(បន្ទាយមានជ័យ)៖ មន្ត្រីជំនាញគ្រឿងញៀន បានបើកប្រតិបត្តិការតាមប្រមាញ់មេក្លោងចែកចាយគ្រឿងញៀន ពីរាជធានីភ្នំពេញ រហូតមកដល់ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ រហូតឈានទៅឃាត់ខ្លួនជនសង្ស័យចំនួន២នាក់ នៅវេលាម៉ោង១២យប់ ឈានចូលថ្ងៃទី៧ ខែមករា ឆ្នាំ២០២១ នៅចំណុចមុខភោជនីយដ្ឋានម្លប់ឬស្សី ផ្លូវជាតិលេខ៥ ស្ថិតនៅភូមិបាលិលេយ្យ២ សង្កាត់បាលិលេយ្យ ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ។
បើតាមលោកវរសេនីយ៍ឯក ធិន ស៊ិនដេត ស្នងការរង ទទួលផែនការងារប្រឆាំងគ្រឿងញៀន បានបញ្ជាក់ប្រាប់ភ្នាក់ងារព័ត៌មាន Fresh News ប្រចាំខេត្តបន្ទាយមានជ័យ ឱ្យដឹងនៅថ្ងៃទី០៨ ខែមករា ឆ្នាំ២០២១ថា ដោយអនុវត្តតាមបទបញ្ជារបស់លោកឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះ ស្នងការនគរបាលខេត្តបន្ទាយមានជ័យ លោកបានដឹកនាំកម្លាំងនគរបាល នៃអធិការដ្ឋាននគរបាលក្រុងប៉ោយប៉ែត ដោយសហការជាមួយកម្លាំងការិយាល័យ (ក១០) នៃមន្ទីរប្រឆាំងគ្រឿងញៀន ចុះឃាត់ខ្លួនជនសង្ស័យបានចំនួន២នាក់ភ្លាមៗតែម្តង។
ជនសង្ស័យទី១៖ ឈ្មោះ មាស ធីតា ភេទប្រុស រស់នៅចំណុចមុខភោជនីយដ្ឋាន ម្លប់ឬស្សី ផ្លូវលេខ៥ សង្កាត់បាលេលីយ្យ ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ ដកហូតវត្ថុតាងសង្ស័យថ្នាំញៀនអ៊ិចស្រ្តាស៊ីចំនួន ៤៨គ្រាប់, សារធាតុញៀនសង្ស័យប្រភេទកេតាមីន ចំនួន១៥ កូនថង់តូច
និងទី២៖ ឈ្មោះ ស្រេង ឡុង ហេង ភេទប្រុស ដែលជាមេក្លោង រស់នៅចំណុចបន្ទប់លេខ E៤៣ ជាន់ទី៤ ផ្លូវបេតុងភូមិសាមគ្គីមានជ័យ សង្កាត់ប៉ោយប៉ែត ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ ដកហូតវត្ថុតាងមាន ថ្នាំគ្រាប់ពណ៌ត្រួយចេក ចំនួន២៣ថង់ សង្ស័យសារធាតុញៀនប្រភេទអ៊ិចស្រ្តាស៊ី, ថ្នាំគ្រាប់ពណ៌ផ្កាឈូកចំនួន៤ថង់ សង្ស័យសារធាតុញៀនប្រភេទអ៊ិចចស្រ្តាស៊ី ថ្នាំគ្រាប់ពណ៍លឿងស្រាល ចំនួន៥ថង់ សង្ស័យសារធាតុញៀនប្រភេទអ៊ិចស្រ្តាស៊ី ក្រាមសថ្លាចំនួន១ កូនថង់សង្ស័យសារធាតុញៀន ថ្នាំគ្រាប់ហ្វាយៗមួយបន្ទះចំនួន១០គ្រាប់ សង្ស័យសារធាតុញៀន ជញ្ជីងសម្រាប់ថ្លឹងថ្នាំញៀនចំនួន១ កេតាមីនទឹកចំនួន ១៥០ដប សង្ស័យសារធាតុញៀន សម្ភារសម្រាប់សម្ងួតថ្នាំញៀនមួយកំប្លេរ។
លោកបានបញ្ជាក់ថា ក្នុងការចុះបង្ក្រាបនេះមន្ទីរប្រឆាំងគ្រឿងញៀននេះ គឺកម្លាំងជំនាញបានតាមប្រមាញ់មុខសញ្ញាពីក្រុងភ្នំពេញ មកដល់ក្នុងភូមិសាស្ត្រក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ រហូតចាប់ខ្លួនជនសង្ស័យទាំង២នាក់ រួមនឹងវត្ថុតាងដើម្បីប្រគល់ជូនកម្លាំងមន្ទីរប្រឆាំងគ្រឿងញៀន អនុវត្តតាមនីតិវិធីច្បាប់៕