(ភ្នំពេញ)៖ ក្នុងរយៈពេល៤២ឆ្នាំនេះ (០៧ មករា ១៩៧៩-០៧ មករា ២០២១) ក្រោមនយោបាយឈ្នះឈ្នះរបស់សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីនៃកម្ពុជា បានធ្វើឲ្យរាជធានីភ្នំពេញ មានការអភិវឌ្ឍរីកចម្រើន យ៉ាងឆាប់រហ័ស។

សម្រាប់រាជធានីភ្នំពេញ នាពេលបច្ចុប្បន្នក្រោមម្លប់នៃសន្ដិភាព មានអគារខ្ពស់ៗ ជាង២,០០០អគារ និងហេដ្ឋារចនាសម្ព័ន្ធជាច្រើនទៀត ដូចជាស្ពានអាកាស ផ្លូវក្រោមដី ស្ពានអាកាស ថ្មើរជើង ការស្ថាបនាផ្លូវពង្រីកបន្ថែម កសាងសួនច្បារជាច្រើនកន្លែង ការពង្រីកបន្ថែមនូវស្ថានីយបូមទឹកជាច្រើនកន្លែង ការអភិវឌ្ឍប្រឡាយបង្ហូរទឹក និងការដាក់បណ្ដោយលូធំៗ ជាច្រើនកន្លែងផងដែរ ដើម្បីធ្វើយ៉ាងណាអាចរំដោះទឹកចេញពីរាជធានីភ្នំពេញ បានកាន់តែលឿន។

លោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ បានបញ្ជាក់ថា ថ្ងៃ០៧ មករា ១៩៧៩-០៧ មករា ២០២១ មានអាយុកាល៤២ឆ្នាំហើយ។ ថ្ងៃ០៧ មករា ជាថ្ងៃប្រវត្តិសាស្ត្រដែលប្រជាពលរដ្ឋកូនចៅ ជំនាន់ក្រោយទាំងអស់ត្រូវចងចាំ ព្រោះជាថ្ងៃដែលសម្ដេចតេជោ ហ៊ុន សែន បានរំដោះប្រជាពលរដ្ឋ ចេញពីការកាប់សម្លាប់របស់បនក្បត់ ប៉ុល ពត។

លោក ឃួង ស្រេង បានបន្ដថា សម្ដេចតេជោ ហ៊ុន សែន មិនត្រឹមតែរំដោះប្រទេសចេញពីការកាប់សម្លាប់ប៉ុណ្ណោះទេ តែសម្ដេចនៅបានកសាងអភិវឌ្ឍន៍ ប្រទេសជាតិ ចេញពីចំណុចសូន្យឲ្យប្រទេសមានការអភិវឌ្ឍរីកច ម្រើន លើគ្រប់វិស័យថែមទៀត និងបានធ្វើឲ្យកំណើនសេដ្ឋកិច្ចកើនឡើងជាប្រចាំ។

អ្វីដែលជាភាពជាក់ស្តែងនោះ គឺមកដល់ពេលនេះ សម្រាប់រាជធានីភ្នំពេញមានអាគារខ្ពស់ៗ ចាប់ពី៧ជាន់ឡើងទៅ រហូតដល់ទៅជាង២,០០០អាគារ ដែលបានបង្ហាញឲ្យពិភពលោក មើលឃើញថា កម្ពុជាមានការអភិវឌ្ឍរីកចម្រើនយ៉ាងខ្លាំង ក្រោមការដឹកនាំរបស់សម្ដេចតេជោ។

បន្ថែមពីនេះទៀត ក្នុងរយៈពេលចុងក្រោយនេះ ក្រោមការដឹកនាំរបស់លោក ឃួង ស្រេង ជាអភិបាលរាជធានីភ្នំពេញ បានដាក់បណ្ដាញធំៗ ទំហំ ១ម៉ែត្រ, ១ម៉ែត្រកន្លះ, ២ម៉ែត្រ, ២ម៉ែត្រកន្លះ នៅតាមបណ្ដោយផ្លូវមួយចំនួន ការស្ដារលូ ប្រឡាយ រាប់ម៉ឺនគីឡូម៉ែត្រ និងការស្ថាបនាស្ថានីយ៍បូមទឹក ជាមួយការបន្ថែមនូវម៉ាស៊ីនបូមទឹក នៅតាមបណ្ដាស្ថានីយ៍សំខាន់ៗ មួយចំនួននោះ គឺបានធ្វើឲ្យរាជធានីភ្នំពេញ លែងមានការលិចលង់ទៀត។

