(កូរ៉េ)៖ ស្ថានទូតកម្ពុជាប្រចាំកូរ៉េខាងត្បូង បានរៀបចំមីទ្ទិញអបអរសាទរខួបអនុស្សាវរីយ៍លើកទី៤២ ទិវាជ័យជម្នះ៧មករា (៧ មករា ១៩៧៩-៧ មករា ២០២១) លើរបបប្រល័យពូជសាសន៍ប៉ុលពត តាមរយៈប្រព័ន្ធអនឡាញ Zoom ដែលមានតំណាងសមាជិក-សមាជិកា សកម្មជនអ្នកគាំទ្ររាជរដ្ឋាភិបាលពីគ្រប់តំបន់ទូទាំងប្រទេសកូរ៉េ ប្រមាណ ១៧០នាក់ចូលរួម។
មីទ្ទិញតាមរយៈអនឡាញក្រោមអធិបតីភាពឯកអគ្គរាជទូត លោក ឡុង ឌីម៉ង់ មានរយៈពេល ១៖៣០នាទី ដោយមានការគោរពភ្លេងជាតិ ច្រៀងបទពង្សាវតារខ្មែរ ទស្សនាវីដេអូឯកសារប្រវត្តិសាស្ត្រ និងអានសាររបស់ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា ដោយលោកវរសេនីយ៍ឯក ថន ដារ៉ា នាយអនុព័ន្ធយោធា និងជាទីប្រឹក្សាយោធាអមស្ថានទូត។
បន្ទាប់មក ក៏មានការឡើងចំណាប់អារម្មណ៍របស់លោកស្រី ស៊ីវ ស្រីពៅ លោក ដន សាម៉ឺឌី និងកញ្ញា ឈុន ធាវី ជាតំណាងនិស្សិត តំណាងសហគមន៏ស្ត្រីរៀបការស្វាមីកូរ៉េ តំណាងពលករ ហើយបន្តដោយមតិសំណេះសំណាលរបស់ឯកអគ្គរាជទូត ដោយលើកពីប្រវត្តិនៃថ្ងៃ៧មករា និងសច្ចៈភាពជាប្រវត្តិសាស្ត្រ នៃ៧មករា និងការចូលរួមរបស់ប្រជាពលរដ្ឋយុវជនជំនាន់ក្រោយ ក្នុងការជ្រោងទង់ស្មារតីជ័យជំនះ ៧ មករា ឲ្យនៅស្ថិតស្ថេរជានិមិត្តរូបនៃសាមគ្គីភាព រួបរួមជាតិ និងអភិវឌ្ឍន៍។
សូមបញ្ជាក់ថា នៅព្រឹកថ្ងៃទី០៧ ខែមករា ឆ្នាំ២០២១ គឺជាខួបលើកទី៤២ នៃថ្ងៃជ័យជំនះ ៧មករា (៧ មករា ១៩៧៩-៧ មករា ២០២១), សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា និងជាប្រធានគណបក្សប្រជាជនកម្ពុជា ដែលជាអ្នកសង្គ្រោះ និងរំដោះជាតិចេញផុតពីរបបប្រល័យពូជសាសន៍ ប៉ុល ពត បានផ្ញើសារជូនជនរួមជាតិ ដើម្បីអបអរសាទរខួបអនុស្សាវរីយ៍លើកទី៤២ នៃថ្ងៃជ័យជំនះ ៧ មករានេះ។
សម្តេចតេជោ ហ៊ុន សែន បានរំលឹកថា របបប្រល័យពូជសាសន៍ ប៉ុល ពត បានប្រែក្លាយកម្ពុជា ទៅជាវាលពិឃាតដ៏ខ្មៅងងឹតអស់រយៈពេល ៣ឆ្នាំ ៨ខែ និង ២០ថ្ងៃ និងបានធ្វើអោយបាត់បង់ជីវិតមនុស្សស្លូតត្រង់អស់រាប់លាននាក់ ហើយប្រទេសជាតិទាំងមូល បានវិនាសអន្តរាយយ៉ាងធ្ងន់ធ្ងរបំផុត។
សម្តេចបន្តថា ក្រោយពីប្រទេសជាតិ ត្រូវបានរំដោះចេញផុតពីរបបឃោរឃៅព្រៃផ្សៃ នៅថ្ងៃទី៧ ខែមករា ឆ្នាំ១៩៧៩ ក្រោមការដឹកនាំរបស់គណបក្សប្រជាជនកម្ពុជា គឺពលរដ្ឋមានសិទ្ធសេរីភាពពេញលេញឡើងវិញ ហើយប្រទេសជាតិទាំងមូលមានសុខសន្តិភាព និងការអភិវឌ្ឍន៍រីកចម្រើនគ្រប់វិស័យមកទល់សព្វថ្ងៃ ហើយកម្ពុជាក៏មានកិត្យានុភាព និងមុខមាត់សារជាថ្មីលើឆាកអន្តរជាតិ។
ជាមួយគ្នានេះ សម្តេចតេជោនាយករដ្ឋមន្ត្រីបានបួងសួងសូមឲ្យស្មារតីថ្ងៃរំដោះជាតិ ថ្ងៃ៧មករានេះ ស្ថិតនៅក្នុងក្រអៅបេះដូងពលរដ្ឋគ្រប់រូប និងជានិមិត្តរូបនៃសាមគ្គីជាតិ និងមហាគ្រួសារខ្មែរ ស្ថិតនៅជាអមតៈក្រោមម្លប់សុខសន្តិភាពជានិច្ចនិរន្ត៍។
សម្តេចតេជោ ហ៊ុន បានបង្ហោះសារទាំងស្រុងយ៉ាងដូច្នេះថា «អបអរសាទរខួបអនុស្សាវរីយ៍លើកទី៤២ នៃថ្ងៃជ័យជំនះ ៧ មករា ! នៅថ្ងៃទី៧ ខែមករា ឆ្នាំ២០២១នេះ គឺជាខួបលើកទី ៤២ឆ្នាំ (៧ មករា ១៩៧៩ - ៧ មករា ២០២១) ដែលប្រទេសកម្ពុជាត្រូវបានសង្គ្រោះ និងរំដោះចេញផុតពីរបបកម្ពុជាប្រជាធិបតេយ្យ ឬហៅថារបបប្រល័យពូជសាសន៍ខ្មែរក្រហមដឹកនាំដោយ ប៉ុល ពត ដែលបានប្រែក្លាយកម្ពុជា ទៅជាវាលពិឃាតដ៏ខ្មៅងងឹតអស់រយៈពេល៣ ឆ្នាំ ៨ខែ និង ២០ថ្ងៃ ។ របបដ៏ឃោរឃៅព្រៃផ្សៃយុងឃ្នងនេះ បានធ្វើអោយបាត់បង់ជីវិតមនុស្សស្លូតត្រង់អស់រាប់លាននាក់ ហើយប្រទេសជាតិទាំងមូលបានវិនាសអន្តរាយយ៉ាងធ្ងន់ធ្ងរបំផុត»៕