(កំពង់ស្ពឺ)៖ ក្រុមការងារគ្រូពេទ្យស្ម័គ្រចិត្តលោក ហ៊ុន ម៉ានី បានបន្តចុះអប់រំ និងផ្សព្វផ្សាយពីវិធីសាស្ត្រការពារខ្លួនពីជំងឺកូវី១៩ ជូនដល់ប្រជាពលរដ្ឋដែលរស់នៅ ក្នុងស្រុកឱរ៉ាល់ ខេត្តកំពង់ស្ពឺ ដើម្បីឲ្យពួកគាត់បានយល់កាន់តែច្បាស់ ពីផលវិបាកនៃជំងឺដ៏កាចសាហាវមួយនេះ ដែលបាន និងកំពុងកើតមានឡើងនៅពិភពលោកនេះ ក្នុងនោះក៏មានប្រទេសកម្ពុជាយើងដែរ។
ការបន្តចុះអប់រំជូនប្រជាពលរដ្ឋ របស់ក្រុមការងារគ្រូពេទ្យស្ម័គ្រចិត្តលោក ហ៊ុន ម៉ានី ទាំង១៨រូប ធ្វើឡើងនាថ្ងៃទី០៧ ខែមករា ឆ្នាំ២០២១ គឺមានការដឹកនាំដោយលោកវេជ្ជបណ្ឌិត សាយ ឫទ្ធី អនុប្រធានប្រតិបត្តិក្រុមការងារគ្រូពេទ្យស្ម័គ្រចិត្តលោក ហ៊ុន ម៉ានី និងជាអនុប្រធានក្រុមការងារថ្នាក់កណ្តាល ចុះជួយមូលដ្ឋានស្រុកឱរ៉ាល់ តំណាងលោក លេង ផាលី រដ្ឋលេខាធិការក្រសួងផែនការ សហប្រធានអង្កេតប្រជាសាស្រ្ត និងសុខភាពជាមួយក្រសួងសុខាភិបាល និងជាប្រធានប្រតិបត្តិក្រុមការងារគ្រូពេទ្យស្ម័គ្រចិត្តលោក ហ៊ុន ម៉ានី និងជាអនុប្រធានទី១ ក្រុមការងារថ្នាក់កណ្តាលចុះជួយស្រុកឱរ៉ាល់ ទទួលបន្ទុក៣ឃុំ។
ការងារមនុស្សធម៌របស់ក្រុមការងារគ្រូពេទ្យស្ម័គ្រចិត្តលោក ហ៊ុន ម៉ានី ក៏មានការសហការជាមួយកិត្តិសេដ្ឋាបណ្ឌិតទេសរដ្ឋមន្ត្រី ឆាយ ថន ប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះជួយខេត្តកំពង់ស្ពឺ មន្ទីរសុខាភិបាលខេត្តកំពង់ស្ពឺ ក្រុមការងារថ្នាក់កណ្តាលចុះជួយស្រុកឱរ៉ាល់ សហភាពសហព័ន្ធយុវជនកម្ពុជាស្រុកឱរ៉ាល់ និងអាជ្ញាធរមូលដ្ឋានស្រុកឱរ៉ាល់ ដឹកនាំដោយ លោក ម៉ួង ធី អភិបាលស្រុកឱរ៉ាល់ និងលោក ចែម សារីម ប្រធានក្រុមប្រឹក្សាស្រុក ព្រមទាំងពាំនាំការសួរសុខទុក្ខ និងនាំយកអំណោយដ៏ថ្លៃថ្លារបស់លោក ហ៊ុន ម៉ានី តំណាងរាស្រ្ត នៃព្រះរាជាណាចក្រកម្ពុជា ប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា និងប្រធានកិត្តិយសក្រុមការងារគ្រូពេទ្យស្ម័គ្រចិត្តលោក ហ៊ុន ម៉ានី។
