(កំពង់ធំ)៖ លោក ជា ចាន់តូ សមាជិកអចិន្ត្រៃយ៍គណៈកម្មាធិការកណ្ដាល គណបក្សប្រជាជនកម្ពុជា និងប្រធានក្រុមការងារថ្នាក់ជាតិចុះជួយស្រុកស្ទោង បានលើកឡើងថា ស្មារតីជ័យជំនះថ្ងៃ៧មករា នៅតែរស់រវើកក្នុងមនសិការ របស់ប្រជាជនកម្ពុជាជានិច្ច គ្មានថ្ងៃបំភ្លេចបានឡើយ។
ការលើកឡើងបែបនេះរបស់លោក ជា ចាន់តូ ធ្វើឡើងក្នុងឱកាសប្រារព្ធពិធី «អបអរសាទរខួបអនុស្សាវរីយ៍លើកទី៤២ ថ្ងៃជ័យជំនះ៧មករា ជាថ្ងៃកំណើតទី២របស់ប្រជាជន និងប្រទេសកម្ពុជាបានសង្គ្រោះ និងរំដោះចេញផុតពី របបកម្ពុជាប្រជាធិបតេយ្យ» ដោយមានការចូលរួមពី សមាជិកសមាជិកាគណបក្សប្រជាជនកម្ពុជាស្រុកស្ទោង ខេត្តកំពង់ធំ។
ការជួបជុំអបអរសាទរខួបអនុស្សាវរីយ៍លើកទី៤២ ថ្ងៃជ័យជំនះ៧មករា របស់សមាជិក សមាជិកាគណបក្សប្រជាជនកម្ពុជាស្រុកស្ទោង ធ្វើឡើងនៅថ្ងៃទី៨ ខែមករា ឆ្នាំ២០២១ ក្រោមការចូលរួមពីលោក ជា ចាន់តូ ដោយផ្ទាល់។
លោក ជា ចាន់តូ បានអានសាររបស់សម្ដេចតេជោ ហ៊ុន សែន ប្រធាគណបក្សប្រជាជនកម្ពុជា អានជូនអង្គពិធីថា ចាប់ពីថ្ងៃជ័យជំនះ៧មករា ប្រជាជនបានជ្រោងទង់មហាសាមគ្គីជាតិ ពុះពារជំនះគ្រប់ឧបសគ្គ ដើម្បីការពាររស់រានមានជីវិតខ្លួន និងកសាងប្រទេសឡើងវិញពី ចំណុចសូន្យធ្វើឲ្យមានការផ្លាស់ប្ដូររីកចម្រើនជាជំហ៊ានៗ រហូតដល់បច្ចុប្បន្ននេះ។
សារបានសង្កាត់ធ្ងន់ថា ស្មារតី៧មករាមានគុណតម្លៃ ជាអមតៈសម្រាប់ជាតិ និងប្រជាជនកម្ពុជា ក្នុងការបន្តដំណើរទៅមុខទៀតលើមាគ៌ាឯករាជ្យ សន្តិភាព សេរីភាព អព្យាក្រិត្យប្រជាធិបតេយ្យ និងវឌ្ឍភាពសង្គម។
លោក ជា ចាន់តូ បញ្ជាក់ថា «ឆ្នាំនេះដោយសារជំងឺកូវីដ១៩ កម្ពុជាមិនបានប្រារព្ធខួប អនុស្សាវរីយ៍លើកទី៤២ ថ្ងៃជ័យជំនះ៧មករាក្នុងទ្រុងទ្រាយធំក៏ដោយ ប៉ុន្តែអត្តន័យ និងស្មារតីជ័យជំនះ៧មករា នៅតែរស់រវើកក្នុងមនសិការ របស់ប្រជាជនកម្ពុជាជានិច្ច គ្មានថ្ងៃបំភ្លេចបានឡើយ»។
លោកបន្ថែមថា យើងនៅចាំច្បាស់ថា ៤២ឆ្នាំកន្លងមកនេះប្រទេសជាតិ និងប្រជាជនបានឆ្លងកាត់ ឧបសគ្គជាច្រើន ដើម្បីការរស់រាន និងការកសាងអភិវឌ្ឍន៍ប្រទេសជាតិ។ ជារួមដៃម្ខាងការពារ និងដៃម្ខាងទៀតបង្កបង្កើន ព្រមទាំងកសាងប្រទេសជាតិ រហូតដល់យើងទទួលបានលទ្ធផល ផ្លែផ្ការីកចម្រើនគ្រប់វិស័យដល់ពេលបច្ចុប្បន្ននេះ។
លោកឲ្យដឹងទៀតថា គ្មានអ្នកណាដឹងពីការលំបាកវេទនាជាងខ្លួនយើង ដែលបានឆ្លងកាត់ទេ។ ដូចនេះជ័យជំនះ៧មករា គឺស្ថិតក្នុងក្រអៅបេះដូងពលរដ្ឋគ្រប់រូបៗ និងក៏ជានិមិត្តរូបនៃសាមគ្គីជាតិ និងមហាគ្រួសារខ្មែរ ជាអមតៈក្រោមម្លប់សុខសន្តិភាព ជានិច្ចនិរន្ត៍៕