(ព្រះវិហារ)៖ លោក ប្រាក់ សុវណ្ណ អភិបាលខេត្តព្រះវិហារ បានលើកឡើងថា ទិវាជ័យជម្នះ ៧មករា ១៩៧៩ គឺជាថ្ងៃកំណើតទី២ របស់ប្រជាជនខ្មែរ ដូច្នេះសូមមន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធ និងប្រជាពលរដ្ឋទាំងអស់ ចូលរួមថែរក្សាការពារ សុខសន្តិភាពឱ្យបាន ទោះក្នុងតម្លៃណាក៏ដោយ។
លោករំលឹកថា បើប្រឡេកមើលរយៈពេល៤២ឆ្នាំមុន ប្រទេសកម្ពុជា និងប្រជាពលរដ្ឋខ្មែរ បានឆ្លងកាត់ជួប បានប្រទះហើយ គឺមហាសែនលំបាកវេទនាខ្លោចផ្សារណាស់ ពីកាប់សម្លាប់យ៉ាងព្រៃផ្សៃពីសំណាក់ក្រុមរបបវាលពិឃាត ប៉ុល ពត។
ថ្លែងក្នុងពិធីចែកអំណោយកាកបាទក្រហមកម្ពុជា ជូនប្រជាពលរដ្ឋចំនួន ៣០គ្រួសារ ដែលមានជីវភាពខ្វះខាតរួមមាន ស្ត្រីមេម៉ាយ ក្មេងកំព្រា ជនពិការ ចាស់ជរាគ្មានទីពឹង នៅឃុំស្រអែម ស្រុកជាំក្សាន្ត នៅព្រឹកថ្ងៃទី៧ ខែមករា ឆ្នាំ២០២១នេះ លោកអភិបាលខេត្តព្រះវិហារថា៖ «៤២ឆ្នាំមុន ថ្ងៃនេះជាថ្ងៃកំណើតទី២ របស់យើងទាំងអស់គ្នា» ដែលបានរួចផុតពីសម័យខ្មៅងងឹត ៣ឆ្នាំ ៨ខែ ២០ថ្ងៃ ដែលបងប្អូនជាច្រើន បាត់បង់ឪពុកម្តាយ បងប្អូន កូនចៅ និងញាតិសណ្តានគួរឱ្យសង្វេក និងអាឡោះអាល័យបំផុត។
លោក ប្រាក់ សុវណ្ណ បានបន្តថា បងប្អូនជនរួមជាតិ ជាស្ត្រីមេម៉ាយ ជាចាស់ជរាគ្មានទីពឹង ជាកូនកំព្រា ជាជនពិការរាប់មុឺនសែននាក់ ដ៏គួរឱ្យអាណិតអាសូរ ដែលយើងមិនអាចទុកបងប្អូនចោលនោះទេ គឺត្រូវតែមើលថែទំនុបបម្រុង ទោះបីតិចក្តីច្រើនក្តី គឺមិនឱ្យបងប្អូនស្លាប់ដោយសារអត់បាយនោះឡើយ ស្របតាមការណែនាំដ៏ខ្ពង់ខ្ពស់របស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា ដែលជានិច្ចជាកាលសម្តេចទាំងទ្វេរតែងគិតគូរ យកចិត្តទុកដាក់ពីសុខទុក្ខ និងការរស់នៅរបស់ប្រជាពលរដ្ឋគ្រប់ទិសទី។
ជាមួយគ្នានេះលោក ប្រាក់ សុវណ្ណ បានជម្រាបជូនប្រជាពលរដ្ឋទៀតថា រាជរដ្ឋាភិបាលកម្ពុជា ដែលដឹកនាំដោយសម្តេចតេជោ ហ៊ុន សែន ជាប្រមុខដឹកនាំ មិនត្រឹមតែអាចការពារកម្ពុជា ឱ្យឆ្លងផុតពីការរីករាលដាលនៃជំងឺកូវីដ-១៩ ប៉ុណ្ណោះទេ ប៉ុន្តែអាចគ្រប់គ្រងសេដ្ឋកិច្ចដោយមានប្រសិទ្ធិភាពទៀតផង ដោយកម្ពុជានៅតែមានលទ្ធភាពបើកប្រាក់បៀវត្សជូនមន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធ និងផ្តល់ជំនួយសង្គមតាមគ្រប់រូបភាពដូចជាការឧបត្ថម្ភចាស់ជរា កម្មករ កម្មការនី ឧបត្ថម្ភសាច់ប្រាក់ជូនគ្រួសារក្រីក្រ និងរងគ្រោះក្នុងកំឡុងពេលជំងឺកូវីដ-១៩ នេះផងដែរ។
អភិបាលខេត្តព្រះវិហារ ក៏បានជម្រាបជូនប្រជាពលរដ្ឋ សម្រាប់កាដូឆ្នាំថ្មី២០២១នេះ គឺដំណក់ប្រេងដំបូងបំផុតដែលកម្ពុជាទទួលបាន សម្រាប់ជាប្រភពទុនវិនិយោគក្នុងស្រុក ឆ្ពោះទៅរកការអភិវឌ្ឍ និងភាពរុងរឿងតកូនតចៅ ដែលទាំងអស់នេះកើតចេញពីនយោបាយឈ្នះឈ្នះ របស់សម្តេចតេជោ ហ៊ុន សែន ដែលបានស្វែងរកដោយលំបាកនូវសុខសន្តិភាពមួយនេះជូនជាតិមាតុភូមិ។ កត្តាទាំងអស់គ្នានេះ ត្រូវចូលរួមថែរក្សាការពារសុខ សន្តិភាពឱ្យបានទោះក្នុងតម្លៃណាក៏ដោយ ដើម្បីឱ្យប្រទេសកម្ពុជា កាន់តែមានការអភិវឌ្ឍរីកចម្រើនតទៅទៀត។
ក្រោយចប់ពិធីសំណេះសំណាលរួច លោក ប្រាក់ សុវណ្ណ ក៏បន្តដឹកនាំក្រុមការងារខេត្តស្រុក និងសមត្ថកិច្ចពាក់ព័ន្ធ អញ្ជើញទៅធ្វើពិធីបួងសួងនៅមុខរួបសំណាកលោកតាឌី នៅលើកំពុលភ្នំប្រាសាទព្រះវិហារ ដើម្បីបួងសួងសុំសេចក្តីសុខសេចក្តីចម្រើនដល់ថ្នាក់ដឹកនាំ ប្រទេសនិងបងប្អូនប្រជាពលរដ្ឋខ្មែរ និងបានឧទ្ទិសកុសលជូនដួងវិញ្ញាណក្ខ័ន្ធ យុទ្ធជន យុទ្ធនារីក្លាហាន ដែលបានលះបង់សាច់ស្រស់ ឈាមស្រស់ ក្នុងបុព្វហេតុរំដោះប្រទេសជាតិឱ្យរួចផុតពីរបបខ្មៅងងឹត ៣ឆ្នាំ ៨ខែ និង២០ថ្ងៃ៕