក៏បានពិភាក្សាផងដែរ ពាក់ព័ន្ធនឹងការកំណត់គោលការណ៍ទិញ និងបែងចែក ព្រមទាំងបរិមាណវ៉ាក់សាំង ទាំងសម្រាប់ការប្រើប្រាស់ក្នុងករណីបន្ទាន់ (emergency use) និង ទាំងសម្រាប់ការប្រើប្រាស់ជាទូទៅ (general vaccine roll out)។
កិច្ចប្រជុំក៏បានពិនិត្យលក្ខណៈសម្បត្តិនៃវ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ របស់ក្រុមហ៊ុនមួយចំនួន ដែលមានសក្តានុពលក្នុងការទទួលបាន នូវការទទួលស្គាល់ពីអង្គការ WHO ក្នុងពេលឆាប់ៗខាងមុខនេះ និងវាយតម្លៃអំពីជម្រើសវ៉ាក់សាំង ដែលមានភាពសមស្របសម្រាប់លក្ខណៈសម្បត្តិ និងការប្រើប្រាស់នៅកម្ពុជាផងដែរ។
កិច្ចប្រជុំនេះ ក៏បានពិភាក្សាផងដែរអំពីផែនការសកម្មភាពរបស់ ក្រុមការងារ និងក្រសួងពាក់ព័ន្ធ ជាពិសេសក្រសួងសុខាភិបាល ដើម្បីឈានទៅអនុវត្តផែនការយុទ្ធសាស្ត្រនៃការទិញ និងការចាក់វ៉ាក់សាំងបានលឿន ទាន់ពេលវេលា និងមានប្រសិទ្ធភាព។
អង្គប្រជុំក៏បានពិភាក្សាផងដែរ អំពីហិរញ្ញប្បទាន និងជម្រើសនានា ក្នុងការប្រើប្រាស់ពីគ្រប់ប្រភពហិរញ្ញប្បទាន ទាំងអស់ដែលមាន សម្រាប់គាំទ្រដល់ការធ្វើលទ្ធកម្មទិញវ៉ាក់សាំងជំងឺកូវីដ-១៩ ស្របតាមគោលការណ៍ និងការសម្រេចរបស់រាជរដ្ឋាភិបាល៕