Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

រដ្ឋមន្រ្តីក្រសួងធនធានទឹក បង្កើតទីតាំងសម្រាប់ការ ជួសជុលម៉ាស៊ីនបូមទឹក ទ្រង់ទ្រាយធំចំនួន២ទីតាំង

19-02-2016 12:55

(ភ្នំពេញ)៖ បន្ទាប់ពីបានប្រើប្រាស់ ស្ទើរពេញមួយឆ្នាំកន្លងមក មកដល់ពេលនេះ ម៉ាស៊ីនបូមទឹកចល័តខ្នាតមធ្យម របស់ក្រសួង ធនធានទឹក និងឧតុនិយមមួយចំនួន បាន និងកំពុងជួបប្រទះនឹងបញ្ហាបច្ចេកទេស។ ដោយពិនិត្យឃើញស្ថានភាពនេះ លោក លឹម គានហោ រដ្ឋមន្ត្រីក្រសួងធនធានទឹក និងឧតុនិយម បានបញ្ជាឱ្យក្រុមបច្ចេកទេសរបស់ក្រសួង រៀបចំទីតាំងជួសជុលទ្រង់ទ្រាយធំ ចំនួន២ទីតាំង។

ទីតាំងទី១ ស្ថិតនៅរាជធានីភ្នំពេញ ដើម្បីប្រមូលម៉ាស៊ីនបូមទឹកពីរាជធានីភ្នំពេញ និងបណ្តាខេត្តផ្សេងៗ ដូចជា ខេត្តកំពង់ឆ្នាំង កណ្តាល តាកែវ កំពង់ស្ពឺ កំពត កែប ព្រះសីហនុ និងខេត្តកោះកុង យកមកធ្វើការជួសជុលថែទាំ និងត្រួតពិនិត្យលក្ខណៈបច្ចេកទេសឡើងវិញ។ ឯទីតាំងទី ២ គឺត្រូវបានបង្កើតឡើងនៅខេត្តកំពង់ធំ និងកំពុងធ្វើការជួសជុលថែទាំ ត្រួតពិនិត្យលក្ខណៈបច្ចេកទេសរបស់ម៉ាស៊ីនបូមទឹក របស់មន្ទីរធនធានទឹក និងឧតុនិយមខេត្តកំពង់ធំផ្ទាល់ ព្រមទាំងម៉ាស៊ីនបូមទឹកដែលដឹកមកពីបណ្តាខេត្តផ្សេងៗ ដូចជា ខេត្តកំពង់ចាម សៀមរាប ត្បូងឃ្មុំ ព្រះវិហារ និងខេត្តបន្ទាយមានជ័យ។

លោក ឈា ប៊ុនរិទ្ធ ប្រធាននាយកដ្ឋានធារាសាស្ត្រកសិកម្ម នៃក្រសួងធនធានទឹក និងឧតុនិយម បានប្រាប់ឱ្យដឹងថា មកដល់ពេលនេះ ក្រុមការងារទាំង២ទីតាំង បានធ្វើការជួសជុលទ្រង់ទ្រាយធំបានចំនួន ៥១គ្រឿង និងបានធ្វើការពិនិត្យថែទាំ បានមួយចំនួនទៀត។

លោកបន្តថា បន្ទាប់ពីបញ្ចប់ការងារជួសជុល ថែទាំ និងត្រួតពិនិត្យលក្ខណៈបច្ចេកទេស នៅរាជធានីខេត្តខាងលើក្រុមការងារនឹងចល័ត ទីតាំងទៅកាន់ខេត្តផ្សេង ដើម្បីបំពេញភារកិច្ចនេះបន្តទៀត ។

លោកប្រធាននាយកដ្ឋានបានបន្តថា ជាសរុបក្រសួងធនធានទឹក និងឧតុនិយម មានម៉ាស៊ីនបូមទឹកចល័តខ្នាតមធ្យមនេះជាង៤០០ គ្រឿងក្នុងនោះមានប្រមាណ ៣០ភាគរយ ទាមទារនូវការជួសជុល ថែទាំ និងត្រួតពិនិត្យលក្ខណៈបច្ចេកទេសឡើងវិញ ដើម្បីត្រៀមលក្ខណៈសម្រាប់អន្តរាគមន៍នាពេលខាងមុខ៕