(បន្ទាយមានជ័យ)៖ ស្រូវបង្កើនរដូវរបស់ប្រជាកសិករ ដែលត្រូវស្តារឡើងវិញក្រោយជំនន់ទឹកភ្លៀង ជាង៨,០០០ហិកតា នៅស្រុកមង្គលបូរី ខេត្តបន្ទាយមានជ័យ កំពុងលូតលាស់ល្អវិញក្រោយពីជំនន់ទឹកភ្លៀង បានជន់លិច បំផ្លាញកាលពី ខែតុលា ឆ្នាំ ២០២០កន្លងមកនេះ កំពុងមានដើមលូតលាស់ល្អនៅគ្រប់ទីកន្លែង។
ជាមួយគ្នានេះដែរ លោក យឹម ប៊ុនរ៉ុម ប្រធានមន្ទីរធនធានទឹក និងឧត្តុនិយមខេត្តបន្ទាយមាជ័យ នៅថ្ងៃទី០៦ ខែមករា ឆ្នាំ២០២១នេះ បានដឹកនាំក្រុមជំនាញចុះទៅពិនិត្យមើលសកម្មភាពស្តារការដាំដុះដំណាំស្រូវឡើងវិញ ក្រោយជំនន់ទឹកភ្លៀងស្រកវិញមកដល់ថ្ងៃនេះ ស្រូវប្រជាកសិករកំពុងធ្វើនោះមានការលូតលាស់ល្អ គឺជាពូជស្រូវរបស់សម្តេចតេជោ ហ៊ុន សែន ប្រមុខរាជរដ្ឋាភិបាល ដែលបានផ្តល់ជូនប្រជាកសិករ ក្នុងខេត្តបន្ទាយមានជ័យ បាននឹងកំពុងដុះចេញពីភក់ និងមានដើមដងលូតលាស់ល្អរាប់ពាន់ហិកតា ដែលបានផ្តល់នូវក្តីសង្ឃឹមដល់ប្រជាកសិករ ក្នុងការប្រមូលផលស្រូវនេះនាពេលខាងមុខ។
លោកបានបន្តទៀតថា ថ្ងៃនេះលោកជាមួយលោកប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្ត អនុប្រធានមន្ទីរធនធានទឹក និងឧតុនិយមខេត្ត បានចុះទៅដល់វាលស្រែ និងបានពិនិត្យមើលស្ថានភាពស្រូវ និងស្ថានភាពទឹក ដើម្បីមានវិធានការឆ្លើយតបដោះស្រាយ ក្នុងករណីមានបញ្ហាប្រឈមខ្វះខាតទឹកស្រោចស្រពនាពេលខាងនោះ។
លោកបានបញ្ជាក់ថា តាមការណែនាំរបស់លោក លឹម គានហោ បានអំពាវនាវឱ្យកសិករដែលធ្វើស្រែប្រាំងគឺក្នុងមួយរដូវធ្វើស្រែប្រាំងបានតែមួយដងបានហើយ សូមមេត្តាចូលរួមទាំងអស់គ្នាឱ្យរក្សាទឹកទុក និងការប្រើប្រាស់ទឹកដោយសន្សំសំចៃ ដើម្បីជៀសវាងបញ្ហាប្រឈមការខ្វះខាត ទឹកនៅពេលខាងមុខនោះផងដែរ៕