(ភ្នំពេញ)៖ លោក ហ៊ុន ម៉ាណែត ប្រធានគណៈកម្មាធិការ អាហារូបករណ៌សិស្សនិស្សិតក្រីក្រ សម្តេចតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត នៅព្រឹកថ្ងៃទី១៩ ខែកុម្ភៈនេះ បានចែករំលែកបទពិសោធន៍ ចំណេះដឹង និងមេរៀនជីវិតជាច្រើនដល់សិស្ស និស្សិត ជ័យលាភីនៅក្នុងពិធីប្រគល់សញ្ញាបត្រ និងវិញ្ញាបនបត្រ ជូនសិស្ស និស្សិត នៃសាកលវិទ្យាល័យកម្ពុជាអន្តរជាតិ និងវិទ្យាស្ថានអប់រំភាសាអង់គ្លេស ELT ព្រមទាំងសាលាបឋមសិក្សានិងមធ្យមសិក្សា ELT ចំនួន១០៩៦នាក់ នៅវិទ្យាស្ថានជាតិអប់រំ។
លោក ហ៊ុន ម៉ាណែត បានថ្លែងថា ការដែលមានសញ្ញាបត្រ សមត្ថភាព ចំណេះដឹងជួយឱ្យប្អូនៗ ក្នួយៗ ក្នុងការគ្រប់គ្រងជីវិតឱ្យបានជោគជ័យ ប៉ុន្តែប្អូនៗក្នួយៗត្រូវចេះ ចេះឱ្យពិតប្រាកដ ឱ្យមានគ្រឹះរឹងមាំ។ លោកបន្តថា យុវជនត្រូវបង្កើតឱកាសខ្លួនឯង កុំចាំបាច់រង់ចាំឱកាសគេផ្តល់ឱ្យ យុវជនត្រូវហ៊ានធ្វើ និងសាកល្បង រៀនសព្វរៀនគ្រប់ពីអ្នកដែលពូកែ នៅជុំវិញខ្លួនឯងដើម្បីជោគជ័យ។
លោក ហ៊ុន ម៉ាណែត បានបន្ថែមទៀតថា ប្រទេសជាតិត្រូវការយុវជន ដែលមានសមត្ថភាព ឆន្ទៈ និងទំនុកចិត្ត។ ដូច្នេះយុវជនត្រូវមានមោទនភាពចំពោះខ្លួនឯង គ្រួសារនិងប្រទេសជាតិ។ លោក ហ៊ុន ម៉ាណែត បានបញ្ជាក់ថា អនាគតប្អូនៗ ក្នួយៗ គឺជាអនាគតរបស់ជាតិ ដូចច្នេះការចង់រីកចម្រើនិងអភិវឌ្ឍខ្លួនឯង ត្រូវមានគោលដៅច្បាស់លាស់ ឲ្យស្របទៅនឹងការអភិវឌ្ឍប្រទេស កុំអភិវឌ្ឍខ្លួនឯង បំផ្លាញជាតិ ដែលនេះគឺជាអ្វីដែលយើងចង់ បានសម្រាប់យុវជនជំនាន់ក្រោយ ពីព្រោះការអភិវឌ្ឍរបស់យុវជន ពីមួយជំនាន់ទៅមួយជំនាន់ គឺជាការអភិវឌ្ឍរបស់ប្រទេសជាតិ៕