(កំពង់ចាម)៖ អភិបាលខេត្តកំពង់ចាម លោក អ៊ុន ចាន់ដា បានណែនាំដល់សមត្ថកិច្ចទាំងអស់ឱ្យបើកការស៊ើបអង្កេត និងធ្វើការបង្ក្រាបទៅលើទីតាំងណាដែលលួចលាក់បើករកស៊ីពេស្យាចារ (រកស៊ីផ្លូវភេទ) ជ្រកក្រោមស្លាកកន្លែងម៉ាស្សា។
លោកអភិបាលខេត្ត បានលើកឡើងដូច្នេះ នៅព្រឹកថ្ងៃទី០៨ ខែមករា ឆ្នាំ២០២១ នៅស្នងការដ្ឋាននគរបាលខេត្តកំពង់ចាម ក្នុងពិធីបើកវគ្គបំប៉នជំនាញការពារថ្នាក់ដឹកនាំ អន្តរាគមន៍ តម្រួតបទបញ្ជា ចរាចរណ៍ និងជំនាញការពារគោលដៅ។
លោកអភិបាលខេត្ត បានណែនាំយ៉ាងដូច្នេះថា៖ «ទាក់ទងទៅនឹងការបង្ក្រាបអំពើជួញដូរមនុស្ស ជាពិសេសអំពើពេស្យាចារនៅតាមកន្លែងម៉ាស្សាអាចមានលួចលាក់ ដោយក្នុងនោះមានការត្រូវរ៉ូវគ្នា ឬក៏អាចមានការបង្ខំ ដូច្នេះអំពើទាំងនោះ គឺជាអំពើខុសច្បាប់ ពីព្រោះអង្គភាពទេសចរណ៍អនុញ្ញាតឱ្យបើកកន្លែងបម្រើសេវាកម្មម៉ាស្សា គឺសម្រាប់សម្រួលសុខភាពដល់ភ្ញៀវទេសចរណ៌ ពោលគឺមិនអនុញ្ញាតឱ្យមានអំពើពេស្យាចារនោះទេ ដូច្នេះ សមត្ថកិច្ចយើងត្រូវតែធ្វើការស្រាវជ្រាវ និងបង្ក្រាបរាល់ទីតាំងដែលលួចលាក់បើកអំពើពេស្យាចារនោះឱ្យមានប្រសិទ្ធភាព»។
លោក អ៊ុន ចាន់ដា បានបន្តថា វគ្គបណ្ដុះបណ្ដាលបំប៉នជំនាញការពារថ្នាក់ដឹកនាំ អន្តរាគមន៍ តម្រួតបទបញ្ជា ចរាចរណ៍នេះពិតជាមានសារៈសំខាន់ណាស់។ ម្យ៉ាងទៀតខេត្តកំពង់ចាម ឧស្សាហ៍មានថ្នាក់ដឹកនាំជាន់ខ្ពស់ ចុះបំពេញការងារនៅទីនេះ និងឆ្លងកាត់ច្រើន ដូច្នេះហើយទើបតម្រូវឱ្យមានវគ្គបណ្ដុះបណ្ដាលបំប៉នជំនាញដល់មន្ត្រីនគរបាល នៃស្នងការដ្ឋាននគរបាលខេត្តកំពង់ចាម។ ដូច្នេះ សូមសិក្ខាកាមទាំងអស់ យកចិត្តទុកដាក់ រៀនសូត្រ ស្រូបយកចំណេះជំនាញពីគ្រូឧទ្ទេស ដើម្បីឱ្យមានវិជ្ជាជីវៈឱ្យសាកសមជាមន្ត្រីនគរបាលយុត្តិធម៌។
លោកអភិបាលខេត្ត បានបញ្ជាក់ថា ទាក់ទងទៅនិងសភាពការសន្តិសុខ ឆ្នាំ២០២០កន្លងទៅនេះ ខេត្តកំពង់ចាមមានសន្តិសុខល្អ និងបទល្មើសផ្សេងៗ មានការថយចុះច្រើនផងដែរ៕