(ភ្នំពេញ)៖ លោក ហ៊ុន ម៉ានី ប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា បានផ្ញើសារទៅដល់ និស្សិតជ័យលាភីអាហារូបករណ៍ថ្មី របស់រដ្ឋាភិបាលជប៉ុនទាំង២២រូបថា ត្រូវមានការតស៊ូជឿជាក់លើខ្លួនឯង និងត្រូវមានក្តីសង្ឃឹមដោយ ប្រកាន់ខ្ជាប់នូវគំនិតវិជ្ជមាន។
បន្ថែមពីលើនេះទៀត លោក ហ៊ុន ម៉ានី បានអបអរសាទរ និងជូនពរដល់និស្សិតជ័យលាភីទទួលបានជោគជ័យក្នុងការសិក្សា ហើយពាំនាំមោទនភាពជាតិមកជូនកម្ពុជាវិញផងដែរ។
ប្រធានសហភាពសហព័ន្ធយុវជនកម្ពុជាលោក ហ៊ុន ម៉ានី បានលើកឡើងបែបនេះ ខណៈជួបសំណេះសំណាលជាមួយ និស្សិតជ័យលាភី អាហារូបករណ៍ រដ្ឋាភិបាលជប៉ុន MONBUKAGAKUSHO (MEXT Scholarship 2016) ទាំង២២រូ កាលពីរសៀល ថ្ងៃទី ១៨ ខែកុម្ភៈ ឆ្នាំ២០១៦ នៅទីស្នាក់ការកណ្តាលសហភាពសហព័ន្ធយុវជនកម្ពុជា ហៅកាត់ថា ស.ស.យ.ក.។ នេះបើតាមការផ្សព្វផ្សាយ របស់ទំព័រ Facebook សហភាពសហព័ន្ធយុវជនកម្ពុជា។
គួរបញ្ជាក់ថា និស្សិតទាំង២២ រូប នឹងត្រៀមខ្លួនចាកចេញពីមាតុភូមិទៅកាន់ប្រទេសជប៉ុន នៅដើមខែមេសាខាងមុខ ដោយបែងចែកទៅតាមកំរិតសិក្សាផ្សេងៗគ្នា ដូចជា ថ្នាក់ស្រាវជ្រាវ ថ្នាក់ឧត្តមសិក្សា ថា្នក់មធ្យមសិក្សាបច្ចេកទេស និង ថ្នាក់បណ្តុះបណ្តាលវិជ្ជាជីវៈ៕