(កំពង់ធំ)៖ អគារថ្មីសន្លាងមួយខ្នង កម្ពស់២ជាន់ តម្លៃជាង២៥ម៉ឺនដុល្លារ ដែលជាអគារថ្មីរបស់មណ្ឌលសុខភាពតាំងក្រសាំង ត្រូវបានដាក់ឲ្យប្រើប្រាស់ជាផ្លូវការ ដែលជាអំណោយរបស់លោក ជា ចាន់តូ និងលោកស្រី ខៀវ ស៊ីណា ជាចាន់តូ ព្រមទាំងសប្បុរសជនជាច្រើនរូបទៀត។
អាគារថ្មីមួយខ្នងផ្ដល់ជូនដល់ មណ្ឌលសុខភាពតាំងក្រសាំង ស្ថិតក្នុងស្រុកសន្ទុក ខេត្តកំពង់ធំ ជាចំណងដៃរបស់សម្ដេចតេជោ ហ៊ុន សែន និងសម្ដេចគតិព្រឹទ្ធិបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ដែលជាចំណងដៃក្នុងឆ្នាំថ្មី ឆ្នាំ២០២១ និងដើម្បីអបអរសាទរខួបអនុស្សាវរីយ៍លើកទី៤២ នៃថ្ងៃជ័យជំនះ៧មករា។
អាគារថ្មីនេះត្រូវបានប្រារព្ធពិធីបញ្ចុះបឋសិលា បើកឲ្យដំណើរការកសាងជាផ្លូវការ នៅថ្ងៃទី៧ ខែមករា ឆ្នាំ២០២១ ក្រោមការចូលរួមពីលោក ជា ចាន់តូ សមាជិកអចិន្ត្រៃយ៍គណៈកម្មាធិការកណ្ដាល គណបក្សប្រជាជនកម្ពុជា និងប្រធានក្រុមការងារថ្នាក់ជាតិចុះជួយស្រុកសន្ទុក។
អគារថ្មីកម្ពស់២ជាន់បណ្ដោយ៤៥ម៉ែត្រ ទទឹង១៦ម៉ែត្រមាន២៨បន្ទប់ សាងសង់ពីថ្មមានតម្លៃជាង២៥ម៉ឺនដុល្លាអាមេរិក។
លោក ជា ចាន់តូ បានឲ្យដឹងថា «សុខភាពប្រជាពលរដ្ឋជាបញ្ហាសំខាន់ ដែលត្រូវយកចិត្តទុកដាក់ ពិសេសនៅក្នុងអំឡុងពេលនៃ ការរងផលប៉ះពាល់ពីជំងឺកូវីដ១៩ ដើម្បីលើកកម្ពស់សុខភាពប្រជាជន។ ការកសាងអគារថ្មី សម្រាប់មណ្ឌលសុខភាព តាំងក្រសាំងពេលនេះ មានតម្លៃធំធេងណាស់ ក្នុងការលើកស្ទួយសុខភាពប្រជាពលរដ្ឋ អគារថ្មីនេះបានបង្ហាញឲ្យឃើញពី ការយកចិត្តទុកដាក់ចំពោះតម្រូវការចាំបាច់ ក្នុងការថែរក្សាការពារ និងការលើកសុខាមាលភាព ជូនប្រជាពលរដ្ឋក្នុងតំបន់នេះ»។
លោកបានបន្ដថា ម្យ៉ាងទៀតដើម្បីឲ្យមណ្ឌលសុខភាពមួយនេះ មានលទ្ធភាពក្នុងការទទួលពិនិត្យ និងការសម្រាកព្យាបាល របស់អ្នកជំងឺផងដែរ។
ក្នុងឱកាសនោះលោក ជា ចាន់តូ បានសំនូមពរដល់ក្រុមគ្រូពេទ្យ ឲ្យបង្កើនការយកចិត្តទុកដាក់ និងត្រូវមានការទទួលខុសត្រូវខ្ពស់ ក្នុងការពិនិត្យព្យាបាលជំងឺជូនប្រជាពលរដ្ឋ។ ជាមួយនេះក៏ត្រូវបន្តអប់រំប្រជាពលរដ្ឋ ពីវិធីការពារការឆ្លងរាលដាលជំងឺកូវីដ១៩ជាប្រចាំ តាមការណែនាំរបស់ក្រសួងសុខាភិបាល។
លោក ជា ចាន់តូ បញ្ជាក់ថា សមិទ្ធផលថ្ងៃនេះកសាងឡើង ស្របពេលប្រជាជនកម្ពុជា ទូទាំងប្រទេសប្រារព្ធ ពិធីអបអរសាទរខួបអនុស្សាវរីយ៍លើកទី៤២ នៃថ្ងៃជ័យជំនះ៧មករា ថ្ងៃដែលប្រទេសកម្ពុជាត្រូវបានសង្គ្រោះ និងរំដោះចេញផុតពីរបបកម្ពុជា ប្រជាធិបតេយ្យផងដែរ។
លោក ជា ចាន់តូ បានចាត់ទុកសមិទ្ធផលថ្មីៗ ដែលកកើតឡើងលើទឹកដី ស្រុកសន្ទុកពេលនេះថា បានមកពីកម្លាំងសាមគ្គី ពិសេសកត្តាសុខសន្តិភាព កើតចេញពីនយោបាយ ឈ្នះឈ្នះ របស់សម្ដេចតេជោ ហ៊ុន សែន។
ដូចច្នេះរាល់សមិទ្ធិផលដែលបានខិតខំ ក្រោមកម្លាំងរួបរួមសាមគ្គីគ្នា កសាងជាង៤២ឆ្នាំកន្លងមក ពិតជាមានអត្ថន័យធំធេងណាស់ ក្នុងការអភិវឌ្ឍប្រទេសជាតិ និងការរស់នៅសុខក្សេមក្សាន របស់ប្រជាជនកម្ពុជា។ ដូចនេះយើងត្រូវបន្តថែរក្សាការពារសមិទ្ធផលទាំងអស់ ពិសេសសុខសន្តិភាព ឲ្យបានគង់វង្ស៕