(ប៉ៃលិន)៖ អភិបាលខេត្តប៉ៃលិន លោកស្រី បាន ស្រីមុំ បានចេញមកច្រានចោលព័ត៌មានថា ខេត្តមួយនេះត្រូវបានបិទដោយសារតែមានករណីឆ្លងរីករាលដាលជំងឺកូវីដ១៩ ក្នុងសហគមន៍ច្រើនពេក រហូតដល់ទប់ស្កាត់លែងបាន។
តាមរយៈបណ្តាញសង្គម Facebook នៅថ្ងៃទី៦ ខែមករា ឆ្នាំ២០២១ លោកស្រី បាន ស្រីមុំ បានលើកឡើងថា គិតមកដល់ពេលនេះ ក្នុងខេត្តប៉ៃលិន មានករណីឆ្លងជំងឺកូវីដ១៩ ជាង១០នាក់ប៉ុណ្ណោះ ហើយពួកគេកំពុងត្រូវ បានយកទៅព្យាបាលនៅកន្លែងមានសុវត្ថិភាពផងដែរ។ លោកស្រីបញ្ជាក់ទៀតថា ករណីឆ្លងទាំងនេះទៀតសោត សុទ្ធតែជាការនាំចូល ពោលមិនមែនជាករណីឆ្លងក្នុងសហគមន៍ឡើយ។
លោកស្រី បាន ស្រីមុំ បានបញ្ជាក់យ៉ាងដូច្នេះ៖ «នាងខ្ញុំសូមជម្រាបថា នេះជាករណីនាំចូល ហើយមានការទប់ស្កាត់បានយ៉ាងល្អ ដឹកនាំដោយនាងខ្ញុំ រួមទាំងកងកំលាំងប្រដាប់អាវុធទាំង ៣ប្រភេទ របស់ក្រុមការងារយើងតាមបន្ទាត់ ព្រំដែនទាំងអស់។ ដូច្នេះសូមជនអគិតិមួយចំនួនតូចឈប់បានឈប់ទៅ កុំព្យាយាមផ្សព្វផ្សាយព័ត៌មានមិនពិត ដូចជាព្រឹកនេះមានបងប្អូនជាច្រើនបាន តេមកសួរខ្ញុំថា គាត់បានដំណឹងថា ខេត្តប៉ៃលិនបានបិទខេត្ត ដោយមានការរាលដាលមេរោគកូវីដ១៩ ឆ្លងច្រើន ក្នុងសហគមន៍នៃខេត្ត»៕