(ស្វាយរៀង)៖ លោក ម៉ែន វិបុល អភិបាលខេត្តស្វាយរៀង នៅព្រឹកថ្ងៃទី៨ ខែមករា ឆ្នាំ២០២១ បានដឹកនាំក្រុមការងារធ្វើពិធីក្រុងពាលីសាងសង់អគារការិយាល័យច្រកចេញចូលតែមួយរបស់រដ្ឋបាលស្រុកកំពង់រោទិ៍។ ពិធីនេះក៏មានការចូលរួមពី អភិបាលរងខេត្ត សមាជិកក្រុមប្រឹក្សាខេត្ត លោកប្រធានមន្ទីរ អង្គភាពពាក់ព័ន្ធ លោកប្រធានក្រុមប្រឹក្សាស្រុក លោកអភិបាល អភិបាលរងស្រុក និងមន្ត្រីរាជការអាជ្ញាធរមូលដ្ឋានស្រុកកំពង់រោទិ៍ជាច្រើនទៀត។
មន្ត្រីសាលាខេត្តស្វាយរៀង បានឱ្យដឹងថា ក្រោមការយកចិត្តទុកដាក់លោក ម៉ែន វិបុល អភិបាលខេត្តស្វាយរៀង រដ្ឋបាលខេត្ត បានលើកគម្រោងសាងសង់អគារ និងបំពាក់សម្ភារបរិក្ខាកំពុងដំណើរការផ្តល់សេវារាល់ថ្ងៃមានអង្គភាពច្រកចេញចូលតែមួយសាលាខេត្ត និងមានការិយាល័យច្រកចេញចូលតែមួយតាមបណ្តា ក្រុង ស្រុក មួយចំនួនទៀតរួមមាន៖ ក្រុងស្វាយរៀង ក្រុងបាវិត ស្រុកស្វាយជ្រំ ស្រុករមាសហែក និងកំពុងដំណើរការសាងសង់មាន ស្រុករំដួល និងកំពង់រោទិ៍។ ចំពោះស្រុកដែលមិនទាន់មានអាគារការិយាល័យច្រកចេញចូលតែមួយ រដ្ឋបាលស្រុកក៏បានរៀបចំការផ្តល់សេវារបៀបជាយន្តការច្រកចេញចូលតែមួយផងដែរ ដើម្បីផ្តល់សេវាជូនប្រជាពលរដ្ឋទាន់ពេលវេលា។
មន្ត្រីដដែលបានបញ្ជាក់ថា ជាការពិតណាស់ ការផ្ដល់សេវារដ្ឋបាល តាមរយៈយន្ដការការិយាល័យច្រកចេញចូលតែមួយ ដែលបានអនុវត្តនាពេលកន្លងមក ទោះបីមានចំណុចខ្វះខាតមួយចំនួន ក៏ទទួលបានលទ្ធផលវិជ្ជមាន ព្រមទាំងទទួលបានការគាំទ្រ និងការចូលរួមយ៉ាងសកម្ម ពីគ្រប់ភាគីពាក់ព័ន្ធទាំងអស់ ពិសេសបានទទួលនូវភាពពេញចិត្ត និងការជឿទុកចិត្តយ៉ាងខ្លាំងពីប្រជាពលរដ្ឋ ដែលជាអ្នកទទួល និងប្រើប្រាស់សេវានេះ៕