(ក្រចេះ)៖ លោក វ៉ា ថន អភិបាលខេត្តក្រចេះ បានក្រើនរំឮកដល់អភិបាលក្រុង-ស្រុកទូទាំងខេត្ត បន្តទប់ស្កាត់ការចូលកាប់ទន្រ្ទានរំលោភយកដីព្រៃ និងបំផ្លាញសត្វព្រៃចាត់កម្លាំងសមត្ថកិច្ចចុះយាមល្បាត ពិនិត្យទីតាំងជាក់ស្តែង ទប់ស្កាត់ការនេសាទខុសច្បាប់ បណ្តាលឱ្យសត្វកម្របានបាត់បង (សត្វផ្សោត) ដោយត្រូវពង្រឹងក្រុមអភិរក្ស និងណែនាំផ្សព្វផ្សាយដល់ប្រជាមូលដ្ឋាន។ ដោយឡែកមន្ទីរកសិកម្ម បន្តសហការជាមួយជំនាញ ក្នុងការពិនិត្យតាមដានលើការងារ បង្កបង្កើនផលស្រូវប្រាំង ដើម្បីអន្តរាគមឆ្លើយតបទៅនឹងគ្រោះមហន្តរាយនានាដែលកើតមាន។
ការក្រើនរំឮកបែបនេះ របស់អភិបាលខេត្តក្រចេះ បានធ្វើឡើងនៅក្នុងពិធីបើកកិច្ចប្រជុំបូកសរុបលទ្ធផលការងារប្រចាំឆ្នាំ២០២០ ដែលរដ្ឋបាលខេត្ត រួមនឹងមន្ទីរអង្គភាពពាក់ព័ន្ធជុំវិញខេត្តសម្រេចបាន និងលើកទិសដៅបន្តឆ្នាំ២០២១ នៅសាលប្រជុំសាលាខេត្តក្រចេះ នៅថ្ងៃទី០៦ ខែមករា ឆ្នាំ២០២១នេះ។
ក្នុងកិច្ចប្រជុំលោកអភិបាលខេត្ត បានកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះមន្ទីរអង្គភាព និងស្ថាបន័ពាក់ព័ន្ធទាំងអស់ ដែលបានខិតខំបំពេញតួនាទីភារកិច្ចរបស់ខ្លួននីមួយៗ ប្រកបដោយស្មារតីទំនួលខុសត្រូវ និងទទួលបានផ្លែផ្ការគួរជាទីមោទន។
ជាមួយគ្នានេះ លោកអភិបាលក៏បានជំរុញឱ្យគ្រប់គណៈបញ្ជាការឯកភាពខេត្តស្រុកក្រុងទាំងអស់ ត្រូវយកចិត្តទុកដាក់ពង្រឹងកិច្ចសហការល្អ និងផ្តល់ព័ត៌មានជាក់លាក់ឱ្យបានទាន់ពេលវេលា ធ្វើយ៉ាងណាការពារសុខសុវត្ថិភាពជូនប្រជាពលរដ្ឋ។ ម្យ៉ាងវិញទៀតត្រូវពង្រឹងការដោះស្រាយបញ្ហាទំនាស់ដីធ្លី ដោយធ្វើការស្រង់ស្ថិតិកំណត់ចំនួន។
លោក វ៉ា ថន បានជំរុញឱ្យខិតខំកសាងនូវប្រព័ន្ធហេដ្ឋារចនាសម្ព័ន្ធនានា និងកំណត់នូវចំណីផ្លូវឱ្យបានច្បាស់លាស់ ហើយមន្ទីរជំនាញពាក់ព័ន្ធ សូមជួយសម្រុះសម្រួលដល់ដំណើរកសាង និងអភិវឌ្ឍរបស់មន្ទីរវិស័យ ដែលនឹងទទួលអនុវត្តគម្រោងនៅតាមមូលដ្ឋាននៅឆ្នាំថ្មីនេះ, បន្តស្រង់ទិន្ន័យគ្រួសារក្រីក្រ ឆ្លើយតបក្នុងបរិបទជំងឺកូវីដ-១៩ និងគោលនយោបាយរបស់រដ្ឋាភិបាល ប្រកបដោយសុក្រឹតភាព និងតម្លាភាព ជៀសវាងភាពលម្អៀង, គណៈបញ្ជាការឯកភាពស្រុកក្រុង ត្រូវពង្រឹងដល់សមត្ថកិច្ចមូលដ្ឋាន ត្រូវចុះពិនិត្យណែនាំនៅទីប្រជុំជន (ផ្សារ) អំពីសន្តិសុខសណ្តាប់ធ្នាប់ និងការសាងសង់ទីតាំងដាក់ដាក់លក់លើចំណីផ្លូវសាធារណៈ និងពង្រឹងបន្តផ្សព្វផ្សាយដល់មូលដ្ឋាន អំពីច្បាប់ចរាចរណ៍ផ្លូវគោក បញ្ហាគ្រឿងញៀន និងភូមិឃុំមានសុវត្ថិភាព ពិសេសេដល់អាណាព្យាបាលតែម្តង ក្នុងការណែនាំកូនចៅឱ្យចូលរួមគោរព និងជៀសវាងឱ្យបានដាច់ខាត។
ក្នុងនោះដែរ លោអភិបាលខេត្តក្រចេះ ក៏បានបញ្ជាក់ថា បច្ចុប្បន្នជំងឺកូវីដ-១៩ បាននឹងកំពុងរីករាលដាលក្នុងប្រទេសថៃ ដែលជាប្រទេសជាប់ព្រំដែនជាមួយកម្ពុជា ហើយថ្មីៗនេះ មានការរកឃើញនូវជំងឺកូវីដ-១៩ លើពលករមកពីប្រទេសថៃ ដែលជាកត្តាមួយធ្វើឱ្យយើងមានការព្រួយបារម្ភ និងយកចិត្តទុកដាក់ខ្ពស់បំផុត ដើម្បីការពារ និងគ្រប់គ្រងឱ្យបានជាដាច់ខាត អំពីពលករចំណាកស្រុកពីប្រទេសថៃ និងធ្វើចត្តាឡីស័កឱ្យបានហ្មតចត់បំផុត ជៀសវាងការចម្លងជំងឺនេះ ក្នុងសហគមន៍៕