(ភ្នំពេញ)៖ សម្តេចពិជ័យសេនា ទៀ បាញ់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ នៅព្រឹកថ្ងៃទី០៨ ខែមករា ឆ្នាំ២០២១នេះ បានបើកកិច្ចប្រជុំទ្វេភាគី និងចុះហត្ថលេខាលើពិធីសារកិច្ចសហប្រតិបត្តិការឆ្នាំ២០២០-២០២១ ជាមួយ នាយឧត្តមសេនីយ៍ ង៉ូ ស៊ុនលិច្ស រដ្ឋមន្ត្រីក្រសួងការពារប្រទេស នៃសាធារណរដ្ឋសង្គមនិយមវៀតណាម តាមប្រព័ន្ធ Video conference។
កិច្ចប្រជុំតាមប្រព័ន្ធវីដេអូនេះ បានធ្វើឡើងនៅអគារមិត្តភាពទីស្តីការគណៈរដ្ឋមន្ត្រី ដោយមានការអញ្ជើញចូលរួមពី នាយឧត្តមសេនីយ៍ វង្ស ពិសេន អគ្គមេបញ្ជាការ នៃកងយោធពលខេមរភូមិន្ទ, នាយឧត្តមសេនីយ៍ ជារដ្ឋលេខាធិការ អគ្គមេបញ្ជាការរង មេបញ្ជាការទាំងបីប្រភេទទ័ព អនុរដ្ឋលេខាធិការ ក្រសួងការពារជាតិ និងថ្នាក់ដឹកនាំតាមបណ្តាស្ថាប័នចំណុះក្រសួងការពារជាតិ អគ្គបញ្ជាការជាច្រើនរូបទៀតផងដែរ៕