(ភ្នំពេញ)៖ ក្នុងឱកាសចូលរួមអបអរសាទរខួបលើកទី៤២ ទិវាជ័យជម្នះ ៧មករា (៧មករា១៩៧៩-៧មករា២០២១) នាយឧត្តមសេនីយ៍ ម៉ឹង សំផន រដ្ឋលេខាធិការក្រសួងការពារជាតិ បានដឹកនាំក្រុមកីឡាករក្រសួងការពារជាតិ ប្រកួតកីឡាវាយសី មិត្តភាព ដើម្បីអបអរខួបអនុស្សាវរីយ៍លើកទី៤២ ទិវាជ័យជម្នះ ៧មករា ឆ្នាំ២០២១ ដែលជាថ្ងៃបានធ្វើឲ្យប្រជាជនកម្ពុជាទូទាំងប្រទេស បានរស់រានមានជីវិតឡើងវិញនិងមានអ្វីៗគ្រប់បែបយ៉ាងមកដល់សព្វថ្ងៃនេះ។
នាយឧត្តមសេនីយ៍ ម៉ឹង សំផន បានលើកឡើងថា ថ្ងៃជ័យជំនះ ៧មករា ជាថ្ងៃជ័យជំនះរបស់យើងទាំងអស់គ្នា។ សម្រាប់ប្រជាជនកម្ពុជា ថ្ងៃនេះកាលពី៤២ឆ្នាំមុន ជាថ្ងៃដែលយើងបានជួបជុំក្រុមគ្រួសារយើងជាថ្មី និងក៏ជាថ្ងៃដែលយើងដណ្តើមបានមកវិញនូវសិទ្ធិ និងសេរីភាពពេញលេញពីរបបដ៏ខ្មៅងងឹតនៃបនប្រល័យពូជសាសន៍។
នាយឧត្តមសេនីយ៍បានថ្លែងថា «ថ្ងៃនេះ កាលពី៤២ឆ្នាំមុន ក៏ជាថ្ងៃដែលយុវជនយើងជំនាន់មុន សម្រេចបាននូវលទ្ធផលដ៏ត្រចះត្រចង់ ជូនជាតិ និងមាតុភូមិ ដែលភាពជោគជ័យនេះ កើតចេញពីការលះបង់ ការដាក់ប្រយោជន៍បុគ្គលម្នាក់ៗដោយឡែក ហើយមករួបរួមគ្នា ពុះពារដើម្បីសម្រេចនូវបុព្វហេតុរួមខាងលើ។ ដោយយល់ច្បាស់ពីពលិកម្មមិនអាចកាត់ថ្លៃបានរបស់យុវជនជំនាន់មុនក្នុងបុព្វហេតុស្វែងរកសុខសន្តិភាពជូនជាតិ និងមាតុភូមិ យុវជនជំនាន់ក្រោយក៏តោងចងចាំ និងបេ្តជ្ញាឲ្យបានមុះមុតក្នុងការការពារឲ្យបានដាច់ខាតនូវភាពសុខដុមរមនា បូរណភាពទឹកដី និងអធិបតេយ្យភាពជាតិយើងបន្តទៅថ្ងៃអនាគត។
សូមបញ្ជាក់ថា នៅថ្ងៃទី០៧ ខែមករា ឆ្នាំ២០២១នេះ ជាខួបលើកទី៤២ឆ្នាំ នៃថ្ងៃរំដោះ៧មករា។ នៅឆ្នាំនេះ រដ្ឋាភិបាល និងគណបក្សប្រជាជនកម្ពុជា ពុំបានរៀបចំអង្គមិទ្ទិញឱ្យបានធំដុំដូចសព្វដងនោះទេ ដោយសារតែការរីករាលដាលជំងឺកូវីដ១៩ ដែលបន្តពីឆ្នាំមុន។ ទោះជាយ៉ាងនេះក្តី នៅតាមបណ្តាញសង្គម Facebook ទាំងអ្នកនយោបាយ យុវជន និងប្រជាពលរដ្ឋ បានបង្ហោះសាទរដល់ខួបលើកទី៤២ឆ្នាំ នៃថ្ងៃកំណើតទី២ «៧មករា» ផងដែរ៕