Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

ប្រធានគណបក្សយុវជនថា នឹងបន្តឆន្ទៈជួបសកម្មជន CNRP ១៥នាក់ នៅពន្ធនាគារព្រៃស ទោះបីពួកគេបដិសេធ

19-02-2016 12:47

(ភ្នំពេញ)៖ លោក ពេជ្រ ស្រស់ ប្រធានគណបក្សយុវជនកម្ពុជា បានអះអាងថា លោកនឹងបន្តឆន្ទៈ ក្នុងការចូលជួបសកម្មជនរបស់ គណបក្សសង្រ្គោះជាតិ ១៥នាក់ដែលកំពុងជាប់នៅ ពន្ធនាគារព្រៃស ទោះបីជាពួកគេបដិសេធមិនចេញមកជួបលោកក៏ដោយ ។

នៅលើបណ្តាញសង្គម Facebook លោក ពេជ្រ ស្រស់ បានលើកឡើងថា «ទោះបីជាបដិសេធយ៉ាងណាក៏ដោយបើសិនជា ក្រសួងមហាផ្ទៃអនុញាតអោយចូលជួប យើងនឹងបន្តឆន្ទៈចូលជួបអស់លោកដ៍ដែល អារឿងទៅដល់កន្លែងគុកព្រៃស ហើយអស់លោកមិនមកជួបវាជាសិទ្ឋិរបស់អស់លោក ប៉ុន្តែក្រុមការងារគណបក្សយុវជនកម្ពុជាគ្មានបំណង កេងចំណេញអ្វីទាំងអស់ ពីអស់លោក ទេ ព្រោះថាអស់លោកជាទណ្ឌិតហើយ ហើយក្រុម យើងមិនធ្វើនយោបាយទាមទាប្រជាប្រិយភាពពីក្រុម ទណ្ឌិតទេ ប៉ុន្តែយើងធ្វើនយោបាយដើម្បីបំរើជាតិ និងប្រជាពលរដ្ឋ»។

កាលពីម្សិលមិញ នៅលើទំព័រ Facebook លោក មាជ សុវណ្ណារ៉ា បានផ្សព្វផ្សាយថា សកម្មជនគណបក្សសង្រ្គោះជាតិ១៥នាក់ ដែលជាប់ឃុំនៅពន្ធនាគារព្រៃស បានបដិសេធ មិនទទួលយកការចុះសួរសុខទុក្ខពី មេបក្សយុវជនកម្ពុជា លោក ពេជ្រ ស្រស់ នោះទេ។ មូលហេតុដែលពួកគេបដិសេធមិនជួប លោក ពេជ្រ ស្រស់ ដោយសារតែការបារម្ភពីមេបក្សថ្មី ដែលធ្លាប់តែរិះគន់បក្សសង្គ្រោះជាតិនោះ យកទៅពន្យល់និងបកស្រាយខុសពីគំនិត និងទស្សនៈនយោបាយរបស់ពួកគាត់ នៅមជ្ឈដ្ឋានសាធារណៈខាងក្រៅ។

ទោះជាយ៉ាងនេះក្តី អ្នកនាំពាក្យគណបក្សសង្រ្គោះជាតិ លោក យ៉ែម បុញ្ញឫទ្ធិ និងមន្រ្តីគណបក្សសង្រ្គោះជាតិមួយចំនួនបានអះអាងថា ពួកគេពុំដឹងអំពីរឿងនេះនោះទេ។
សូមបញ្ជាក់ថា កាលពីម្សិលមិញ លោក ពេជ្រ ស្រស់ ប្រធានគណបក្សយុវជនកម្ពុជា បានដាក់លិខិតទៅក្រសួងមហាផ្ទៃ ដើម្បីសុំចូលជួបទណ្ឌិត១៥នាក់ ដែលជាសមាជិករបស់គណបក្សសង្រ្គោះជាតិ នៅក្នុងពន្ធនាគារព្រៃស៕