(ត្បូងឃ្មុំ)៖ លោក ហាក់ សុខមករា អភិបាលរងខេត្ត និងជាប្រធានក្រុមការងារយុវជនគណបក្សប្រជាជនខេត្តត្បូងឃ្មុំ និងលោក ម៉ែនសុភក្តិ ប្រធានក្រុមជនបង្គោល ទទួលបន្ទុកការងារយុវជនស្រុកត្បូងឃ្មុំ នៅថ្ងៃទី០៨ ខែមករា ឆ្នាំ២០២១នេះ អញ្ជើញចូលរួមពីធីប្រកាសកែសម្រួល រចនាសម្ព័ន្ធ ក្រុមការងារយុវជនស្រុកត្បូងឃ្មុំ និងអបអរសាទរខួបលើកទី៤២ ថ្ងៃជ័យជម្នះ ៧មករា។
ថ្លែងក្នុងឱកាសនោះ លោក ហាក់ សុខមករា បានរំលេចនូវអត្ថន័យទិវាជ័យជម្នះ៧មករា ដោយបានចាត់ទុកថា ថ្ងៃ៧ មករា គឺជាថ្ងៃប្រវត្តិសាស្ត្រដែលបានផ្តួលរំលំ របបប្រល័យពូជសាសន៍ ប៉ុល ពត សង្គ្រោះជាតិ និងប្រជាជនកម្ពុជា ឲ្យរស់រានមានជីវិតឡើងវិញ បានទាន់ពេលវេលាហើយបើកឡើងនូវសករាជថ្មីរបស់កម្ពុជា គឺឯករាជ្យ សេរីភាព ប្រជាធិបតេយ្យ និងវឌ្ឍន៍ភាពសង្គម។
លោក ហាក់ សុខមករា បានបន្តថា ប្រជាពលរដ្ឋខ្មែរដែលមានអាយុលើស៤២ឆ្នាំឡើង សុទ្ធតែធ្លាប់បានឆ្លងកាត់នូវរបបមួយដែលមហាឃោឃៅនេះ។ អ្នកជំនាន់ក្រោយខ្លះបានស្តាប់រឿងនេះតាមរយៈឪពុកម្តាយ ឬជីដូនជីតា និទានប្រាប់បែរចាត់ទុកថា ជារឿងនិទាន ឬគ្រាន់តែជារឿងប្រលោមលោក ប៉ុន្តែអ្នកដែលបានឆ្លងកាត់របបនេះ ហើយនៅរស់រានមានជីវិតសល់ពីការស្លាប់បានពណ៌នារបបនេះថា ជាវាលពិឃាតជាឋានរក ឬជាគុកឥតជញ្ជាំង។
មូលហេតុ ដោយសារតែសម័យនោះ ប្រើមនុស្សដូចសត្វធាតុយក មនុស្សទៅអូសរទេះ អូសនង្គ័ល បង្ខំប្រជាជនឲ្យធ្វើការតាំងពីថ្ងៃរះ រហូតដល់ពេលថ្ងៃលិច ដោយផ្តល់តែទឹកបបរ ដែលមានគ្រាប់អង្ករតិចតួចសម្រាប់ជាអាហារ។ ប្រជាពលរដ្ឋ គ្រប់រូបត្រូវបានបង្ខំឲ្យបោះបង់ចោលសាសនា វប្បធ៌ម ប្រពៃណីជាតិ គ្មានការអប់រំ គ្មានកម្មសិទ្ធិផ្ទាល់ខ្លួន គ្មានសេចក្តីស្រឡាញ់ គ្មានឪពុកម្តាយបងប្អូន។ ពេលនោះកុំនិយាយ ដល់សិទ្ធិមនុស្សសូម្បីតែសិទ្ធិរស់រានមានជីវិតក៏គ្មានផង ជីវិតប្រជាជនអន់ជាងសត្វធាតុទៅទៀត។
លោក ហាក់ សុខមករា បានបន្តថា ហេតុដូចនេះហើយបានប្រជាជនកម្ពុជា ដែលនៅសេសសល់ពីការស្លាប់បន្ទាប់ពីការគ្រប់គ្រងរបស់របបកម្ពុជាប្រជាធិបតេយ្យ អស់រយៈពេល ៣ឆ្នាំ ៨ខែ ២០ថ្ងៃ ដែលសម្លាប់មនុស្សអស់ជាង៣លាននាក់ បានប្រសិទ្ធនាមថ្ងៃជ័យជម្នះ ៧មករា ជាថ្ងៃកំណើតទីពីររបស់ខ្លួន, ជ័យជម្នះ ៧មករា ជាមូលដ្ឋានគ្រឹះនៃ ការកកើតឡើងវិញ និងការរីកចម្រើននូវអ្វីៗគ្រប់យ៉ាង ដែលជាគុណតម្លៃសម្រាប់សង្គមជាតិ ហើយបើគ្មានជ័យជម្នះ ៧មករាទេ យើងពិតជាគ្មានជីវិត និងគ្មានអ្វីៗ ទាំងអស់ដូចក្នុងពេលបច្ចុប្បន្ននេះឡើយ៕