(ភ្នំពេញ)៖ ក្រសួងសុខាភិបាល នៅព្រឹកថ្ងៃទី០៨ ខែមករា ឆ្នាំ២០២១នេះ បានចេញសេចក្តីប្រកាសព័ត៌មាន បញ្ជាក់ពីការរកឃើញពលករខ្មែរ ដែលទើបធ្វើដំណើរត្រឡប់មកពីប្រទេសថៃ ម្នាក់ថែមទៀត បានឆ្លងជំងឺកូវីដ១៩។
នៅថ្ងៃនេះផងដែរ ក្រសួងក៏បានប្រកាសមិនមានករណីព្យាបាល ជាសះស្បើយអ្នកជំងឺកូវីដ១៩នោះទេ។
អ្នកឆ្លងជំងឺកូវីដ១៩ ថ្មីនេះ គឺជាស្ត្រីជនជាតិខ្មែរ អាយុ៣៣ឆ្នាំ ស្នាក់នៅភូមិស្ពានកណ្តាល ឃុំបវេល ស្រុកបវេល ខេត្តបាត់ដំបង បានធ្វើដំណើរមកពីប្រទេសថៃ មកដល់កម្ពុជានៅថ្ងៃទី០៥ ខែមករា ឆ្នាំ២០២១។ បច្ចុប្បន្នអ្នកជំងឺត្រូវបានដាក់ឲ្យសម្រាកព្យាបាល នៅមន្ទីរពេទ្យបង្អែកខេត្តបន្ទាយមានជ័យ ។
សូមជម្រាបថា គិតត្រឹមម៉ោង៧៖០០នាទីព្រឹកថ្ងៃទី០៨ ខែមករា ឆ្នាំ២០២១នេះ កម្ពុជាមានអ្នកឆ្លងកូវីដ១៩ សរុបចំនួន ៣៨៦នាក់ ក្នុងនោះអ្នកព្យាបាលជាសះស្បើយចំនួន ៣៦២នាក់ និងអ្នកជំងឺ២៤នាក់ កំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យ៕