(កំពង់ធំ)៖ សមាជិកសមាជិកា ក្នុងជួរគណបក្សប្រជាជនកម្ពុជា ស្រុកសន្ទុក ខេត្តកំពង់ធំ បានជួបជុំគ្នាប្រារព្ធពិធី «អបអរសាទរខួបអនុស្សាវរីយ៍លើកទី៤២ ថ្ងៃជ័យជំនះ៧ មករា ជាថ្ងៃដែលកម្ពុជាបានសង្គ្រោះ និងរំដោះចេញផុតពីរបបកម្ពុជាប្រជាធិបតេយ្យ»។
ពិធីនេះ «អបអរសាទរខួបអនុស្សាវរីយ៍លើកទី៤២ នៃថ្ងៃជ័យជំនះ៧មករា (៧មករា ១៩៧៩-៧មករា ២០២១) ប្រព្រឹត្តិទៅក្រោមការចូលរួមពីលោក ជា ចាន់តូ សមាជិកអចិន្ត្រៃយ៍គណៈកម្មាធិការកណ្ដាល គណបក្សប្រជាជនកម្ពុជា និង ប្រធានក្រុមការងារថ្នាក់ជាតិចុះជួយស្រុកស្ទុក។
នៅក្នុងសារលិខិតរបស់សម្ដេចតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា ដែលអានជូនអង្គពីធីដោយលោក ជា ចាន់តូ បានបញ្ជាក់ច្បាស់ថា ក្រោយពីប្រទេសជាតិបានរំដោះចេញផុតពី របបឃោរឃៅព្រៃផ្សៃនៅថ្ងៃទី៧ ខែមករា ឆ្នាំ១៩៧៩ ក្រោមការដឹកនាំរបស់គណបក្សមកប្រជាជនកម្ពុជា ពលរដ្ឋយើងមានសិទ្ធសេរីភាព ពេញលេញឡើងវិញ ហើយប្រទេសជាតិទាំងមូលមានសុខសន្តិភាព និងការអភិវឌ្ឍន៍រីកចម្រើន គ្រប់វិស័យក្នុងនោះកម្ពុជាក៏មានកិត្យានុភាព និងមានមុខមាត់សារជាថ្មីលើឆាកអន្តរជាតិផងដែរ។
សារលិខិតក៏បានរំលឹកឲ្យដឹងថា កាលពី៤២ឆ្នាំមុនប្រជាពលរដ្ឋខ្មែរ គ្រប់រូបរួមទាំងកុមារតូចៗ គឺរស់នៅក្រោមការបង្ខិតបង្ខំ ឲ្យធ្វើការលើសកម្លាំង គ្មានថ្ងៃឈប់សម្រាកទទួលទានអាហារ មិនគ្រប់គ្រាន់ គ្មានមន្ទីរពេទ្យព្យាបាល គ្មានសាលារៀន ហើយប្រពលរដ្ឋទាំងអស់ គឺរស់នៅគ្មានសិទ្ធិសេរីភាព។
ជាមួយនេះសារលិខិតបានអំពាវនាវ សូមឲ្យថ្ងៃជ័យជ័យជំនះ៧មករា និងស្មារតីថ្ងៃរំដោះជាតិនេះ ស្ថិតនៅក្នុងក្រអៅបេះដូងពលរដ្ឋគ្រប់រូបៗ និងជានិមិត្តរូបនៃសាមគ្គីជាតិ និងមហាគ្រួសារខ្មែរ ស្ថិតនៅជាអមតៈក្រោមម្លប់សុខសន្តិភាពជានិច្ចនិរន្ត៍។
ក្នុងឱកាសនោះសមាជិកសមាជិកា គណបក្សទាំងអស់បានប្តេជ្ញាថា នឹងចងចាំដឹងគុណជានិច្ច ចំពោះគុណូបក្ការៈដ៏ថ្លៃថ្លាបំផុត នៃមហាជ័យជំនះ៧មករា១៩៧៩ ដែលបានជួយសង្រ្គោះអាយុជីវិត និងសង្គមជាតិឱ្យរស់ឡើងវិញបានរួចផុតពី របបប្រល័យពូជសាសន៍ ប៉ុល ពត «បើគ្មានថ្ងៃជ័យជំនះ៧មករា យើងក៏មិនមានអ្វីៗ ដូចសព្វថ្ងៃនេះដែរ» ។ ដូច្នេះហើយបានជា ប្រជាជនកម្ពុជាគ្រប់រូបៗចាត់ទុកថា ថ្ងៃជ័យជំនះ ៧ មករា ជាថ្ងៃកំណើតទី២របស់ខ្លួន ជានិច្ចគ្មានថ្ងៃបំភ្លេចបានឡើយ៕