(បាត់ដំបង)៖ សាកលវិទ្យាល័យជាតិបាត់ដំបង បានរៀបចំប្រារព្ធពិធី អបអរសាទរខួបអនុស្សាវរីយ៍ លើកទី៤២ នៃ ថ្ងៃជ័យជំនះ ៧ មករា និងអបអរសាទរការកែប្រែឈ្មោះសាកលវិទ្យាល័យជាតិបាត់ដំបងថ្មី ព្រមទាំងអបអរសាទរសមិទ្ធផលថ្មីក្រោមកិច្ចសហប្រតិបត្តិការរវាងសាកលវិទ្យាល័យជាតិបាត់ដំបង និងសាកលវិទ្យាល័យបច្ចេកវិទ្យាសា្ថនគួយលីនក្រោមអធិ បតីភាពលោក សុខ ឃន សាកលវិទ្យាធិការនៃសាកលវិទ្យាល័យជាតិបាត់ដំបងនៅព្រឹកថ្ងៃទី ០៧ ខែមករា ឆ្នាំ២០២១ នៅសាលសន្និសីទនៃសាកលវិទ្យាជាតិបាត់ដំបង។

ថ្នាក់ដឹកនាំ មន្រ្តីរាជការ សាស្រ្តាចារ្យ និងបុគ្គលិកទាំងអស់បានចូលរួម នៅ ក្នុងពិធីនេះ។ លោក សុខ ឃន បានមានប្រសាសន៍រំលឹកឡើងថា៖ សូមឱ្យស្មារតីថ្ងៃរំដោះជាតិនេះ ស្ថិតនៅក្នុងក្រអៅបេះដូងពលរដ្ឋគ្រប់រូបនិងជានិមិត្តរូបនៃសាមគ្គីជាតិ និង មហាគ្រួសារខ្មែរស្ថិតនៅជាអមតៈក្រោមម្លប់សុខសន្តិភាពជានិច្ចនិរន្ត៍។

នៅក្នុងពិធីនេះដែរ សាកលវិទ្យាល័យជាតិបាត់ដំបងក៏បានរៀបចំពិធីចែកប័ណ្ណសរសើរដល់ថ្នាក់ដឹកនាំ មន្រ្តីរាជការ សាស្រ្តាចារ្យ និងបុគ្គលិកទាំងអស់ដែលបានខិតខំប្រឹងប្រែងបំពេញភារកិច្ចយ៉ាងសកម្មក្នុងអំឡុងពេលកំណែទម្រង់របស់គណៈកម្មការគ្រប់គ្រងសាកលវិទ្យាល័យជាតិបាត់ដំបង។

សាកលវិទ្យាល័យក៏បានអបអរសាទរសមិទ្ធផលថ្មីៗជាច្រើន ក្នុងនោះមានទូរទស្សន៍ខ្នាតធំ LED ទំហំ ២៤ ម៉ែត្រការ៉េ ដែលជាអំណោយ ដ៏ថ្លៃថ្លារបស់សាកលវិទ្យាល័យបច្ចេកវិទ្យាអេឡិចត្រូនិកគួយលីនតាមរយៈវិទ្យាសា្ថនខុងជឺនៃសាកលវិទ្យាល័យជាតិបាត់ដំបងដែលស្ថិតក្នុងក្របខណ្ឌកិច្ចសហប្រតិបត្តិការអន្តរជាតិក្នុងការអភិវឌ្ឍន៍សាកលវិទ្យាល័យជាតិបាត់ដំបងឱ្យសម្រេចបាននូវចក្ខុវិស័យក្នុងផែនការយុទ្ធសាស្រ្តឆ្នាំ២០២១-២០៣០របស់ខ្លួន ដើម្បីក្លាយជា គ្រឹះស្ថានអប់រំឧត្តមសិក្សាពហុជំនាញ និងស្រាវជ្រាវដែលមានកិត្យានុភាព ឧត្តមភាព និងការជឿទុក ចិត្តក្នុងក្របខណ្ឌជាតិ និងអន្តរជាតិ៕