(បាត់ដំបង)៖ លោក ងួន រតនៈ អភិបាលខេត្តបាត់ដំបង បានអំពាវនាវដល់ពលករដែលទើបត្រឡប់មកពីប្រទេសថៃ ត្រូវចូលរួមតាមវិធានការទប់ស្កាត់ជំងឺកូវីដ-១៩ អនុវត្តតាមការណែនាំរបស់មន្ត្រីសុខាភិបាល ធ្វើចត្តាឡីស័កឱ្យបានគ្រប់កាលកំណត់ ហើយកងកម្លាំងការពារព្រំដែនទាំងអស់ សូមបន្តសហការគ្នា ក្នុងការពិនិត្យឱ្យបានម៉ត់ចត់នូវពលករឆ្លងដែនទាំងអស់ ដើម្បីចៀសវាងការចម្លងចូលសហគមន៍ ដូចដែលយើងទើបជួបប្រទះ។
ការអំពាវនាវបែបនេះរបស់លោក ងួន រតនៈ បានធ្វើឡើងនៅថ្ងៃទី៨ ខែមករា ឆ្នាំ២០២១ ក្នុងឱកាសលោកអញ្ជើញចុះពិនិត្យមណ្ឌលចត្តាឡីស័កស្រុកជាយដែនជាប់ព្រំដែនប្រទេសថៃ ចំនួន៣ ស្រុក រួមមានស្រុកសំពៅលូន, ស្រុកភ្នំព្រឹក និងស្រុកកំរៀង នៅដំណើរចុះពិនិត្យស្ថានភាពនោះក៏មានការអញ្ជើញចូលរួមពីលោកអភិបាលរងខេត្ត ប្រធាន អនុប្រធានមន្ទីរ អង្គភាពមួយចំនួនទៀត។
លោកអភិបាលខេត្ត ក៏បានផ្តាំផ្ញើដល់បងប្អូនពលករ សូមកុំរត់គេចវេសពីកន្លែងធ្វើចត្តាឡីស័ក ឬមិនព្រមចូលមកធ្វើចត្តាឡីស័ក បើពុំនោះទេមិនត្រឹមតែធ្វើឱ្យប៉ះពាល់ ខាតបង់ពេលវេលាសម្រាប់តែខ្លួនគាត់ម្នាក់ប៉ុណ្ណោះទេ ថែមទាំងនាំគ្រួសារគាត់ និងអ្នកមានទំនាក់ទំនងជាមួយមកធ្វើចត្តាឡីស័កទាំងអស់គ្នា ក្នុងរយៈពេល១៤ថ្ងៃ និងធ្វើតេសយកសំណាក តាមគោលការណ៍ក្រសួងសុខាភិបាល៕