(ព្រៃវែង)៖ លោក ស្តើង សុខុម រដ្ឋលេខាធិការក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្តុ និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានស្រុកកំចាយមារ ខេត្តព្រៃវែង នាព្រឹកថ្ងៃទី៧ ខែមករា ឆ្នាំ២០២១ បានអញ្ជើញនាំយកអង្ករជាអំណោយសម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ និងលោកជំទាវ ទៅចែកជូនប្រជាពលរដ្ឋជួបការលំបាកខ្វះខាតក្នុងជីវភាពចំនួន ៧២០គ្រួសារបន្ថែមទៀត នៅឃុំចំនួនបីក្នុងស្រុកកំចាយមារខេត្តព្រៃវែង។
ក្នុងឱកាសនោះលោក ស្តើង សុខុម បាននាំយកនូវការផ្តាំផ្ញើរសួរសុខទុក្ខរបស់ថ្នាក់ដឹកនាំរាជរដ្ឋាភិបាលកម្ពុជា។ ជាពិសេសសម្តេចក្រឡាហោម ស ខេង ប្រធានក្រុមការងារ រាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តព្រៃវែងជូនចំពោះប្រជាពលរដ្ឋទាំងអស់ដោយក្តីនឹករលឹក និងការគិតគូរខ្ពស់ចំពោះសុខទុក្ខរបស់ពួកគាត់។
លោក ស្តើង សុខុម បានលើកឡើងថា សម្ដេចក្រឡាហោម និងលោកជំទាវ តែងតែបានគិតគូរខ្វាយខ្វល់ជួយរកគ្រប់វិធី ដើម្បីដោះស្រាយការលំបាករបស់ប្រជាពលរដ្ឋ។ ក្នុងនោះសម្តេច បានខិតខំធ្វើការកៀរគរជំនួយពីសប្បុរសជន យកមកជួយប្រជាបលរដ្ឋទាំងការស្ថារឡើងវិញនូវជីវភាពរស់នៅ ក៏ដូចជាការកសាងហេដ្ឋារចនាសម្ព័ន្ធនៅក្នុងខេត្តព្រៃវែង។ ដោយឡែកស្រុកកំចាយមារ ក៏ទទួលបាននូវសមិទ្ធិផលសង្គមយ៉ាងច្រើនផងដែរដូចជាផ្លូវថ្នល់ អគារសិក្សា អគារមន្ទីរពេទ្យ ប្រព័ន្ធ ធារាសាស្រ្ត ទឹកស្អាត អគ្គិសនី និងទាក់ទាញវិនិយោគមកបង្កើតរោងចក្រ បង្កើតការងារធ្វើផងដេរ ។
លោក ស្តើង សុខុម រដ្ឋលេខាធិការក្រសួងសេដ្ឋកិច្ច និងហិរញ្ញវិត្ថុ បានពន្យល់ប្រជាពលរដ្ឋនៅទីនោះថា អំណោយដែលបានផ្តល់នាពេលនេះមានពីរសណ្ថាន។ ក្នុងនោះមួយផ្នែកជាថវិការបស់រាជរដ្ឋាភិបាល ដែលបានវិនិយោគទៅលើការកសាងផ្លូវជាតិសំខាន់ៗប្រព័ន្ធធារាសាស្រ្តធំៗ អគារសិក្សាសាលារៀន មន្ទីរពេទ្យមណ្ឌលសុខភាព។ មួយផ្នែកទៀតជាជំនួយឧបត្ថម្ភ ឬអំណោយរបស់សប្បុរសជន និងថ្នាក់ដឹកនាំគណបក្សប្រជាជនផ្តល់ជូនប្រជាពលរដ្ឋក្នុងស្រុកកំចាយមារ។
«គោលបំណងនៃការវិនិយោគ និងការជួយនេះ គឺរាជរដ្ឋាភិបាលក៏ដូចជាថ្នាក់ដឹកនាំមានគោលបំណងលើកកម្ពស់ជីវភាពរស់នៅរបស់បងប្អូនតាមរយៈធ្វើការតភ្ជាប់ភ្ជាប់ផ្ទៃក្នុងប្រទេសដោយបានស្ថាបនាផ្លូវជាតិផ្លូវថ្នល់ និងផ្លូវលំ រាប់ពាន់គីឡូម៉ែត្រ ដើម្បីបង្កភាពងាយស្រួលសម្រាប់បងប្អូនធ្វើដំណើរពីខេត្តមួយទៅខេត្តមួយក្នុងការប្រកបរបររកទទួលទានដែលផ្តល់នូវការចំណេញពេលវេលា និងថវិកា»។ លោក ស្តើង សុខុម ថ្លែងបញ្ជាក់។
លោក ស្តើង សុខុម បានលើកឡើងក្នុងឱកាសនោះដែរថា រាជរដ្ឋាភិបាលមិនត្រឹមតែភ្ជាប់ផ្ទៃក្នុងប្រទេសប៉ុណ្ណោះទេ រាជរដ្ឋាភិបាលបានតភ្ជាប់ផ្លូវជាតិសំខាន់ជាមួយប្រទេសជិតខាងផងដែរ ក្នុងគោលបំណងផ្តល់ឲ្យប្រជាពលរដ្ឋអាចធ្វើពាណិជ្ជកម្មឆ្លងដែនជាមួយប្រទេសជិតខាង និងការស្វាស់ស្វែងរកការងារធ្វើនៅក្រៅប្រទេស។
សូមបញ្ជាក់ថា តាមការចុះកំណត់អត្តសញ្ញាណកម្ម បានបង្ហាញថា គ្រួសារក្រីក្រទូទាំងស្រុកកំចាយមារ មានចំនួន ៥,១៧៦គ្រួសារ លើគ្រួសារសរុបក្នុងស្រុកចំនួន ២៥,៨០១គ្រួសារ។ ក្នុងនោះគ្រួសារក្រីក្រកម្រិត១ និងកម្រិត២ មុនកូវីដ១៩ មានចំនួន ៣,៨៤២គ្រួសារ និងគ្រួសារក្រីក្រកម្រិត១ និងកម្រិត២ ក្នុងពេលកូវីដ១៩ កើនចំនួន ១,៣៤៦គ្រួសារថែមទៀត។
ដោយមើលឃើញពីការលំបាករបស់ប្រជាពលរដ្ឋដែលរងគ្រោះដោយសារជំងឺកូវីដ១៩ និងរងគ្រោះផ្សេងៗសម្តេចក្រឡាហោម ស ខេង និង លោកជំទាវ បានឧបត្ថម្ភអង្ករចំនួន ៤៥,៦៨០គីឡូក្រាម ដល់ស្រុកកំចាយមារ ដើម្បីចែកជូនប្រជាពលរដ្ឋដែលខ្វះខាតជួយសម្រួលក្នុងជីវភាពប្រចាំថ្ងៃ។
អំណោយសម្តេចក្រឡាហោម ស ខេង និង លោកជំទាវនាពេលនេះរួមមាន៖ អង្ករចំនួន ២៥គីឡូក្រាម, សាប៊ូ ១ដប និងអាវយឺតចំនួន១ សម្រាប់ប្រជាពលរដ្ឋ ១គ្រួសារៗ។ ប្រជាពលរដ្ឋដែលមកទទួលអំណោយមានចំនួន ៧២០គ្រួសារ មកពីឃុំជាក ឃុំក្របៅ និង ឃុំក្រញូង ក្នុងស្រុកកំចាយមារខេត្តព្រៃវែង៕