(ភ្នំពេញ)៖ មន្ត្រីពន្ធដារចំនួន៥៣២រូប ដែលមានឋានៈចាប់ពីអគ្គនាយក អគ្គនាយករង ប្រធាន-អនុប្រធាននាយកដ្ឋាន ប្រធាន-អនុសាខា ប្រធាន-អនុប្រធានការិយាល័យថ្នាក់កណ្តាល ប្រធាន-អនុប្រធានការិយាល័យ នៃសាខាពន្ធដារខេត្ត-ខណ្ឌ នៅរសៀលថ្ងៃទី១៨ ខែកុម្ភៈ ឆ្នាំ២០១៦ បានចូលធ្វើសច្ចាប្រណិធាន នៅសាលាឧទ្ទរណ៍ ដើម្បីទទួលបាននីតិសម្បទា ជាមន្ត្រីនគរបាលយុត្តិធម៌ និងភ្នាក់ងារនគរបាលយុត្តិធម៌។
ការចូលសច្ចាប្រណិធានរបស់មន្ត្រីពន្ធដារនេះ ដឹកនាំដោយលោក គង់ វិបុល ប្រតិភូរាជរដ្ឋាភិបាល ទទួលបន្ទុកជាអគ្គនាយក អគ្គនាយកដ្ឋានពន្ធដារ នៃក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ។ លោក គង់ វិបុល បញ្ជាក់ឲ្យដឹងថា មន្ត្រីពន្ធដារដែលទទួលបាននីតិសម្បទាជាមន្ត្រីនគរបាលយុត្តិធម៌នេះ គឺជាការផ្តល់លទ្ធភាពដល់មន្ត្រីពន្ធដារទាំងអស់អនុវត្តកសាងសំណុំរឿង ចំពោះបទល្មើសពន្ធដារបញ្ជូនទៅតុលាការ និងបញ្ហាពាក់ព័ន្ធផ្សេងៗថែមទៀត៕