(ស្វាយរៀង)៖ លោក ចាន់ កុលបុត្រ រដ្ឋលេខាធិការក្រសួងទំនាក់ទំនងជាមួយរដ្ឋសភា ព្រឹទ្ធសភានិងការកិច្ច និងជាប្រធានក្រុមការងារចុះជួយឃុំពងទឹក ស្រុករំដួល ខេត្តស្វាយរៀង ថ្ងៃទី០៧ ខែមករា ឆ្នាំ២០២១ ជាទិវាជ័យជម្នះ រយៈពេល៤២ឆ្នាំពីរបបប្រល័យពូជសាសន៍ ប៉ុល ពត ក្រោមការដឹកនាំសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា និងឥស្សរជនផ្សេងៗទៀត ជ័យជម្នះ ៧មករា ១៩៧៩ នាំមកនូវសុខសន្តិភាព ស្ថិរភាពនយោបាយ និងការអភិវឌ្ឍលើគ្រប់វិស័យ។
ការលើកឡើងបែបនេះ របស់លោក ចាន់ កុលបុត្រ បានធ្វើឡើងនៅថ្ងៃទី០៧ ខែមករា ឆ្នាំ២០២០នេះ នៅក្នុងឱកាសជួបសំណេះសំណាលជាមួយសមាជិក សមាជិកាបក្ស ដើម្បីអបអរសាទរ ទិវារំឮកខួបអនុស្សាវរីយ៍លើកទី៤២ (ថ្ងៃទី៧ មករា ១៩៧៩-៧ មករា ២០២១) នៅសាលប្រជុំគណបក្សឃុំពងទឹក ដែលមានការចូលរួមពីលោករស់ ផារិទ្ធអភិបាលរងខេត្តស្វាយរៀង និងជាអនុប្រធានក្រុមការងារចុះជួយឃុំពងទឹកផងដែរ។
ជាមួយគ្នានេះដែរ លោកបានថ្លែងថាសមាជិកសមាជិកាបក្សទាំងអស់គ្នា ពិតជាមានភ័ព្វសំណាងណាស់បានរស់នៅក្រោមម្លប់សុខសន្តិភាព និងការអភិវឌ្ឍ ដែលផ្តើមចេញពីមូលដ្ឋានថ្ងៃជ័យជម្នះ ៧ មករា ១៩៧៩ និងនយោបាយឈ្នះឈ្នះ របស់រាជរដ្ឋាភិបាលកម្ពុជា ក្រោមការដឹកនាំប្រកបដោយគតិបណ្ឌិតរបស់សម្តេចតេជោ ហ៊ុន សែន។
លោក ចាន់ កុលបុត្រ ក៏បានពាំនាំនូវការផ្តាំផ្ញើសាកសួរសុខទុក្ខពីសំណាក់សម្តេចតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជាជូនដល់សមាជិក សមាជិកាគណបក្សនៅឃុំពងទឹក ដែលជានិច្ចកាលសម្ដេចតែងតែគិតគូរពីសុខទុក្ខ និងជីវភាពរស់នៅរបស់សមាជិកបក្សគ្រប់ទីកន្លែង។
លោកបានបញ្ជាក់ថា ថ្ងៃជ័យជម្នះថ្ងៃ៧ ខែមករា ឆ្នាំ១៩៧៩ ជាថ្ងៃជ័យជម្នះលើរបបប្រល័យពូជសាសន៍ ខ្មែរក្រហម និងជា ថ្ងៃកំណើតទី២ របស់ប្រជាជនកម្ពុជាគ្រប់ៗរូប។ អរគុណ និងដឹងគុណជានិច្ចសម្តេចតេជោ ហ៊ុន នាយករដ្ឋមន្រ្តី និងជាប្រធានគណបក្សប្រជាជនកម្ពុជា និងយុទ្ធជនស្នេហាជាតិ បានបំពេញពលីកម្ម សព្វបែបយ៉ាង ដើម្បីរំដោះប្រជាជនពីរបបកាប់សម្លាប់ ពង្រឹងឯកភាពជាតិ កសាងសុខសន្តិភាព និងការអភិវឌ្ឍជាតិមាតុភូមិបានរីកចម្រើនដូចសព្វថ្ងៃនេះ។
លោក ចាន់ កុលបុត្រ បានគូសបញ្ជាក់ថា ក្នុងនាមប្រធានក្រុមការងារចុះជួយឃុំទឹក និងសមាជិកសមាជិកា បស់គណបក្សទាំងអស់ សូមប្តេជ្ញាចងចាំ និងដឹងគុណជានិច្ចចំពោះគុណូបក្ការៈដ៏ថ្លៃថ្លាបំផុត នៃមហាជ័យជម្នះ ៧ មករា ១៩៧៩ ដែលបានជួយសង្រ្គោះអាយុជីវិត និងសង្គមជាតិយើងឱ្យរស់ឡើងវិញ បានរួចផុតពីរបបប្រល័យពូជសាសន៍ ប៉ុល ពត «បើគ្មានថ្ងៃជ័យជម្នះ ៧ មករា ក៏យើងគ្មានអ្វីៗ ដូចសព្វថ្ងៃនេះដែរ» ហេតុដូច្នេះ ហើយបានជាប្រជាជនកម្ពុជាគ្រប់រូបចាត់ទុកថា «ថ្ងៃជ័យជម្នះ ៧ មករា ជាថ្ងៃកំណើតទី២ របស់ខ្លួន»។
ឆ្លៀតឱក្នុងកាសនោះលោក រស់ ផារិទ្ធ បានអំពាវនាវដល់សមាជិក សមាជិកាគណបក្សទាំងអស់ត្រូវពង្រឹងការសាមគ្គីភាព ឯកភាពផ្ទៃក្នុងឱ្យបានល្អជាពិសេសត្រូវបង្កើនការយកចិត្តទុកដាក់ជាមួយប្រជាពលរដ្ឋដោះស្រាយសេវាសាធារណៈបានល្អប្រសើរទាំងសេវាសំណូមពរ និងសេវាតម្រូវការ។ មួយវិញទៀតត្រូវចូលរួមបង្ការទប់ស្កាត់ការឆ្លងរីករាលដាលនៃជំងឺកូវីដ-១៩ ដោយផ្ដើមចេញពីការធ្វើអនាម័យជាប្រចាំលាងដៃជាមួយសាប៊ូ អាល់កុល ឬជែល និងរក្សាគម្លាតគ្នាជាដើម គឺធ្វើយ៉ាងណាមិនឱ្យជំងឺនេះឆ្លងចូលសហគមន៍ជាដាច់ខាត៕