ក្រុមការងារគ្រូពេទ្យស្ម័គ្រចិត្តលោក ហ៊ុន ម៉ានី បានអប់រំដល់ប្រជាពលរដ្ឋពីវិធានការការពារទប់ស្កាត់ជំងឺកូវីដ-១៩ និងបានបង្រៀនប្រជាពលរដ្ឋឲ្យយល់ដឹងអំពីការរស់នៅស្អាត ប្រកបដោយអនាម័យល្អ ដោយលាងសម្អាតដៃនឹងអាកុល ឬសាប៊ូ ពាក់ម៉ាស់ឲ្យបានត្រឹមត្រូវនៅពេលចាំបាច់ ហូបស្អាត គេងស្អាត ចែក អាកុល ម៉ាស់ ម៉ាស៊ីនវាស់កម្តៅ សាប៊ូ ក្រដាស់រូបភាពផ្សព្វផ្សាយអំពីការថែរក្សាអនាម័យ រួមទាំងស្បៀងអាហារមានជានំ ប៉័ង និងទឹកសុទ្ធ។
ប្រជាពលរដ្ឋចំនួន ៣៦គ្រួសារ ស្មើនឹង ៤៥នាក់ ទទួលបានការពិនិត្យ និងព្យាបាលដោយមិនគិតថ្លៃតាមខ្នងផ្ទះនៅតំបន់ដាច់ស្រយាល ក្នុងភូមិរោងម៉ាស៊ីន ឃុំតាសាល ស្រុកឱរ៉ាល់ ខេត្តកំពង់ស្ពឺ ក្នុងនោះរួមមានជំងឺទូទៅ អប់រំសុខភាព ជំងឺផ្លូវចិត្ត ជំងឺទូទៅផ្នែកកុមារ ជំងឺរោគស្ត្រី ជំងឺឫសដូងបាត ក្រពះ ពោះវៀន ជំងឺផ្លូវដង្ហើម ជំងឺប្រដាប់រំលាយអាហារ ជំងឺព្រូន ជំងឺស្លេកស្លាំង ជំងឺសន្លាក់ឆ្អឹង ជំងឺកាមរោគ ជំងឺគ្រុនចាញ់ ជំងឺគ្រុនឈាម គ្រុនឈិះ ជំងឺទឹកនោមផ្អែម ជំងឺបេះដូង លើសឈាម ជំងឺតម្រងនោម អេកូ(ពិនិត្យលើផ្ទៃពោះស្ត្រីមានគភ៌)…។ល។
លើសពីនេះទៅទៀត ក្រុមការងារគ្រូពេទ្យស្ម័គ្រចិត្តលោក ហ៊ុន ម៉ានី ក៏បានជួយកសាងទីស្នាក់គណបក្សប្រជាជនកម្ពុជាឃុំសម្រេចបាន ៧០% ចំនួន០៣ឃុំ រួមមាន៖ ១៖ ឃុំរស្មីសាមគ្គី, ២៖ ឃុំហោងសំណំ, ៣៖ ឃុំតាសាល, ៤៖ កំពុងរៀបចំសាងសង់ព្រះវិហារចំនួន ០១ទៀត ក្នុងឃុំរស្មីសាមគ្គី និង៥៖ កំពុងរៀបចំជួសជុលផ្លូវក្រោយពេលទឹកជំនន់ចម្ងាយ ៥គីឡូម៉ែត្រ ក្នុង ឃុំរស្មីសាមគ្គី ។
សូមជម្រាបថា រយៈពេល៩៧ខែ (ថ្ងៃទី០២ ខែធ្នូ ឆ្នាំ២០១២ ដល់ថ្ងៃទី០៧ ខែមករា ឆ្នាំ២០២១ មានរយៈពេល៩ឆ្នាំ ក្រោមការដឹកនាំរបស់លោក ហ៊ុន ម៉ានី ក្រុមការងារគ្រូពេទ្យស្ម័គ្រចិត្តលោក ហ៊ុន ម៉ានី មានចំនួន ៤៣៦៣នាក់ បានចុះពិនិត្យ និងព្យាបាលជំងឺជូនប្រជាពលរដ្ឋដោយឥតគិតថ្លៃ ក្នុង២០រាជធានី ខេត្ត នៃព្រះរាជាណាចក្រកម្ពុជា បានចំនួន ២៦៨លើក ក្នុងនោះព្យាបាលជំងឺជូនប្រជាពលបានចំនួន ៥៤០,៧៥០នាក់ (ហាសិបបួនម៉ឺនសូន្យពាន់ប្រាំពីររយហាសិបនាក់) ក្នុងនោះស្ត្រីមានចំនួន ៣៦៣,៦៧១នាក់ (សាមសិបប្រាំមួយម៉ឺនបីពាន់ប្រាំមួយរយចិតសិបមួយនាក់)។
