(កំពង់ស្ពឹ)៖ លោក ហេង សុខគង់ បានថ្លែងប្រាប់យុវជនថា សូមកុំចង់សាកល្បងភ្លក្សរសជាតិសង្គ្រាមឲ្យសោះ កម្ពុជាទម្រាំមានសុខសន្តិភាពដូចរាល់ថ្ងៃ គឺត្រូវចំណាយពេលវេលារាប់រយឆ្នាំ ចំណាយអាយុជីវិតរាប់លាននាក់។ ដូច្នេះ បើមិនមាន៧មករា ឆ្នាំ១៩៧៩ទេ និងយោបាយឈ្នះឈ្នះ ដែលសម្តេចតេជោយកអាយុជីវិតជាដើមទុនទេ ក៏គ្មានសន្តិភាព និងការអភិវឌ្ឍដូចសព្វថ្ងៃនេះដែរ។
ការថ្លែងបែបនេះ របស់លោកក្នុងឱកាសអញ្ជើញជាអធិបតីក្នុងកម្មវិធី អបអរសាទរខួបលើកទី៤២ នៃទិវាជ័យជម្នះ៧មករា នៅឃុំចំនួន២ គឺឃុំភក្តី និងឃុំកាត់ភ្លុក ស្រុកបសេដ្ឋ ខេត្តកំពង់ស្ពឺ នៅថ្ងៃទី៧ ខែមករា ឆ្នាំ២០២១នេះ។
ក្នុងឱកាសនោះ លោកបានលើកឡើងពីកិច្ចខិតខំប្រឹងប្រែង និងពលីកម្មគ្រប់បែបយ៉ាងរបស់ឥស្សរជនសំខាន់ៗរបស់ជាតិ ជាពិសេស សម្តេចតេជោ ប្រធានគណបក្ស ក្នុងការធ្វើពលិកម្មគ្រប់បែបយ៉ាង ដើម្បីកសាងនូវប្រទេសមួយ ដែលចេញពីវាលពិឃាត បាតដៃទទេរ និងចេញពីគំនរផេះផង់ស្ទើររលាយ ក្លាយជាប្រទេសប្រកបដោយសុខសន្ដិភាព និងការរីកចម្រើនយ៉ាងឆាប់រហ័ស ស្មើមុខស្មើមាត់ជាមួយបណ្តាប្រទេសនានាក្នុងលោក។
ជាពិសេសក្នុងដំណាក់កាល Covid-19 ដែលកាន់តែឆ្លុះបញ្ចាំងយ៉ាងច្បាស់ពីភាពជាអ្នកដឹកនាំរបស់ គណបក្សប្រជាជនកម្ពុជា ដែលមានសម្តេចតេជោ ហ៊ុន សែន ជាប្រធាន ដែលមានវិធានការណ៍ម៉ឹងម៉ាត់ ជាក់លាក់ ប្រកបដោយចក្ខុវិស័យវែងឆ្ងាយធ្វើឲ្យកម្ពុជា ត្រូវបានគេវាយតម្លៃថាជាប្រទេសទី១ នៅលើពិភពលោក ដែលអាចទប់ស្កាត់ និងគ្រប់គ្រងជំងឺ Covid-19 បានល្អជាងគេ។
ត្បិតណាស់កម្ពុជា ជាប្រទេសតូចល្អិត តែបេះដូងធំទូលាយ ជាក់ស្តែងការទទួលនាវា Westerdam ដែលមិនមានប្រទេសណាហ៊ានទទួល។ លើសពីនោះ កម្ពុជាយើង បានផ្តល់ម៉ាស និងបរិក្ខារវេជ្ជសាស្ត្រដល់ប្រទេសក្នុងតំបន់ដូចជា៖ ឡាវ មីយ៉ាន់ម៉ា ទីម័រឡេស្តេ និងនេប៉ាល់ជាដើម។
ជាមួយគ្នានេះ លោកបានផ្តាំផ្ញើឲ្យមានការប្រុងប្រយ័ត្នជានិច្ចជាមួយជំងឺកូវីដ-១៩ ដោយត្រូវគោរព និងអនុវត្តវិធាននានា របស់ក្រសួងសុខាភិបាលឲ្យបានត្រឹមត្រូវ និងត្រូវរាយការណ៍បើមានបងប្អូនយើងជាពលករមកពីក្រៅប្រទេស មិនបានធ្វើចត្តាឡីស័កបានត្រឹមត្រូវជាដើម៕