(កណ្ដាល)៖ កម្មវិធីជាតិសុខភាពភ្នែក នៃក្រសួងសុខាភិបាល បានផ្តល់សម្ភារដើម្បីទប់ស្កាត់ការរីករាលដាលនៃជំងឺកូវីដ-១៩ ជូនមន្ទីរសុខាភិបាលខេត្តកណ្តាល ជាលើកទីពីរ ដើម្បីប្រើប្រាស់នៅគ្រប់មន្ទីរពេទ្យបង្អែក និងមណ្ឌលសុខភាពទូទាំងខេត្តកណ្តាល។
សម្ភារទាំងនេះរៀបចំឡើងដោយកម្មវិធីជាតិសុខភាពភ្នែក ក្រោមជំនួយឧបត្ថម្ភពីរដ្ឋាភិបាលអូស្ត្រាលី តាមរយៈមូលនិធិហ្រ្វេតហូឡូ រួមមាន៖ ម៉ាស់ចំនួន ១០១,៤០០ម៉ាស អាល់កុលចំនួន ៣,៨៤០លីត្រ ឧបករណ៍វាស់កំដៅចំនួន ១៣១គ្រឿង សាប៊ូលាងដៃចំនួន ១,២០០ដប ស្រោមដៃចំនួន ២៧,២០០ និងរបាំងមុខចំនួន ១,០០០សន្លឹក។
ក្រៅពីនេះកម្មវិធីជាតិសុខភាពភ្នែក ក៏បានរៀបចំសម្ភារបន្ថែមជូនដល់ មន្ទីរពេទ្យ និងមន្ទីរសុខាភិបាលខេត្តផ្សេងទៀតផងដែរ បន្ទាប់ពីផ្ដល់សម្ភារប្រយុទ្ធនឹងកូវីដ-១៩នេះ ជូនដល់មន្ទីរពេទ្យបង្អែក និងមណ្ឌលសុខភាពទូទាំខេត្ដកណ្ដាល កាលថ្ងៃទី៦ ខែមករា ឆ្នាំ២០២១។
សូមបញ្ជាក់ថា ដោយមានជំនួយគាំទ្រពីរដ្ឋាភិបាលអូស្ត្រាលី តាមរយៈមូលនិធិហ្រ្វេតហូឡូ កម្មវិធីជាតិសុខភាពភ្នែកធ្លាប់បានផ្តល់សម្ភារការពារការរីករាលដាលនៃជំងឺកូវីដ-១៩ ជូនមន្ទីរពេទ្យនានានៅគ្រប់រាជធានីខេត្តម្តងរួចមកហើយ កាលពីពាក់កណ្ដាលឆ្នាំ ២០២០។
លោកសាស្រ្តាចារ្យ ងី ម៉េង ប្រធានកម្មវិធីជាតិសុខភាពភ្នែក និងជានាយកមន្ទីរពេទ្យមិត្តភាព ខ្មែរ-សូវៀត បានថ្លែងថា សម្ភារទាំងនេះ បាននឹងកំពុងរួមចំណែកយ៉ាងសំខាន់ ក្នុងការជួយដល់រាជរដ្ឋាភិបាល ដើម្បីទប់ស្កាត់ការរីករាលដាលនៃជំងឺកូវីដ-១៩ នៅកម្ពុជា ពិសេសជួយសម្រួលដល់គ្រូពេទ្យ ក្នុងការផ្តល់សេវាសុខភាពភ្នែក ជូនដល់ប្រជាពលរដ្ឋដោយមានទំនុកចិត្ត។
លោកសាស្រ្តាចារ្យ ងី ម៉េង ក៏បានលើកទឹកចិត្តឱ្យប្រជាពលរដ្ឋ ដែលមានបញ្ហាគំហើញរួសរាន់មកទទួលសេវាពិនិត្យ និងព្យាបាលភ្នែកនៅមណ្ឌលសុខភាព ឬមន្ទីរពេទ្យដែលនៅជិតឱ្យបានទាន់ពេលវេលា។
ប្រធានកម្មវិធីជាតិសុខភាពភ្នែក បានបញ្ជាក់ថា កន្លងមកមន្ទីរពេទ្យ និងមណ្ឌលសុខភាព នៅទូទាំងខេត្តកណ្ដាលបានផ្តល់សេវាពិនិត្យ និងព្យាបាលភ្នែកជូនប្រជាពលរដ្ឋរាប់ម៉ឺននាក់ នៅក្នុងឆ្នាំ២០២០ ទោះបីពិភពលោកកំពុងប្រឈមនឹងជំងឺកូវីដ-១៩ ក៏ដោយ។
តាងនាមឱ្យកម្មវិធីជាតិសុខភាពភ្នែកនៃក្រសួងសុខាភិបាល និងប្រជាពលរដ្ឋ លោកបានថ្លែងអំណរគុណដល់រដ្ឋាភិបាលអូស្រ្តាលី និងមូលនិធិហ្រ្វេតហូឡូ ដែលតែងតែជួយគាំទ្រដល់វិស័យសុខភាពភ្នែកនៅកម្ពុជា៕