គិតត្រឹមត្រូវនឹងថ្ងៃទី៧ ខែមករា ឆ្នាំ២០២១ បានព្យាបាលជំងឺជូនប្រជាពលរដ្ឋក្នុង ខេត្តកំពង់ស្ពឺ ខេត្តកំពង់ធំ ខេត្តកំពង់ចាម ខេត្តព្រៃវែង ខេត្តតាកែវ ខេត្តកំពង់ឆ្នាំង ខេត្តសៀមរាប(អង្គរសង្ក្រាន្ត) ខេត្តបាត់ដំបង ខេត្តកណ្តាល ខេត្តព្រះវិហារ ខេត្តកំពត ខេត្តកែប ខេត្តកោះកុង ខេត្តព្រះសីហនុ ខេត្តបន្ទាយមានជ័យ ខេត្តស្វាយរៀង និងរាជធានីភ្នំពេញ ខេត្តឧត្តរមានជ័យ ខេត្តត្បូងឃ្មុំ ដោយបានសហការជាមួយ សាខាសកម្មជនក្រុមការងារយុវជនគណបក្សរាជធានីភ្នំពេញ សហភាពសហព័ន្ធយុវជនកម្ពុជា យុវជនកាកបាទក្រហមកម្ពុជា យុវជនកាយរិទ្ធិកម្ពុជា ក្រុមការងារថ្នាក់កណ្តាល ចុះជួយរាជធានី និងខេត្ត ក្រុមការងារថ្នាក់ជាតិចុះជួយរាជធានីនិងខេត្ត មន្ទីរសុខាភិបាលខេត្ត និងអាជ្ញាធរ គ្រប់ជាន់ថ្នាក់។
លោកវេជ្ជបណ្ឌិត សាយ ឫទ្ធី តំណាងលោក លេង ផាលី បានឲ្យដឹងថា «ការចុះពិនិត្យនិងព្យាបាលប្រជាពលរដ្ឋនេះ គឺជាស្មារតីមនុស្សធម៌សុទ្ធសាធដែលស្តែងចេញពីសេចក្តីស្រឡាញ់បងប្អូនប្រជាពលរដ្ឋក្នុងនាមជាឈាមជ័រខ្មែរដូចគ្នា ខ្មែរស្រឡាញ់ខ្មែរ ខ្មែររួបរួមគ្នាតែមួយអនាគតតែមួយពោលគឺការព្យាបាលមិនប្រកាន់បក្សពួក សាសនា ឬនិន្នាការនយោបាយណាមួយឡើយ សំដៅចូលរួមកាត់បន្ថយភាពក្រីក្ររបស់ប្រជាពលរដ្ឋមួយចំណែកផងដែរ។ បញ្ហាសុខភាពគឺជាមូលដ្ឋានគ្រឹះដើម្បីឆ្ពោះទៅរកភាពជោគជ័យ សុភមង្គល ជូនគ្រួសារ និងសង្គមជាតិ»។
លោកបន្ថែមថា «ការងារមនុស្សធម៌ចុះជួយប្រជាពលរដ្ឋរៀងរហូតមកទល់នឹងពេលនេះ គឺកើតចេញពីការឧបត្ថម្ភគាំទ្រ និងការចង្អុលបង្ហាញពីសំណាក់ឯកឧត្តមប្រធាន ហ៊ុន ម៉ានី ដែលលោកតែងខ្វល់ខ្វាយគិតគូរ និងរួមសុខរួមទុក្ខជាមួយប្រជាពលរដ្ឋ ដែលជួបការលំបាកគ្រប់កាលទេសៈ»៕