(បាត់ដំបង)៖ ឆ្លៀតក្នុងឱកាសអបអរសាទរខួបអនុស្សាវរីយ៍លើកទី៤២ ទិវាជ័យជម្នះ ៧ មករា លោក ស៊ឹម ស៊ីថា ប្រតិភូរាជរដ្ឋាភិបាល ទទួលបន្ទុកអគ្គនាយករដ្ឋាករទឹកស្វ័យត រាជធានីភ្នំពេញ បានផ្តល់អគារសិក្សា១ខ្នង មាន៣បន្ទប់ ដំបូងប្រក់ក្បឿង ជូនសិស្សានុសិស្សនៅសាលាបឋមសិក្សាបោះពោធិ៍ ស្រុកសង្កែ ខេត្តបាត់ដំបង ក្នុងឱកាសថ្ងៃ ៧ មករា គឺជាខួប៤២ឆ្នាំ នៃការរំដោះ និងជាថ្ងៃកំណើតទី២ នៃការរស់ឡើងវិញ របស់ប្រជាជនកម្ពុជា ដែលបានរួចផុតពីរបបកម្ពុជាប្រជាធិបតេយ្យខ្មែរក្រហម។
សាលារៀន១ខ្នងនេះ ត្រូវបានរៀបចំធ្វើពិធីក្រុងពាលីនៅព្រឹកថ្ងៃទី៧ ខែមករា ឆ្នាំ២០២១ នៅសាលាបឋមសិក្សាបោះពោធិ៍ ក្រោមអធិបតីភាពលោក ងួន រតនៈ អភិបាលខេត្តបាត់ដំបង ដោយមានការចូលរួមពីសំណាក់ទីប្រឹក្សាសម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ អភិបាលរងខេត្ត ប្រធាន អនុប្រធានមន្ទីរ លោកគ្រូ អ្នកគ្រូ និងសិស្សានុសិស្សជាច្រើនរូបទៀត។
លោក ងួន រតនៈ ក្នុងនាមប្រជាពលរដ្ឋ លោកគ្រូ អ្នកគ្រូ និងគណៈគ្រប់គ្រងសាលា សូមគោរពថ្លែងអំណរគុណដល់យ៉ាងជ្រាលជ្រៅចំពោះ លោក ស៊ឹម ស៊ីថា ប្រតិភូរាជរដ្ឋាភិបាល ទទួលបន្ទុកអគ្គនាយករដ្ឋាករទឹកស្វ័យត រាជធានីភ្នំពេញ ដែលបានផ្តល់អំណោយដ៏ថ្លៃថ្លានេះ ជូនដល់ប្រជាពលរដ្ឋ ក៏ដូចជាអាណាព្យាបាល លោកគ្រូ អ្នកគ្រូ ជាសិស្សានុសិស្ស នៅភូមិបោះពោធិ៍នេះផងដែរ។
ក្នុងពិធីនោះ លោក ងួន រតនៈ បានចែកអំណោយជូនដល់លោកគ្រូ អ្នកគ្រូ សិស្សានុសិស្ស ប្រជាការពាររួមមាន៖ ថ្នាំពេទ្យ ក្រមា ក្រណាត់សំពត់ សៀវភៅ ប៊ិច ពិល បន្ទះសូឡា ដែលជាអំណោយដ៏ថ្លៃថ្លារបស់សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃផងដែរ៕