សម្រាប់រាជធានីភ្នំពេញ គិតមកដល់ពេលនេះមានស្ថានីយបូមទឹក ចំនួន១៤កន្លែងហើយ ក្នុងនោះរួមមាន៖ ស្ថានីយ៍បូមទឹកបឹងត្របែក, ស្ថានីយ៍បូមទឹកបឹងទំពុន, ស្ថានីយ៍បូមទឹកលូប្រាំ, ស្ថានីយ៍បូមទឹកបុរី១០០ខ្នង, ស្ថានីយ៍បូមទឹកទូលសំពៅ, ស្ថានីយបូមទឹកកប់ស្រូវ, ស្ថានីយ៍បូមទឹកស្វាយប៉ាក, ស្ថានីយ៍បូមទឹកព្រះពន្លា, ស្ថានីយ៍បូមទឹកទួលគោកទី១, ស្ថានីយ៍បូមទឹកទួលគោកទី២ និងស្ថានីយ៍៤កន្លែងទៀត នៅមុខរាជវាំង និងព្រះគន្លង់។ ជាទិសដៅបន្តនៅឆ្នាំ២០២១ខាងមុខនេះ រដ្ឋបាលរាជធានីភ្នំពេញ ក៏បានលើកគំរោងស្តារប្រឡាយចំនួន១២ខ្សែ ក្នុងចំណោមប្រឡាយ៣៧ខ្សែ ដែលត្រូវស្តារឡើងវិញផងដែរ។

ដោយឡែក ស្ពានអាកាសថ្មើរជើង នាពេលបច្ចុប្បន្នចំនួន៤កន្លែងក្នុងនោះ រួមមាន៖ នៅតំបន់ជម្ពូវ័ន្ត ខណ្ឌពោធិ៍សែនជ័យ មានចំនួន២កន្លែង និងនៅតំបន់ភ្លើងស្តុបនាងគង្ហីង មានចំនួន១កន្លែង និងនៅផ្សារដើមគរ មានមួយកន្លែងទៀត ដែលបានបើកសម្ពោធដាក់ឲ្យប្រើប្រាស់ជាផ្លូវការ កាលពីការចុងកក្កដា ឆ្នាំ២០២០កន្លងទៅនេះ។

បើតាមគម្រោងរដ្ឋបាលរាជធានីភ្នំពេញ នឹងកសាងស្ពានអាកាសថ្មើជើងចំនួន២៥ទីតាំងទៀត នៅក្នុងរាជធានីភ្នំពេញ ដើម្បីឆ្លើយតបទៅនឹងប្រទេសជាតិ មានការអភិវឌ្ឍ និងទីក្រុងមានភាពស៊ីវិល័យ និងបង្កលក្ខណៈងាយស្រួល ដល់ប្រជាពលរដ្ឋឆ្លងកាត់ផ្លូវប្រកបដោយសុវត្ថិភាព។ ខណៈស្ពានអាកាស មានចំនួន៦កន្លែង គឺស្ពានអាកាសក្បាលថ្នល់ ស្ពានអាកាសស្ទឹងមានជ័យ ស្ពានអាកាស៧មករា ស្ពានអាកាស៥មករា ស្ពានអាកាសស្តុបផ្សារដីហុយ និងស្ពានអាកាសចោមចៅ ដែលស្ពាននេះក្រុមការងារបាននិងកំពុងបើកការដ្ឋានស្ថាបនាយ៉ាងញាប់ដៃញាប់ជើង។

លោក ឃួង ស្រេង ក៏បានបង្ហាញអំពីសួនច្បារសាធារណៈជាច្រើនកន្លែងផងដែរ ដោយសួនច្បារវាមិនត្រឹមតែជាកន្លែងទាក់ទាញនូវភ្ញៀវជាតិអន្តរជាតិប៉ុណ្ណោះទេ ប៉ុន្តែវាក៏ជាកន្លែងមួយ សម្រាប់ប្រជាពលរដ្ឋបានហាត់ប្រាណផងដែរ ដោយហេតុថា ការហាត់ប្រាណជាឱសថដ៏សក្កិសិទ្ធ ក្នុងការព្យាបាលជំងឺគ្រប់ប្រភេទ។

លោក ឃួង ស្រេង បានថ្លែងថា ទាំងអស់នេះ គឺជាសមិទ្ធិផលជាប្រវត្តិសាស្ត្រដ៏ថ្លៃថ្លាបំផុតរបស់ប្រជាជនកម្ពុជាគ្រប់រូប គ្រប់ជនជាតិ គ្រប់ជំនឿសាសនា គ្រប់និន្នាការនយោបាយ ដែលយើងទាំងអស់គ្នា ត្រូវរួមគ្នាការពារថែរក្សា ពូនជ្រំ មិនឲ្យបុគ្គលណា ក្រុមណា ឬបរទេសណាមកបំផ្លាញទៅវិញបានឡើយ៕