(បន្ទាយមានជ័យ)៖ កងកម្លាំងចម្រុះខេត្តបន្ទាយមានជ័យ ដឹកនាំដោយឧត្តមសេនីយ៍ត្រី សួង សៅ មេបញ្ជាការរវព្រំដែនគោក៨១៥ នាថ្ងៃទី៧ ខែមករា ឆ្នាំ២០២១ បានចុះពិនិត្យល្បាតតាមបន្ទាត់ព្រំដែនកម្ពុជា-ថៃ ក្នុងស្រុកម៉ាទ្បៃ ខេត្តបន្ទាយមានជ័យ ដើម្បីបង្ការទប់ស្កាត់ពលករលួចឆ្លងដែនខុសច្បាប់ និងការពារជំងឺកូវីដ-១៩។

ឧត្តមសេនីយ៍ត្រី សួង សៅ បានលើកឡើងថា ដោយមានការណែនាំពីឧត្តមសេនីយ៍ទោ សិទ្ធិ ទ្បោះ ស្នងការនគរបាលខេត្តបន្ទាយមានជ័យ ដែលបានខិតខំបំពេញភារកិច្ចប្រកបដោយការទទួលខុសត្រូវ ដោយចូលរួមចំណែកអនុវត្តបទបញ្ជា ក៏ដូចអនុសាន៍សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា និងសេចក្តីណែនាំរបស់ក្រសួងសុខាភិបាលលើការងារប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ-១៩។

មេបញ្ជាការរូបនេះ បានគូសបញ្ជាក់ថា កងកម្លាំងទាំងអស់នឹងរួមគ្នាបំពេញតួនាទី ភារកិច្ចឱ្យបានល្អ មានសាមគ្គីភាព ឯកភាពផ្ទៃក្នុងឱ្យបានរឹងមាំ ដើម្បីរួមគ្នាទប់ស្កាត់កុំឱ្យជំងឺកូវីដ-១៩ ឆ្លងចូលសហគមន៍ ហើយក្នុងពេលបំពេញភារកិច្ចនេះ ត្រូវរក្សាអនាម័យ ពាក់ម៉ាស លាងដៃនឹងអាល់កុល ជែលអាល់កុលជាប្រចាំ និងមិនត្រូវទៅប៉ះពាល់ ឬប្រាស្រ័យទាក់ទងពលករ ដែលស្ថិតក្នុងការសង្ស័យមានផ្ទុកវីរុសកូវីដ-១៩ នោះឡើយ ត្រូវរាយការណ៍ជាបន្ទាន់មក្រុមការងារ និងគ្រូពេទ្យជំនាញ៕